ខេត្តប៉ៃលិន៖ មួយថ្ងៃៗរថយន្តដឹកទំនិញរបស់ប្រទេសថៃ ដែលជាប្រភេទរថយន្តសណ្តោងរ៉ុម៉ក់ បានបើកបរក្នុងល្បឿនលឿន ធ្វើឲ្យប្រជាពលរដ្ឋមិនថាតាមផ្លួវជនបទ ឬផ្លួវទីក្រុង មានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះវាអាចបង្កគ្រោះថ្នាក់ចរាចរដោយយថាហេតុណាមួយ ។ ការ
ត្អូញត្អែររបស់ប្រជាពលរដ្ឋនេះ បានកើតឡើង បន្ទាប់ពីរថយន្តសណ្តោងរ៉ុម៉ក់របស់ប្រទេសថៃមួយគ្រឿងបើកកៀរម៉ូតូបុរសម្នាក់កាលពីព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៥ លើកំណាត់ផ្លួវជាតិលេខ៥៧ ស្ថិតក្នុងភូមិសួរស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បុរសដែលជួបឧបទ្ទេវហេតុដោយរថយន្តថៃកៀរមានឈ្មោះ ព្រីង ប្រុស អាយុ២៨ឆ្នាំ ជាអាជីវករលក់ត្រី សាច់ រងរបួសបាក់ឆ្អឹងដងកាំបិត ផ្នែកខាងធ្វេង មានទីលំនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនៈមណ្ទល ខេត្តបាត់ដំបង ធ្វើដំណើរមកទិញអ៊ីវ៉ាន់នៅខេត្តប៉ៃលិន ។

ប្រភពពត៌មានពីប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន បានរៀបរាប់ឲ្យអ្នកឆ្លើយឆ្លងពត៌មានកម្ពុជាថ្មីប្រចាំខេត្ត ដឹងថា៖ រថយន្តសណ្តោងរ៉ុម៉ករបស់ប្រទេសថៃ បានដឹកកសិផលដូចជា ពោត ដំឡូងចេញពីខេត្តប៉ៃលិន ឬចូលមកដឹកនៅក្នុងខេត្តប៉ៃលិនក្តី គឺមានការបើកនូវល្បឿនលឿន មិនថាតាមផ្លួវទីប្រជុំជន ឬផ្លួវលំតាមជនបទ មិនដែលគោរពច្បាប់ចរាចរក្នុងប្រទេសកម្ពុជានោះឡើយ ផ្ទុយទៅវិញមានរថយន្តមួយចំនួនបើកតាមផ្លួវលំជនបទ ដោយប្រកាន់ធ្វេងក៏មានដែរ ។ ប្រភពបន្តទៀតថា៖ ច្បាប់ចរាចរក្នុងប្រទេសកម្ពុជាយើងតែងតែប្រកាន់ស្តាំជានិច្ច ដោយឡែកច្បាប់ចរាចរក្នុងប្រទេសថៃវិញ គេប្រកាន់ធ្វេង ជាហេតុធ្វើឲ្យមានបញ្ហាគ្រោះថ្នាក់ចរាចរជាញឹកញាប់ រួចរថយន្តទាំងនោះតែងតែបើកគេច មិនដែលឈប់ដើម្បីដោះស្រាយគ្នាតាមផ្លួវច្បាប់ឡើយ ។ ប្រភពបន្តទៀតថា៖ ជាទូទៅរថយន្តថៃ ដែលបើកបរលើទឹកដីខេត្តប៉ៃលិន មានរាបរយគ្រឿង មិនថារថយន្តតូច ធំ ទោះបីបើកបរពេលថ្ងៃ ឬពេលយប់ មិនដែលបន្ថាយល្បឿន បើទោះបីជាផ្លួវតូចចង្អៀត ក៏ដោយ ។ ហើយមួយវិញទៀតប្រសិនរថយន្តថៃទាំងនោះ បើកបរពេលយប់ តែងតែបើកភ្លើងហ្វាមានពន្លឺខ្លាំង ជះដល់អ្នកបើកបរខាងមុនមើលផ្លួវមិនឃើញក៏មានដែរ ។

ប្រជាពលរដ្ឋបន្តទៀតថា៖ មិនថារថយន្តសណ្តោងរ៉ុម៉កឬមិនសណ្តោងក្តី ឲ្យតែរថយន្តរបស់ប្រទេសថៃ តែងតែបើកបរលឿនជានិច្ច មិនចេះគោរពនូវច្បាប់ចរាចរនោះឡើយ ពួកគាត់ក៏បានសំណូមដល់អាជ្ញាធរខេត្ត ឬអាជ្ញាធរពាក់ព័ន្ធ ពិសេសសមត្ថកិច្ចចរាចរខេត្ត មេត្តារិតបន្តឹង និងផ្សព្វផ្សាយនូវច្បាប់ចរាចរក្នុងប្រទេសកម្ពុជា ឲ្យម្ចាស់រថយន្តឬអាជីវករថៃដឹង ពីគោលការចរាចរនេះផង ព្រោះច្បាប់របស់ប្រទេសយើងទាំងវាមានលក្ខណៈខុសគ្នាខ្លាំងណាស់ ។



































