សៀមរាបៈបុរសម្នាក់បានត្រូវជនមិនស្គាល់មុខមួយក្រុម ចាក់និងវាយដោយបង្គោលរបងថ្មស្លាប់ នៅនឹងកន្លែងលុះព្រឹកឡើងទើប អ្នកភូមិប្រទះឃើញ បង្កការភ្ញាក់ផ្អើល។
អំពើឃាតកម្មនេះមានការភ្ញាក់ ផ្អើលនៅម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៨ខែមិនាឆ្នាំ២០១៥ 
នៅចំណុចផ្លូវលំមួយខ្សែស្ថិតក្នុង ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
លោកអនុសេនីយ៏ឯកអ៊ុយ ចយ នាយការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ពិតជាមានអំពើឃាតកម្ម ទៅលើបុរសម្នាក់មែន ដោយនៅម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៨ខែមិនា អ្នកភូមិបានប្រទះឃើញហើយ ផ្តល់ព័ត៏មានមកសមត្ថកិច្ច។ តែរហូតមកទល់ពេលនេះសមត្ថកិច្ចនៅមិនទាន់ រកអត្តសញ្ញាណសាកសពជនរងគ្រោះឃើញនៅឡើយទេថា គាត់មានឈ្មោះអ្វី អាយុប៉ុន្មាន មុនពេលស្លាប់រស់នៅភូមិស្រុកខេត្តណា។ សាកសពមានស្នាមរបួស កាប់ពីក្រោយដោយកាំបិតតូច និងវាយដោយរបងថ្មបាក់ឆ្អឹងជំនីជាច្រើន និងវាយផ្នែកក្បាល។

លោកបន្តថា ឃាតករមានគ្នាលើសពី២នាក់ ពីព្រោះតាមការសាកសួរ នៅមុនពេលកើតហេតុអ្នកភូមិបញ្ជាក់ថា គេឃើញមានម៉ូតូចំនួនពីរគ្រឿង បានជិះមកឈប់នៅទីនោះ បន្ទាប់មកក៏ចេញទៅបាត់ តែមិនបានដឹងថាមានរឿងអ្វី ហើយក៏មិនមានឮ សម្លេងស្រែកអ្វីដែរ។ សាកសពបុរសខាងលើមាន កំពស់១,៦៨ម៉ែត្រស្លៀកខោរខូវបូយខៀវពាក់អាវយឺតពណ៏ខ្មៅដៃខ្លីកាត់សក់ខ្លី មានចាក់សាក់នៅលើដើមទ្រូង រូបបេះដូងនិងរូបពូថៅ។
លោកនាយការិយាល័យ ឲ្យដឹងទៀតថា តាមការស៊ើបអង្កេត ជនរងគ្រោះនិងជនដៃដល់ជាក្រុមតែមួយ ចឹងទេក្រោយរកអត្តសញ្ញាណ ជនរងគ្រោះឃើញគឺអាចរកមុខឃាតករឃើញ។ ពេលនេះសមត្ថកិច្ច កំពុងដុតដៃដុតជើង ស្វែងរកអត្តសញ្ញាណ ជនរងគ្រោះ ដើម្បីឈានទៅចាប់ខ្លួនក្រុមជនដៃដល់៕




































