ខេត្តបន្ទាយមានជ័យអាជ្ញាធរដែនដីមន្ត្រីជំនាញនិងកងកម្លាំងពាក់ព័ន្ធរបស់កម្ពុជានៅព្រំដែននៃខេត្តបន្ទាយមានជ័យបានអំពាវនាវដល់មន្ត្រីអាជ្ញាធរដែនដីកងកម្លាំងនិងជំនាញពាក់ព័ន្ធរបស់ថៃនៅព្រំដែននៃខេត្តស្រះកែវ និងរាជរដ្ឋាភិបាលថៃ អោយឯកភាពដើម្បីភាគីកម្ពុជា កសាងស្ពានបេតុងថ្មីមួយ ជំនួសស្ពានឈើចាស់ទ្រុឌទ្រោម នៅចំណុចចំត្រង់ច្រករបៀងអូរបីជាន់ភូមិអូបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកប្រាក់ សារ៉ាក់ អនុប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ អោយដឹងនៅថ្ងៃទី១៥ មីនា ២០១៥ ថា មន្ត្រី កងកម្លាំងនិងពលរដ្ឋនៅមូលដ្ឋានក្នុងខេត្ត ពិសេសនៅព្រំដែន ទទូចស្នើសុំអោយភាគីថៃគ្រប់ថ្នាក់ដើម្បីយើងបានកសាងស្ពានបេតុងថ្មី
ជំនួសស្ពានឈើចាស់ទ្រុឌទ្រោមរបស់កម្ពុជា នៅចំត្រង់ចំណុចច្រករបៀងព្រំដែនអូរបីជាន់ខាងលើ។ លោកបញ្ជាក់ថា ស្ពាននោះ សង់ត្រង់អូរខ័ណ្ឌចែកព្រំដែនប្រទេសទាំងពីរដើម្បីបម្រើដល់ការដឹកជញ្ជូន និងធ្វើដំណើរបានល្អប្រសើរហើយបានប្រយោជន៍ច្រើនឡើងដល់ភាគីទាំងពីរកន្លងមកកងកម្លាំងនគរបាលនិងយោធាថៃ នៅព្រំដែនបានជំទាស់នឹងភាគីកម្ពុជា
គឺគេមិនអោយសង់ស្ពានបេតុងថ្មី ជំនួសស្ពានឈើចាស់របស់កម្ពុជាត្រង់ច្រកព្រំដែនអូរបីជាន់នោះទេ។ ដូចដែលថៃជំទាស់កាលពីឆ្នាំ២០១២-១៣ មិនអោយក្រុមហ៊ុនសំណង់ស្ពានថ្នល់ចិន (CBRC) ស្ថាបនាស្ពានតភ្ជាប់ផ្លូវខេត្តលេខ២៥៨D ប្រវែងជិត ២០ គីឡូមែត្រ ពីនិមត្តទៅច្រកអូរបីជាន់ជាដើម។ ដល់ថ្ងៃទី១១មីនា២០១៥ តម្រួតកងរយលេខ១២៦ និងកម្លាំងពាក់ព័ន្ធនៃភាគីថៃបានជំទាស់ នឹងភាគីកម្ពុជា មិនអោយស្ថាបនាស្ពាននោះទៀត ដោយលើកហេតុផលថា ថ្នាក់លើខ្លួនមិនទាន់យល់ព្រម។ នៅល្ងាចថ្ងៃនោះផងដែរកម្ពុជាបានអោយគ្រឿងចក្រចូកអេស្កាវ៉ាទ័រ១គ្រឿង របស់ក្រុមហ៊ុនសំណង់សៀងហៃរបស់ចិន (SCG) ដែលត្រូវចូកកាយប្រុងធ្វើផ្លូវវាងសម្រាប់សង់ស្ពាននោះដកថយវិញ។
ទាក់ទិននឹងទីតាំងត្រូវស្នើសង់ស្ពាននោះ មន្ត្រីបច្ចេកទេស និងភូមិសាស្ត្រ អះអាងថា ទី១ត្រង់ស្ពានឈើ ទៅរនាំងរបងឈើព្រំដែនថៃប្រវែង៦៦ម៉ែត្រ។ ទី២-ពីស្ពានឈើទៅប៉ុស្តិ៍យាមតូចប៉ូលិសព្រំដែនថៃ លេខ១២៦ ប្រវែង ៣៧ ម៉ែត្រ។ ទី៣-ពីស្ពានឈើទៅប៉ុស្តិ៍ប៉ុស្តិ៍ព្រំដែនមធ្យមប្រវែង ៤៥ ម៉ែត្រ។ ទី៤-ពីស្ពានឈើទៅប៉ុស្តិ៍ធំប៉ូលិសព្រំដែនថៃលេខ១២៦ លើផ្លូវខ្មៅទី១ ប្រវែង ៥០០ ម៉ែត្រ។ ក្នុងពេលភាគីថៃហាមឃាត់គ្រឿងចក្រ កាលពីថ្ងៃទី១១មីនានោះ លោក ប្រាក់ សារ៉ាក់ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លោកប្រាក់ សុភ័ន នាយរងសេនាធិការយោធភូមិភាគ៥ ប្រចាំទិសជួរមុខខេត្តបន្ទាយមាននិងមន្ត្រីពាក់ព័ន្ធបានចុះទៅពិនិត្យផងដែរ។
ករណីនេះ ភាគីកម្ពុជា នៅមូលដ្ឋាន នៅតែអំពាវនាវដល់ភាគីថៃ ដើម្បីឯកភាពក្នុងការបានសាងសង់ស្ពានព្រំដែននេះ ដើម្បីជាប្រយោជន៍ពលរដ្ឋ និងប្រទេសទាំងពីរ ពោលគឺការសាងសង់ស្ពានបេតុងថ្មី នៅព្រំដែនបែបនេះ គឺដូចដែលភាគីទាំងពីរឯកភាពសាងសង់ស្ពានម៉ាឡៃ ស្ពានផ្លូវដែកប៉ោយប៉ែត ស្ពានជាច្រើនទៀត តាមបណ្តោយព្រំដែនកម្ពុជា ថៃស្ទើរទាំងអស់សាងសង់ដោយភាគីថៃ តែមានការឯកភាពភាគីកម្ពុជាផងដែរ៕



































