មណ្ឌលគិរី៖ឈ្មួញរកស៊ីឈើដោយខុសច្បាប់កំពុងតែកើតមានឡើងយ៉ាងគគ្រឹកគគ្រេង នៅក្នុងទឹកដីខេត្ត មណ្ឌលគិរី ហាក់បីដូចជាមិនញញើតនិងសមត្ថកិច្ចទាល់តែសោះក្នុងការដឹកជញ្ជូនឈើប្រណិតៗដែលកាប់ថ្មីៗចេញពីព្រៃ។ជាក់ស្ដែងឈើប្រណីតប្រភេទធ្នង់ប្រមាណជាង៣០០កំណាត់ ត្រូវបានកម្លាំងសមត្ថកិច្ចចំ រុះស្រុកពេជ្រាដានិងជំនាញរដ្ឋបាលព្រៃឈើរុករកឃើញទីតាំងស្តុកឈើទុកខុសច្បាប់ ដែលក្រុមឈ្មួញ បានលាក់ទុកបំរុងដឹកចេញឆ្លង់ដែនចូលប្រទេសវៀតណាម កាលពីវេលា ម៉ោង៥ល្ងាច ថ្ងៃទី៣០ មីនា២០១៤ ស្ថិតក្នុងភូមិក្រុងតេះ ឃុក្រុងតេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ប្រភពបានឱ្យដឹងទៀតថា កម្លាំងសមត្ថកិច្ចចំរុះដែលប្រដាប់ដោយអាវុធ នៅយាមទីតាំងស្តុកឈើខុសច្បាប់ខាងលើរហូតដល់ម៉ោង១១យប់ ម្នាក់ៗស្ទើព្រលឹងនៅចុងសក់ ដោយសារតែក្រុមឈ្មួញរកស៊ីឈើនាំគ្នាហែរក្បួនរថយន្តប្រមាណ២០គ្រឿងដឹកកម្មករពេញៗដើម្បីមកប្លន់យកឈើប្រណីតទាំងនោះប៉ុន្តែមិនបាន សំរេចទេ ព្រោះលោកអភិបាលខេត្តព្រមទាំង
លោកស្នងការខេត្តមណ្ឌលគិរីបានចេញបញ្ជាឱ្យបង្ក្រាបទីតាំងលាក់ឈើប្រណីតខាងលើនេះឱ្យខានតែបាន ចំណែកម្លាំងសមត្ថកិច្ចចំរុះ នៅពេលនោះបង្ខំចិត្តនាំគ្នាដកឃ្លាចេញពីកន្លែងទីតាំងនោះមួយអន្លើ ដោយព្រួយបារម្ភខ្លាចមានបាតុភាពមិនប្រក្រតីពីឈ្មួញដ៏មានឥទ្ធិពលខ្លាំងនៅខេត្តនេះ។ប្រភពបានបន្តអោយដឹងថាក្បួនរថយន្តដឹកឈើប្រណីតប្រមាណ២០
គ្រឿងខាងលើតែងធ្វើសកម្មភាពជាប្រចាំក្នុងនាំឈើប្រណីតទាំងនោះចេញទៅប្រទេសវៀតតាមច្រករបៀងការពារព្រំដែន អូរតាំកន និងច្រកទ្វាទ្វេភាគី ណាំលៀ (ហៅប៉ុស្គិ៍៧)ដែលមានលោក ឌី រ៉ាម៉ូ ជាប្រធាននៅទីនោះ ។ ទាក់ទិនទៅនឹងការបង្ក្រាបទីតាំងស្តុកឈើខាងលើមន្ត្រីរដ្ឋាបាលព្រៃឈើម្នាក់បានអោយដឹងថា ឈើដែលបង្ក្រាបបានខាងលើមានចំនួន៣២៥កំណាត់ ចំនួន២កន្លែង បច្ចុប្បន្នជំនាញកំពុងធ្វើការវាសវែង ដើម្បីយកមករក្សាទុកនៅខ័ណ្ឌរដ្ឋាបាលព្រៃឈើខេត្ត៕