ខេត្ដបន្ទាយមានជ័យ
រថយន្ដកាមរី១គ្រឿងស៊េរីឆ្នាំ១៩៩៣ពណ៌ឈាមជ្រូកប្រើហ្គាសបានបើកបែកកង់មុខក្រឡាប់ធ្លាក់ចូលស្នាមភ្លោះបណ្ដាលឱ្យរថយន្ដឆ្លងចរន្ដផ្ទុះធុងហ្គាស ឆេះអស់ទាំងស្រុងក្រោយពីអ្នកបើករថយន្ដខំប្រឹងបើកទ្វាររត់ចេញមកក្រៅទាន់ពេលកាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១៣ខែមីនាឆ្នា២០១៥ នៅលើផ្លូវជាតិលេខ៥៩ ត្រង់ចំណុចផ្លូវកោង ស្ថិត នៅភូមិ ភ្នំរូង ឃុំបឹងបេងស្រុកម៉ាឡៃ ខេត្ដបន្ទាយ មានជ័យ ។សមិត្តកិច្ចបានឲ្យដឹងថាអ្នកបើករថយន្ដមានឈ្មោះ ធឿន ហៅ កញ្ចុះ អាយុជាង៤០ឆ្នាំ រស់នៅក្នុភូមិ ត្រសេកជ្រំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថារថយន្ដ ឆាបឆេះទាំងស្រុងនោះជារបស់ឈ្មោះ ហៃអាយុជាង៣០ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ដែលរថយន្ដនោះត្រូវបាន ឈ្មោះ ធឿន ហៅកញ្ចុះ ខ្ចីបើកយកមកចូលរួមពិធីមង្គលការគេនៅភូមិឃុំកើតហេតុខាងលើ ។បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឃើញហេតុការណ៍ប្រាប់ឱ្យដឹងទៀតថាមុនពេលកើតហេតុគេឃើញរថយន្ដកាមរីបើកបរក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿនហើយរថយន្ដនោះរេចង្កូតពេញផ្លូវដែលគេសង្ស័យថាអ្នកបើកបរស្រវឹងស្រា។លុះរថយន្ដបើកមកដល់ ចំណុចកើតហេតុស្រាប់តែរថយន្ដបើកប្រជែងម៉ូតូ១គ្រឿងធ្វើដំណើរទិសដៅស្របគ្នា។ រំពេចនោះគេឃើញរថយន្ដបួងចង្កូតខ្លាំងពេកបែកកង់មុខផ្នែកខាងស្ដាំហើយរេចង្កូតជ្រុលទៅបុកបង្គោលស្លាកសញ្ញាផ្លូវបាក់១ដើមហើយរថយន្ដបន្ដទៅបុកដើមឈើ២ដើមបាក់រាបដល់ដីទើបធ្វើឱ្យរថយន្ដនោះក្រឡាប់ ផ្ងារកង់ ។ បន្ទាប់មកគេឃើញអ្នកបើករថយន្ដព្យាយាមបើកទ្វាររត់ចេញពីក្នុង រថយន្ដចម្ងាយប្រហែលជាង១ម៉ែត្រ ស្រាប់តែរថយន្ដឆ្លងចរន្ដបណ្ដាលឱ្យផ្ទុះធុងហ្គាសឆេះរថយន្ដយ៉ាងសន្ធោសន្ធៅបង្កឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅ ក្បែរកន្លែងកើតហេតុ។ ក្រោយពីកើតភ្លាមនោះដែរអ្នកបើករថយន្ដហៅម៉ូតូ ឌុបជិះរត់គេចខ្លួនបាត់ ។បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលមានលំនៅឋាននៅទីនោះបាន បញ្ជាក់ឱ្យដឹងទៀតថា នៅចំណុចគ្រោះ ថ្នាក់ខាងលើកន្លងមកមានអ្នកបើកបរ រថយន្ដ ម៉ូតូ តែងតែជួបគ្រោះ ថ្នាក់ជា ញឹកញាប់ ៕គង្គា


































