ក្រចេះ៖ រថយន្តកូរ៉េ១,៥តោនពណ៌សឃ្លុំជិត លួចដឹកឈើអាជន្លង់ម្រេចសង្ស័យដឹកបង្កប់ឈើប្រណិតត្រូវបានមេព្រៃស្រុកស្នួល ស្ទាក់ចាប់បានត្រង់ចំនុចគីឡូ៨៨ ស្ថិតក្នុងឃុំ២ធ្នូ ស្រុកស្នួល កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ ហើយរឹបអូស យកទៅរក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើស្នួល ទាំងយប់ដើម្បីរងចាំម្ចាស់ចូលខ្លួនបង់ប្រាក់ផាកពិន័យតាមច្បាប់។
ប្រភពពីស្រុកស្នួលបានឲ្យដឹងថា រថយន្តដឹកឈើអាមួយគ្រឿងនេះ ត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់ឈ្មួញឈើម្នាក់នៅឃុំកន្ទួតស្រុកចិត្របុរី ឈ្មោះ គ្រូ បូ ដែលជាឈ្មួញជើងចាស់រកស៊ីឈើ ជាយូណាស់មកហើយនោះ បានដឹកចេញពីចំណុចឃុំកន្ទួត ឆ្ពោះទៅលក់អោយថៅកែនៅស្រុកស្នួល ហើយត្រូវបានមេព្រៃចាប់បាននៅចំណុចខាងលើ រួចក៍ប្រញាប់ប្រញាល់ នាំទៅរក្សាទុកភ្លាមៗ ដោយខ្លាចក្រុមអ្នកយកព័ត៌មានទៅផ្តិតយករូបភាពបាន ព្រោះសមត្ថកិច្ចដែលចុះទៅចាប់នៅខណះនោះឆ្លើយថាចាប់ច្រឡំឡាន។
កានាំយកទៅប្រញាប់ប្រញាល់បែបនេះ ត្រូវបានមជ្ឍមដ្ឋានមួយចំនួនសង្ស័យថា ប្រហែលជាថៅកែឈើឈ្មោះ គ្រូ បូ នោះបានបង់ប្រាក់ឲ្យអស់លោកមន្ត្រីជំនាញអស់ហើយ បានជាសមត្ថកិច្ចទាំងនោះ ចាប់រថយន្តដឹកឈើបានហើយបែជាឆ្លើយថាចាប់ច្រឡំទៅវីញ ។
ក្រុមអ្នកឃ្លាំមើលសកម្មភាពបទល្មើសព្រៃឈើនៅស្រុកស្នួលបានរាយការណ៍ថាបន្ទាប់ពីសមត្ថកិច្ចចាប់រថយន្តដឹកឈើដែលប្រើរូបភាពបន្លំរថយន្តដឹកទំនិញនោះ គ្រាន់តែយកទៅរក្សាទុក ដោយមិនបានរើដើម្បី ធ្វើការវាស់វែងរកចំនួនជាក់លាក់ដើម្បីពិន័យតាមច្បាប់ព្រៃឈើនោះឡើយ ។ បន្ទាប់ពីមានប្រភពមួយថា មានការអន្តរាគមន៍ដើម្បីដោះលែងត្រឡាប់ទៅវីញ ។
បញ្ហានេះត្រូវបានមជ្ឈដ្ឋានមួយចំនួន រិះគន់ចំៗទៅលើលោក ឡាយ ធុច នាយសង្កាត់រដ្ឋបាលព្រៃឈើស្នួល ថាការចាប់រថយន្ត ដឹកឈើមានការលម្អៀងនិងគ្មានភាពយុត្តិធម៌ឡើយ ព្រោះកាលពីសប្តាហ៍មុន មេព្រៃស្រុកស្នួលដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់លោក ក៍បានចាប់រថយន្ត ក្រុមអ្នករកស៊ីដឹកឈើជន្លង់ម្រេច តាមរថយន្តសាំងយ៉ុងមួយគ្រឿងដែរ ដោយគេបានលើកឡើងថាគ្រាន់ តែខកខានបង់ប្រាក់ជាកញ្ជាប់អោយទៅមន្ត្រីជំនាញខាងលើ តែ២ថ្ងៃសោះ លោក ប៉ាល់ កែវ នាយរងសង្កាត់ក៍បានចាំចាប់ឃាត់តម្រូវអោយបង់ពិន័យដ៍ច្រើនលើសលប់ទៅវីញ ។
គួរបញ្ជាក់ថាសកម្មភាពបទល្មើសដឹកឈើចម្រុះគ្រប់ប្រភេទនៅលើទឹកដីខេត្តក្រចេះចាប់ផ្តើមគក្រើកឡើងវីញហើយ បន្ទាប់ពីមានសភាពស្ងប់ស្ងាត់មួយរយះកាលមក ដោយក្រុមឈ្មួញបានដឹកចេញពីតំបន់ឃុំរលួសស្រែជិះ ក្នុងទឹកដីស្រុកសំបូរ និងឃុំកន្ទួត ស្រុកចិត្របុរី នាំឆ្ពោះទៅលក់នៅស្រុកស្នួល និងស្រុកមេមត់ដោយឆ្លងកាត់ផ្នែករដ្ឋបាលព្រៃឈើឆ្លូងទៅយ៉ាងរលូន ចំណែកលោក ឡាយ ធុច នាយសង្កាត់រូបនេះ បែជាចាត់ កូនកូនចៅចាំប្រមូលលុយពីក្រុមឈ្មួញទាំងនោះដោយអោយរំលង១ឡើយ ហើយបង្ក្រាបតែអ្នកណាដែលមិនបានបង់លុយតាមការកំណត់ទៅវីញ ។