កំពង់ឆ្នាំង៖យុវសិស្សវិទ្យាល័យក្រុងកំពង់ឆ្នាំងម្នាក់បានរងរបួសក្បាលធ្ងន់ធ្ងរនៅក្នុងហេតុការណ៏សិស្សវិទ្យាល័យព្រះបាទសុរាម្រិត១ក្រុមជិះម៉ូតូដេញកាប់ពីក្រោយ។ករណីដេញកាប់គ្នាយ៉ាងសាហាវនេះបានកើតឡើងនៅវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៥
លើផ្លូវជាតិលេខ៥ចំណុចស្ថានីប្រេងតូតាល់ ស្ថិតក្នុងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
យុវសិស្សឈ្មោះ ពេជ ឧត្តម អាយុ១៨ឆ្នាំ រៀននៅវិទ្យាល័យក្រុងកំពង់ឆ្នាំង ដែលជិះម៉ូតូឌុបជនរងគ្រោះស្ថិតក្នុងហេតុការណ៏ខាងលើនេះបាននិយាយអោយដឹងថា៖ក្នុងពេលវេលាខាងលើមិត្តភក្រ័របស់គេមានគ្នា៦នាក់ជិះម៉ូតូ២គ្រឿងចេញពីវិទ្យាល័យទៅផ្ទះ។ខណះកំពុងជិះម៉ូតូមានយុវជន១ក្រុមផ្សេងទៀតដែលគេដឹងថាជាសិស្សវិទ្យាល័យព្រះបាទសុរាម្រិត បានជិះម៉ូតូឌុបគ្នាពី៦ទៅ៧គ្រឿងពាក់ម៉ាស់បិទមាត់ជិត ក្នុងពេលនោះមានម៉ូតូ១គ្រឿងមានគ្នា២នាក់បានជិះដេញតាមពីក្រោយយកដាវសាំម៉ូរ៉ៃដេញកាប់ម៉ូតូរបស់ខ្លួនយ៉ាងសាហាវ
បណ្តាលអោយមិត្តភក្រ័របស់គេឈ្មោះ ផន លឹមហួរ អាយុ១៨ឆ្នាំរៀនថ្នាក់ទី១១ដេ ជិះខាងក្រោយខ្នងត្រូវគេកាប់មួយដាវសាំម៉ូរ៉ៃចំក្បាលរងរបួសធ្ងន់ធ្ងរ។ក្រោយពេលកើតហេតុរូបគេក៏បានឌុបជនរងគ្រោះជាមិត្តភក្រ័មកកាន់មន្ទីរពេទ្យកំពង់ឆ្នាំង ដើម្បីអោយក្រុមគ្រូពេទ្យជួយសង្គ្រោះព្យាបាល។ចំណែកជនដៃដល់និងបក្ខពួក ក្រោយពីធ្វើសកម្មភាពកាប់មកលើជនរងគ្រោះរួចហើយ ក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖សិស្សវិទ្យាល័យសុរាម្រិតនិងសិស្សវិទ្យាល័យក្រុងកំពង់ឆ្នាំងកន្លងមកធ្លាប់មានទំនាស់គ្នាជាច្រើនលើក ដោយឡែកនៅព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២៩១៥នេះមានសិស្សវិទ្យាល័យក្រុងកំពង់ឆ្នាំង១ក្រុមបានទៅវាយសិស្សវិទ្យាល័យព្រះបាទសុរាម្រិតដល់សាលា ក្រោយមកទើបកើតឡើងនៅហេតុការណ៏ខាងលើនេះ គឺសិស្សវិទ្យាល័យសុរាម្រិត១ក្រុមបានពាក់ម៉ាស់ជិះម៉ូតូដេញកាប់សិស្សវិទ្យាល័យក្រុងកំពង់ឆ្នាំងសងសឹកវិញ។ករណីខាងលើនេះសមត្ថកិច្ចបានស្រាវជ្រាវស្គាល់អត្តសញ្ញាណក្រុមយុវជនដៃដល់បានមួយចំនួនហើយ និងត្រៀមកោះហៅពួកគេមកសាកសួរវែកមុខរកជនដៃដល់ ដើម្បីកសាងសំណុំរឿងតាមផ្លុវច្បាប់។

ទាក់ទងនិងរឿងខាងលើនេះក្រុមយុវសិស្សរងគ្រោះបានបដិសេធន៏ថា៖នៅព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៥នេះ ក្រុមរបស់ខ្លួននៅរៀនក្នុងថ្នាក់មិនបានចេញទៅវាយតប់សិស្សវិទ្យាល័យសុរាម្រិតដល់សាលានោះទេ។ការជិះម៉ូតូដេញកាប់របស់ក្រុមសិស្សវិទ្យាល័យព្រះបាទសុរាម្រិតមកលើក្រុមរបស់ខ្លួនពិតជាច្រឡំមនុស្សហើយ។ក្រុមសិស្សជាជនរងគ្រោះ សំណូមពរសមត្ថកិច្ចបើកការស៊ើបអង្កេតនិងស្វែងរកចាប់ខ្លួនយុវជនដៃដល់មកផ្តន្ទាទោសតាមផ្លូវច្បាប់អោយខានតែបាន ដើម្បីកុំអោយយុវសិស្សដ៏ទៃទៀតយកគំរូតាម៕សន្យា



































