យ៉ាងហោចណាស់ក៏មនុស្ស៤នាក់បានរងរបួសនិងម្នាក់ទៀតបានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែមិនាឆ្នាំ២០១៥ នៅមុខអាគាពាណិជ្ជកម្មអ៊ែតវូត ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។
ប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូហុងដាឌ្រីម ស៊េរី2013ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ចាម 1F-3693ជិះគ្នា២នាក់ ជាអ្នករត់ម៉ូតូឌុបធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ីទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនស្រាប់តែមកដល់មុខអាគារពាណិជ្ជកម្ម
អេតវ៉ូដស្រាប់តែមានម៉ូតូស្កុកពីពណ៌សលាយទឹកសមុទ្រពាក់ស្លាកលេខ ភ្នំពេញ1BC-5262ជិះគ្នាបីនាក់ចេញពីក្លឹបអាល់វ៉ាឡូននៅខាងជើងអគារពាណិជ្ជកម្មអ៊ែតវ៉ូដហើយបត់ឆ្វេងក្នុងល្បឿនយ៉ាងលឿន បានបុកគ្នាជាមួយម៉ូតូហុងដាឌ្រីមដែលកំពុងតែបើកលឿនដូចគ្នាពេញទំហឹងបណ្តាលអោយបុរសបើកបរម៉ូតូហុងដាឌ្រីមដួលបោកក្បាលខាងក្រោយស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់ ។
ជនរងគ្រោះដែលបានស្លាប់ត្រូវបានគេស្គាល់ឈ្មោះ ប៊ុត ប៊ុនឡេង ភេទប្រុស អាយុ29ឆ្នាំ មុខរបររត់ម៉ូតូឌុបស្នាក់នៅផ្ទះជួលជាមួយប្រពន្ធនៅភូមិព្រៃទាសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។ អ្នករងរបួសធ្ងន់ជាអ្នកបើកម៉ូតូស្កុកពីមានឈ្មោះ ខាសំអាត ភេទប្រុស អាយុជាង20ឆ្នាំ ជាកម្មកររោងចក្រមានស្រុកកំណើតនៅភូមិស្ទឹង ឃុំអូសារាយ ស្រុកត្រាំកក់ខេត្តតាកែវដែលងរបួសធ្ងន់ធ្ងរជាងគេបាក់ថ្គាមទាំងអស់និងបាក់ជើងខាងឆ្វេង ។
ក្រោយពេលកើតហេតុអ្នករងរបួសធ្ងន់ទាំង៤នាក់ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម ។ ចំណែកសពសមត្តកិច្ចបានប្រគលឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕


































