បាត់ដំបង៖ មុខសញ្ញាដើរគោះលុយគេនៅក្នុងតំបន់ស្រុកសំឡូត ដែលមាននាទីជាអនុប្រធាន
ស្នាក់ការសាខាប្រចាំខេត្តបាត់ដំបង របស់អង្គការ ការពារនិងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជាត្រូវបានកំលាំងរដ្ឋបាលព្រៃឈើស្រុកសំឡូត សហការជាមួយកំលាំងបរិស្ថាន ឃាត់ជាប់កាលពីថ្ងៃទី 13-3-15 វេលាម៉ោង 3,5នាទីល្ងាច ត្រង់ចំនុចផ្លូវបំបែកទៅភូមិព្រៃធំ ស្ថិតក្នុងភូមិអូរតាតៀក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង បន្ទាប់ពីបុគ្គលរូបនេះ បានជំរិតទារប្រាក់ និងប្លន់ឈើរបស់ប្រជាពលរដ្ឋនៅភូមិពាមតា ឃុំតាតោករួចមក ។
លោក ឆាយ ណារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកសំឡូតបានប្រាប់កម្ពុជាថ្មីថា
នៅមុនពេលកើតហេតុ លោកបានទទួលពាក្យបណ្តឹងមួយរបស់ឈ្មោះ យ៉ុង ផុន ភេទប្រុស អាយុ47ឆ្នាំរស់នៅភូមិពាមតា ឃុំតាតោក ដែលបានចោទប្រកាន់ទៅលើឈ្មោះ ស្រស់ វីរ: ជាមន្ត្រីអង្គការការពារនិងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា និងបក្ខពួកម្នាក់ទៀតឈ្មោះ នេត សំអុល ហៅកូយ ជាមន្ត្រីយោធាយោធភូមិភាគ5 ប្រចាំទិសអក្សរតេ ដែលបានទៅជំរិតទារប្រាក់ពីខ្លួនចំនួន90មុឺនរៀលជាថ្នូទៅនឹងការមិនប៉ះពាល់រាល់ការរកសុីឈើដែលបំរើអោយសិប្បកម្មរបស់ខ្លួនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវទៅហើយនោះ មិនត្រឹមតែប៉ុណ្ណោះ មុនពេលដែលពួកគេចេញរថយន្តគេបានលើកយកឈើពកបេងរបស់ខ្លួនមួយដុំ ដែលមានទំងន់68Kg ដាក់លើរថយន្តបើកចេញទៅបាត់។
ក្រោយពៅទទួលបានពាក្យបណ្តឹងនេះភ្លាមលោក ឆាយ ណារ៉េត បានដឹកនាំកំលាំង ព្រមទាំង
មានការសហការជាមួយកំលាំងបរិស្ថាន ចុះទៅឃាត់រថយន្តនោះនៅត្រង់ចំនុចខាងលើ ប៉ុន្តែ
គ្រាន់តែឃើញសមត្ថកិច្ចជំនាញភ្លាម ពួកគេទាំងពីរនាក់បានបើកទ្វាររថយន្ត ហើយរត់គេចខ្លួនតែម្តងដោយបន្សល់នូវរថយន្តម៉ាកកូរ៉ូឡាមួយគ្រឿង ព៌ណគ្រាប់អំពិល ពាក់ស្លាកលេខភ្នំពេញ2H 9421។ លោកនាយសង្កាត់បានបន្តថា ក្រោយពេលធ្វើការត្រួតពិនិត្យ សមត្ថកិច្ចជំនាញបានដកហូតរថយន្តមួយគ្រឿង ឈើពកបេងមួយដុំ ទូរស័ព្ទដៃមួយគ្រឿង ខ្នោះដៃមួយគូ ឯកសណ្ឋានរបស់អង្គការនិងលុយចំនួន16ម៉ឺនរៀល ព្រមទាំងប័ណ្ណសំគាល់ខ្លួនមួយដែលមានចុះហត្ថលេខាដោយបេក្ខបណ្ឌិតឈាវ អានសាលីដេត ហើយប័ណ្ណនេះគឺផុតសុពលភាពត្រឹមថ្ងៃទី30ខែមិថុនាឆ្នាំ2014។
បើតាមប្រភពមួយដែលរស់នៅភូមិព្រៃធំ បានទំលាយអោយដឹងថា ជននេះគឺជាមុខសញ្ញា
ដើរប្រមូលទិញឈើក្រញូងនៅក្នុងតំបន់នោះដោយមានដង្ខៅម្នាក់ជាមនុស្សស្រីនៅពីក្រោយខ្នងជាអ្នកផ្តល់លុយអោយទិញ ហើយក៏ជាមុខសញ្ញាដើរគោះលុយតាមដេប៉ូ និងសិប្បកម្មនានាផងដែរ ទោះបីជាទីតាំងទាំងនោះមានច្បាប់ទំលាប់ត្រឹមត្រូវក៏ដោយ ។
លោកឆាយ ណារ៉េត បានបញ្ជាក់ប្រាប់ពីជំហររបស់ជំនាញថា បញ្ហានេះទោះបីជាមុខសញ្ញា រត់រួចក៏ដោយ ក៏លោកបាននិងកំពុងរៀបចំឯកសារ ដើម្បីបញ្ជូនទៅខ័ណ្ឌរដ្ឋបាលព្រៃឈើ និងចាត់ការបន្ត តាមនិតិវិធីទៅតុលាការ៕