ខេត្តសៀមរាប៖ នៅតំបន់ប៉ូលទេសចរប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថា មានរថយន្តដីនិងដឹកទំនិញសំពីងសំពោងកំពុងធ្វើសកម្មភាពដឹកជញ្ជូនចូលក្រុងសៀមរាបយ៉ាងអាណាធិបតេយ្យ ធ្វើឲ្យធូលីដីហុយស្ទើរមើលផ្លូវមិនឃើញ ខណៈពេលដែលអាជ្ញាធរនិងសមត្ថកិច្ចដែលឈរជើងនៅតាមដងផ្លូវនានាមិនមានចំណាត់ការ ផ្ទុយទៅវិញយកលុយពីរថយន្តដឹកល្មើសច្បាប់ទាំងនោះជាថ្នូរនឹងការមិនបង្ក្រាប។
បើតាមសេចក្តីរាយការជាក់ស្តែងដែលបានផ្តិតយករូបភាពបានបង្ហាញឲ្យដឹងថា មានរថយន្តដឹកដីពីតាមបណ្តាស្រុកមួយចំនួននៃខេត្តសៀមរាប រាប់រយគ្រឿងសម្រុកដឹកដីយកមកលក់នៅក្នុងទីប្រជុំជននៃក្រុងសៀមរាបដោយមិនបានគ្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយគេសង្កេតឃើញមានធូលីដីធ្លាក់រប៉ាត់រប៉ាយតាមផ្លូវធ្វើឲ្យពលរដ្ឋមានការខឹងសម្ប៉ានឹងរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើភាពកំសោយរបស់អាជ្ញាធរខេត្តសៀមរាប ថាគ្មានចំណាត់ការណាមួយសមរម្យសោះឡើយ ដោយឃើញតែយកលុយដាក់ហោប៉ៅពីក្រុមឈ្មួញឬថៅកែដឹកដីទៅវិញ

ប្រភពបានបន្តថា ចំណែករថយន្តដឹកទំនិញសំពីងសំពោងរាប់រយគ្រឿងដឹកចូលក្រុងសៀមរាបជារៀងរាល់ថ្ងៃក៏មិនឃើញមានអាជ្ញាធរពាក់ព័ន្ធឬក៏សមត្ថកិច្ចណាមួយចេញមុខបង្ក្រាបឬក៏ធ្វើការនែនាំសោះឡើយ ដោយឃើញតែសមត្ថកិច្ចនៅតាមដងផ្លូវមួយចំនួនយកលុយពីក្រុមរថយន្តទាំងនោះយ៉ាងត្រជាក់ចិត្ត ជាពិសេសនរណាក៏ឃើញជាក់ស្តែងដែរថា សមត្ថកិច្ចដែលយកលុយបានច្រើនជាងគេគឺៈខាងសាធារណៈការនិងដឹកជញ្ជូនខេត្ត,មន្ត្រីប៉ូលិសចរាចរ,និងប៉ូលិសសណ្តាប់ធ្នាប់ផងដែរ។ ហើយក្រុមមន្ត្រីទាំងនោះតែងតែប្រមូលលុយយកទៅឲ្យថ្នាក់លើដើម្បីទប់តំណែងរបស់ខ្លួនឲ្យបាននៅយូរអង្វែង។
ប្រភពបានបន្ថែមទៀតថា នៅក្នុងក្រុងសៀមរាបទាំងយប់ទាំងថ្ងៃ គេសង្កេតឃើញមានសភាពធូលីដីហុយស្ទើរមើលផ្លូវមិនឃើញនៅពេលដែលរថយន្តធំៗបើកឆ្លងកាត់ម្តងៗ ហើយក្រុមពលរដ្ឋបានស្នើឲ្យអាជ្ញាធរជុំវិញខេត្តនិងសមត្ថកិច្ចពាក់ព័ន្ធគួរតែមានវិធានការឲ្យ
បានតឹងតែង ដើម្បីឲ្យសក្ក័សមទៅនឹងពាក្យថា ទីក្រុងស្អាត រមនីយដ្ឋានល្អពិតប្រាកដមែននោះ
លោកវរសេនីយទោ ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរផ្លូវគោកខេត្តសៀមរាបបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៧ខែមិនានេះថា លោកបានច្រានចោលនូវការលើកឡើងខាងលើ ដោយលោកអះអាងថា មិនបានអនុញ្ញាតិឲ្យកូនចៅរបស់លោកដែលឈរជើងនៅតាមគោលដៅទាំងអស់នៃខេត្តសៀមរាបយកលុយពីឡានដឹកដីនិងដឹកទំនិញសំពីងសំពោងនោះឡើយ ប៉ុន្តែលោកបានបញ្ជាក់ថា ប្រសិនបើឃើញមានកូនចៅមួយណាយកលុយពីឡានដឹកទំនិញទាំងនោះលោកបានស្នើឲ្យអ្នកកាសែតរាយការនិងប្រាប់ឈ្មោះមន្ត្រីទាំងនោះដើម្បីលោកមានវិធានការដកបញ្ឈរជើង។
ជុំវិញករណីខាងលើនេះដែរលោកវរសនីយឯក កែវ រក្សា ប្រធានការិយាល័យសណ្តាប់ធ្នាប់ខេត្តមិនអាចទាក់ទងសុំការពន្យល់បានទេដោយទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា។ ពាក់ព័ន្ធទៅនឹងករណីខាងលើនេះដែរ លោក គឹម ប៊ុណ្ណា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តសៀមរាបមិនអាចទាក់ទងសុំការពន្យល់ពីលោកបានទេនៅរសៀលថ្ងៃទី១៧ខែមិនានេះ ខណៈទូរស័ព្ទរបស់លោកហៅចូលជាច្រើនដងគ្មានអ្នកទទួល។
ពលរដ្ឋស្នើរឲ្យលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបមានចំណាត់ការយ៉ាងណាដើម្បីរៀបចំឲ្យទីក្រុងប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ក្លាយទៅតាមពាក្យស្លោកថា(ទីក្រុងស្អាត រមនីយដ្ឋានល្អ)នោះ។ ពលរដ្ឋស្នើរទៀតថា លោក អភិបាលខេត្តគួរមានវិធានការដុះក្អែលមន្ត្រីខិលខូចនៅជុំវិញខេត្តផង ព្រោះមន្ត្រីមួយចំនួនតូចទាំងនោះធ្វើជាឆ្អឹងទទឹងក នៃការអភិវឌ្ឍន៏នៅក្នុងខេត្តសៀមរាបទាំងមូល ជាពិសេសកុំឲ្យពួកគេធ្វើព្យុះធ្វើភ្លៀងស្រេចតែអំពើចិត្ត៕


































