កំពង់ធំៈ ប្រជាពលរដ្ឋរស់នៅក្នុងឃុំ ព្រះដំរីស្រុកស្ទោង និងឃុំដីរីស្លាប់ ស្រុកកំពង់ស្វាយ យំសោកបោកខ្លួន កើតទុក្ខមិនសុខចិត្ត ដោយសារតែមានឈ្មួញបាននាំគ្រឿងចក្រ មកឈូសឆាយដីរបស់គាត់ ដែលកំពុងតែ អាស្រ័យផលជារៀងរាល់ឆ្នាំ ដែលមានចំនួន ២៤ 
គ្រួសារ ស្មើរនឹងផ្ទៃដី ៤៧ហិចតា នៅចំនុចកាត់ត្រង ស្ថិតនៅព្រំប្រទល់ស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០១៥។
យោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋរងគ្រោះដែលត្រូវគេរំលោភយកដីបានអះអាងថាប្រជាពលរដ្ឋ ចំនួន២០ គ្រួសារដែលមកធ្វើស្រែជារៀងរាល់ឆ្នាំ ស្ថិតនៅក្នុងឃុំដំរីស្លាប់ អស់រយះពេលជាង២០ឆ្នាំមកហើយក្នុង នោះមានដីរបស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំដំរីស្លាប់ចំនួន ៤គ្រួសារផងដែរ ពួកគាត់និយាយទាំងយំសោកថា កន្លងមក ធ្លាប់បានស្នើរសុំឲ្យមេឃុំដំរីស្លាប់ ធ្វើលិខិតកាន់កាប់ដីស្របច្បាប់ដែរ តែត្រូវបានមេឃុំបដិសេធមិនព្រមធ្វើលិខិតស្នាមឲ្យ
រហូតមកពេលនេះ ទើបមានឈ្មួញបានដៃមកឈូសឆាយដីរបស់ពួកគាត់ ដែលធ្វើស្រែជារៀងរាល់ឆ្នាំ ដោយពួកគាត់មិនបានលក់ដូរ ឲ្យបុគ្គលណាឡើយ ទើបបានពួកគាត់កើតទុក្ខមិនសុខចិត្ត ដោយសារតែ ដីដែលអាស្រ័យផលរាល់ឆ្នាំនេះ ជាឆ្នាំបាយចិញ្ចឹមកូនចៅមកច្រើនជំនាន់ហើយ ។ប្រជាពលរដ្ឋបាននិយាយថា លោកសៀន ឆេងកូ ជាឈ្មួញដី បាននិយាយពាក្យសំដីអសរោះមកលើប្រជាពលរដ្ឋថា បើចងទៅប្តឹងក៏ទៅៗប្តឹងដល់ណាក៏សូមអញ្ចើញ អ្នកណាមានលុយអ្នកនោះឈ្នះ ពាក្យសំដីរបស់ឈ្មួញមា្នក់នេះ ប្រៀបបានទៅនឹងយកកាំបិតមកចាក់សម្លាប់ពួកគាត់ ដែលជាប្រជាកសិករ ក្រីក្ររកព្រឹកខ្វះល្ងាច មានលុយឯណា ទៅតទល់ជាមួយនឹងអ្នកមានលុយនោះ ទើបពួកគាត់សម្រេចធ្វើលិខិតឡើងមក ជួបឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ដែលជាទីពឹងចុងក្រោយ និងជាអ្នកកំណត់វាសនារបស់ពួកគាត់ ឲ្យជួយទាមទារដីរបស់ ពួកគាត់មកវិញ និងសុំឲ្យឯកឧត្តម អភិបាលខេត្តជួយធ្វើលិខិតកាន់កាប់ដីឲ្យបានស្របច្បាប់ ដើម្បីចៀសវាងមានបញ្ហារទៅថ្ងៃក្រោយ។

លោក អ៊ឹម ថន អភិបាលស្រុកកំពង់ស្វាយ បានក្តៅក្រហាយ និងមេឃុំដំរីស្លាប់ ដែលបានអនុញ្ញាតិឲ្យឈ្មួញមានការឈូសឆាយដីរបស់ប្រជាពលរដ្ឋ ដោយគ្មានច្បាប់ឈូសឆាយ ហើយពុំព្រមរាយការណ៍ជូនគាត់ ដូច្នេះលោក អភិបាលស្រុកកំពង់ស្វាយ ឲ្យជនរងគ្រោះទាំង២៤គ្រួសារមកដាក់ពាក្យប្តឹងឈ្មួញជាបន្ទាន់ ។ចំណែកលោក សៀន ឆេងកូ បានឲ្យដឹងថា ដីនេះលោកបានទិញមកពីឈ្មោះ សុខ ឡុង រស់នៅក្រុងភ្នំពេញ តាំងពីឆ្នាំ ២០០៧មកម្លេះ ហើយក៏ពុំបានធ្វើអ្វី ទើបប្រជាពលរដ្ឋ សុំធ្វើស្រែគាត់ឲ្យធ្វើ តែដល់ឲ្យឈប់ធ្វើ បែរជាមិនព្រមឈប់ តែពាក្យសំដីនេះត្រូវប្រជាពលរដ្នរិះគន់ថាជាពាក្យដោះសារយករួចខ្លួន៕
ប៊ុនរិទ្ធី




































