មនុស្ស៤២នាក់ត្រូវបានស្លាប់ និងយ៉ាងហោចណាស់ ២០នាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់កាលពីថ្ងៃពុធ បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរបុកគ្នាជាមួយរថយន្តដឹកទំនិញ ។
សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់ប្រធានាធិបតីបាននិយាយថា រថយន្តក្រុងដឹក
អ្នកដំណើរបានធ្វើដំណើរពីទីក្រុងភាគខាងលិចនៃ Mbeya ទៅកាន់រដ្ឋធានីសេដ្ឋកិច្ច និងទីក្រុងឆ្នេរសមុទ្រ Dar es Salaam ពេលដែលវាបុកគ្នាជាមួយរថយន្តកុងតឺន័រមួយធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា។
មេបញ្ជាការប៉ូលិសប្រចាំតំបន់ Ramadhani Mungi បាននិយាយថា “រថយន្តកុងតឺន័របានក្រឡាប់ពីលើរថយន្ដក្រុង …នៅពេលដែលរថយន្តកុងតឺន័របានយោលទេរ ខណៈពេលដែលព្យាយាមចៀសពីជង្ហុកនៅតាមបណ្តោយផ្លូវនេះ”។
ថ្លែងទៅកាន់ទូរទស្សន៍រដ្ឋ កាលពីថ្ងៃពុធ លោកបាននិយាយថា អ្នករងរបួសចំនួនពីរនាក់បានស្លាប់ខណៈពេលដែលទទួលការព្យាបាលនៅមន្ទីរពេទ្យ, នាំមកនូវចំនួនអ្នកស្លាប់សរុបដល់ទៅ៤២នាក់។ Mungi បានចង្អុលបង្ហាញថាការបើកបរមិនប្រយ័ត្នប្រយែង ជាមូលហេតុនៃគ្រោះថ្នាក់នេះ។
ក្រុមមន្ត្រីបានបញ្ជាក់ឲ្យដឹងថា យ៉ាងហោចណាស់ អ្នកដំណើរ៤០នាក់នៅលើរថយន្ដក្រុងដែលគ្រប់គ្រងដោយ Majinjaa បានស្លាប់ ហើយ ភាគច្រើននៃអ្នកស្លាប់គឺដោយសារកុងតឺន័រដួលរលំពីលើ ហើយជាង២០នាក់ផ្សេងទៀតនៅក្នុងស្ថានភាពធ្ងន់។
ស្នងការតំបន់ Iringa លោក Amina Masenza បានឱ្យដឹងថា សពត្រូវបានដឹកបញ្ជូនរួចរាល់ហើយទៅកន្លែងតម្កល់សពក្នុងមន្ទីរពេទ្យស្រុក និងអ្នករងរបួសធ្ងន់ដឹកទៅកាន់មន្ទីរពេទ្យក្នុងតំបន់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅជិត Changarawe ភាគកណ្តាលនៃប្រទេសមានចំងាយប្រហែល ៥៥០គីឡូម៉ែត្រ (៣៥០ ម៉ៃល៍) ភាគខាងលិចនៃ Dar es Salaam ។
លោកប្រធានាធិបតីប្រទេសអាហ្វ្រិកខាងកើត Jakaya Kikwete បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះផ្តល់នូវមូលហេតុសម្រាប់ការកាន់ទុក្ខដ៏ធំ។ ប្រទេសទាំងមូលត្រូវបានរង្គោះរង្គើ»។
គ្រោះថ្នាក់ចរាចរណ៍ធ្ងន់គឺមានជាទូទៅនៅក្នុងតំបន់នេះ ដោយសារតែរថយន្តផ្ទុកលើសទម្ងន់ និងបើកបរហួសល្បឿនកម្រិតនិងផ្លូវមានភាពលំបាក។
គ្រោះថ្នាក់នេះគឺរឿងដ៏អាក្រក់បំផុតត្រូវបានរាយការណ៍នៅក្នុងប្រទេសតង់ហ្សានី ចាប់តាំងពីឆ្នាំ២០០៦ នៅពេលដែលមនុស្ស៥៤នាក់បានស្លាប់ នៅពេលរថយន្តក្រុងមួយបានធ្លាក់ចេញពីស្ពាន ហើយធ្លាក់ចូលទៅក្នុងទន្លេនៅភាគខាងជើងនៃទីក្រុង Arusha៕