ខេត្តព្រះវិហារ ទីផ្សារលក់ដូរត្រីចិញ្ចឹមខុសច្បាប់ប្រភេទត្រីឆ្តោរត្រីរ៉ស់នៅខេត្តព្រះវិហារដែលឈ្មួញនាំចូលពីខេត្តសៀមរាបយ៉ាងគំហុកនោះមិនសូវលក់ដាច់ទេនៅឆ្នាំ២០១៥នេះបើទោះបីវាមានតំលៃថោកក៍ដោយព្រោះប្រជាពលរដ្ឋភាគច្រើនមិនចូលចិត្តបរិភោគពួកវាដោយយល់ឃើញថាការបរិភោគត្រីចិញ្ចឹមវាគ្មានរស់ជាតិដូចត្រីធម្មជាតិទ្បើយ។
ជារៀងរាល់ឆ្នាំចាប់ពីខែមករាដល់ខែឧសភាយើងសង្កេតឃើញថានៅទូទាំងខេត្តព្រះវិហារមិនមានត្រីធម្មជាតិបរិភោគនោះទេគឺប្រជាពលរដ្ឋស្ទើរ៩០ភាគរយងាកទៅបរិភោគសាច់ជ្រូកសាច់គោសាច់មាន់និងសាច់សត្វព្រៃមួយចំនួនដូចជាជ្រូកព្រៃ,ឈ្លូស,ប្រើស,ទន្សាយ,ក្ដាន់ញែង,អណ្តើកជំនួសត្រីធម្មជាតិវិញ។
ស្ដ្រីម្ចាស់ស្ដង់ត្រីម្នាក់រស់នៅភូមិទ្បឥដ្ឋសង្កាត់កំពង់ប្រណាកក្រុងព្រះវិហារបានអោយដឹងថាត្រីចិញ្ចឹមប្រភេទត្រីឆ្តោរត្រីរ៉ស់គឺគាត់នាំចូលពីឃុំកំពង់ឃ្លាំងស្រុកសូត្រនិគមខេត្តសៀមរាបដោយមានច្បាប់អនុញ្ញាតត្រឹមត្រូវពីរដ្ឋបាលជលផល។គាត់និយាយថាឆ្នាំនេះត្រីចិញ្ចឹមលក់មិនសូវដាច់ទេនៅលើទីផ្សារនាំអោយខាតបង់ដើមទុនថែមទៀតផង។ស្ដ្រីដដែលនិយាយថាត្រីឆ្តោរត្រីរ៉ស់លក់ចេញបន្តមានតំលៃ៧ពាន់រៀលក្នុង១គីទ្បូក្រាមក៍នៅតែលក់មិនសូវដាច់ធៀបត្រីធម្មជាតិតំលៃ១៦០០០រៀលក្នុង១គីទ្បូក្រាមលក់អស់ៗគ្មានសល់។
ប្រជាពលរដ្ឋស៊ើបដឹងថាត្រីចិញ្ចឹមប្រភេទត្រីឆ្តោរត្រីរ៉ស់កាលណាលក់មិនដាច់គឺឈ្មួញត្រីប្រមូលយកធ្វើត្រីងៀតទាំងអស់ដើម្បីលក់ដូរបន្តទៀត។
គួរបញ្ចាក់ថាឆ្នាំមុនៗស្ទឹងសែនក្នុងខេត្តព្រះវិហារជាប្រភពផ្ដល់ត្រីមួយយ៉ាងសំខាន់ទាំងរដូវប្រាំងនិងវស្សារសំរាប់ផ្គត់ផ្គង់អាហារដល់ប្រជាពលរដ្ឋប៉ុន្ដែរយះពេល៣ឆ្នាំចុងក្រោយនេះពូជត្រីធម្មជាតិល្អកាន់តែខ្សត់ខ្សោយទៅៗដោយសារខណ្ឌរដ្ឋបាលជលផលខេត្តព្រះវិហារគ្រប់គ្រងមិនបានល្អ។
មន្ដ្រីរដ្ឋបាលជលផលមូលដ្ឋានមានចេតនាបណ្តែតបណ្តោយអោយក្រុមជនល្មើសដើរឆក់ត្រី,ដាក់សំរ៉ាស់ទ្រាប់សាច់អួនក្រទ្បាល្អិតពីក្រោមតាមអន្លង់ទឹកជ្រៅ និងដាក់មាត់ដាយប្រមូលយកអស់ពូជត្រីតូចធំគ្រប់ប្រភេទម៉ាសេរី។ចំណុចខ្សោយទាំងនេះហើយធ្វើអោយខេត្តព្រះវិហាររងផលប៉ះពាល់ធ្ងន់ធ្ងរខ្វះត្រីធម្មជាតិសំរាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ៕



































