សៀមរាប ថ្ងៃទី១៤ខែមីនាឆ្នាំ២០១៥នាចុងសប្តាហ៍នេះលោកឃឹមប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានអនុញ្ញាតឲ្យប្រតិភូនៃមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាដឹកនាំដោយលោកឧបាសិកាធម្មបណ្ឌិតញឹកប៊ុនថាប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជារួមមានការនិមន្តចូលរួមពីព្រះសង្ឃនិងពុទ្ធសាសនិកនៃជនជាតិថៃនិងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារស្តីពីការរៀបចំពិធីបុណ្យរាប់បាត្រមហាសាមគ្គីកម្ពុជាថៃប្រគេនព្រះសង្ឃចំនួន៣ពាន់អង្គនៅមុខប្រាសាទអង្គរខេត្តសៀមរាបដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអស់លោកលោកស្រីជាគណៈអភិបាលខេត្តនាយករដ្ឋបាលសាលាខេត្តថ្នាក់ដឹកនាំមន្ទីរនិងអាជ្ញាធរក្រុង នៅរដ្ឋបាលសាលាខេត្តសៀមរាប ។
ក្នុងដែលឧបាសិកាធម្មបណ្ឌិតញឹកប៊ុនថាបានជម្រាបថាមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាសហេះការជាមួយសហព័ន្ធយុវពុទ្ធសាសនិកពិភពលោកនឹងគ្រោងរៀបចំធ្វើពិធីបុណ្យរាប់បាត្រមហាសាមគ្គីកម្ពុជាថៃប្រគេនព្រះសង្ឃចំនួន៣ពាន់អង្គនៅមុខប្រាសាទអង្គរវត្តនាថ្ងៃទី១០ឧសភាឆ្នាំ២០១៥។លោកឧបាសិកាធម្មបណ្ឌិតក៏បានឲ្យដឹងទៀតថាការចូលជួបពិភាក្សាជាមួយឯកឧត្តមអភិបាលខេត្តនាពេលនេះក្នុងគោលបំណងបានទទួលនូវអនុសាសន៍ល្អៗ
មួយចំនួននៃកិច្ចសហការក្នុងការរៀបចំពិធីនេះឲ្យបានប្រព្រឹត្តទៅដោយរលូននិងមានសុវត្ថិភាព។ម្យ៉ាងទៀតពិធីបុណ្យនេះក៏ពុំមានការចូលរួមផ្សព្វផ្សាយពីគណបក្សនយោបាយណាមួយឡើងគឺធ្វើទៅតាមផ្លូវព្រះពុទ្ធសាសនាព្រះសម្មាសាម្ពុទ្ធព្រះបរមគ្រូនៃយើងក្នុងការរឹតចំណងសាមគ្គីភាពនៃការទំនាក់ទំនងផ្នែកវប្បធម៌ប្រពៃណីនិងព្រះពុទ្ធសាសនារវាងព្រះរាជាណាចក្រកម្ពុជានិងថៃ។ក្នុងពិធីបុណ្យនេះដែរក៏មានការអញ្ជើញចូលរួមពីបងប្អូនពុទ្ធបរិស័ទទាំងបព្វជិកទាំងគ្រហស្ថមកពីមជ្ឈដ្ឋាននានានិងគណៈប្រតិភូសង្ឃនិមន្តមកពីប្រទេសថៃចូលរួមផងដែរ។
តាមការបញ្ជាក់របស់លោកវ៉ាន់ឌីគុលប្រធានផ្នែកឧបត្ថម្ភកម្មវិធីនេះក៏បានឲ្យដឹងថាពិធីបុណ្យរាប់បាត្រមហាសាមគ្គីនេះត្រូវបានរៀបចំធ្វើនៅតាមបណ្តាប្រទេសជាច្រើនដែលកាន់ពុទ្ធសាសនាព្រះពុទ្ធនៅក្នុងតំបន់អាស៊ាន។ក្នុងនោះដែលលោកក៏បានធ្វើការបង្ហាញអំពីការរៀបចំពិធីទៅតាមបែបព្រះពុទ្ធសាសនាដោយមានការរៀបចំធ្វើប្រទីបសន្តិភាពដើម្បីអុជថ្វាយសុំខមាទោលទៅដោយភាសារបាលីក្នុងការសុំនូវសុខសន្តិភាពនៅលើពិភពលោកយើងនេះ។
មានប្រសាសន៍នោះលោកឃឹមប៊ុនសុងក៏បានគូសបញ្ជាក់ថាក្នុងពេលកន្លងមកកម្ពុជាយើងតែងតែប្រារព្ធធ្វើពិធីរាប់បាត្រទៅតាមវប្បធម៌ប្រពៃណីនិងព្រះពុទ្ធសាសនាទៅតាមរូបភាពធំឬតូចតែប៉ុណ្ណោះ។ឯកឧត្តមក៏បានផ្តល់អនុសាសន៍មួយចំនួនដល់ឧបាសិកាធម្មបណ្ឌិតនិងប្រតិភូក្នុងការរៀបចំពិធីបុណ្យរាប់បាត្រមហាសាមគ្គីកម្ពុជាថៃនៅតំបន់អង្គរក្រុមប្រតិភូត្រូវធ្វើកិច្ចសហការទំនាក់ទំនងជាមួយអាជ្ញាធរអប្សរាស្នងការនគរបាលការពារបេតិកភណ្ឌក្នុងការកំណត់កន្លែងទីតាំងរៀបចំពិធីទាំងអនាម័យបរិស្ថាននិងរថយន្តសង្គ្រោះ។
ម្យ៉ាងទៀតអាជ្ញាធរខេត្តមានតួនាទីក្នុងកិច្ចធានានូវសុវត្ថិភាពសន្តិសុខនិងការសម្រួលចរាចរណ៍តែប៉ុណ្ណោះ។លោកឃឹមប៊ុនសុងក៏បានលើកឡើងថាចំពោះបញ្ហាគណៈប្រតិភូបរទេសដែលបានចូលរួមត្រូវធ្វើការកំណត់ឲ្យបានច្បាស់លាស់ក្នុងការងាយស្រួលលើការទំនាក់ទំនងជាមួយអាជ្ញាធរអប្សរាដោយទីតាំងប្រារព្ធគឺនៅមុខប្រាង្គប្រាសាទដែលងាយនឹងធ្វើឲ្យប៉ះពាល់អារម្មណ៍ភ្ញៀវដែលចង់ចូលទស្សនាប្រាសាទ។ម្យ៉ាងទៀតក៏សុំឲ្យការរៀបចំកម្មវិធីនេះធ្វើទៅតាមបែបព្រះពុទ្ធសាសនានិងសូមរក្សាឲ្យបានទៅតាមការឯកភាពគ្នានៅក្នុងតំបន់អង្គរ។
ឯកឧត្តមបានបន្តទៀតថាដើម្បីឲ្យការងារនេះប្រព្រឹត្តទៅបានជោគជ័យនោះចាំបាច់ត្រូវបង្កើតនូវគណៈកម្មការមួយក្នុងការរៀបចំព្រឹត្តិការណ៍នេះព្រមទាំងធានាបានក្នុងការគ្រប់គ្រងផងដែរ។ឯកឧត្តមក៏បានធ្វើការគាំទ្រនៃកិច្ចដំណើរការរៀបចំពិធីបុណ្យរាប់បាត្រមហាសាមគ្គីកម្ពុជាថៃនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាបនិងសូមឲ្យកិច្ចការនេះបានប្រព្រឹត្តទៅតាមការឯកភាពគ្នាតាមបែបព្រះពុទ្ធសាសនាក្នុងការរឹតចំណងមិត្តភាពសាមគ្គីភាពនៃការទំនាក់ទំនាងផ្នែកវប្បធម៌ប្រពៃណីនិងព្រះពុទ្ធសាសនារវាងប្រទេសទាំងពីរផងដែរ៕ដោយគឿនវ៉េត



































