ខេត្តសៀមរាបៈ នៅតំបន់ទេសចរខេត្តសៀមរាបគេសង្កេតឃើញមានជនបរទេសបើកបររថយន្តជាច្រើនគ្រឿងដើម្បីបំពេញការងាររកស៊ីរបស់ពួកគេ ដែលពុំមែនជាការងារទេសចរនោះទេ ជាក់ស្តែងបុរសជាជនជាតិកូរ៉េម្នាក់បើករថយន្តក្នុងល្បឿនលឿនដូចហោះ ជ្រុល
ទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់(បាក់ឆ្អឹងខ្នង ស្លាបប្រចៀវខាងក្រោយផ្នែកខាងឆ្វេង និងត្រចៀកខាងឆ្វេង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាបភ្លាមៗ។ ហេតុការណ៏គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង៨និង២៥នាទីព្រឹកថ្ងៃទី១៨ខែមិនាឆ្នាំ២០១៥ស្ថិតនៅលើផ្លូវលេខ៦ ចំនុចមុខសណ្ឋាគារអង្គររីស៊តក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប មូលហេតុបណ្តាលមកពីជនជាតិកូរ៉េអ្នកបើកបរស្រវឹងស្រា។ សាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុឃើញមានរថយន្តទំនើបមួយគ្រឿងបើកបរមកពីកើតទៅលិចក្នុងល្បឿនលឿនរ៉េពេញផ្លូវ ស្រាប់មកដល់ចំនុចកើតហេតុក៏ឃើញរថយន្តនោះទៅបុកម៉ូតូសេ១២៥ពណ៌ខ្មៅពីលិចមកកើតបំរ៉ុងឆ្លងផ្លូវជិតផុត។សាក្សីបានបន្តថា ពេលកើតហេតុភ្លាមៗក៏ឃើញមានសមត្ថកិច្ចចរាចរមកដល់រួចធ្វើការវាស់វែងហើយ ក៏ហៅរថយន្តសាម៉ុយដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប រីឯអ្នកបើកបរជាជនជាតិកូរ៉េឃើញសមត្ថកិច្ចឃាត់រថយន្តនិងម្ចាស់បញ្ជូនទៅស្នងការភ្លាមៗដើម្បីកុំឲ្យកកស្ទះចរាចរ។

មន្ត្រីចរាចរបានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៨ខែមិនានេះថា ក្រោយពេលកើតហេតុត្រូវបានកម្លាំងនគរបាលជំនាញចុះទៅត្រួតពិនិត្យជាក់ស្តែង រួចក៏ធ្វើការវាស់វែងហើយយករថយន្តទំនើបនិងអ្នកបើកបរជាជនជាតិកូរ៉េ ព្រមទាំងម៉ូតូជនរងគ្រោះមកកាន់ការិយាល័យនគរបាលចរាចរខេត្តដើម្បីឲ្យភាគីខាងកូរ៉េដោះស្រាយសំណងម៉ូតូតាមផ្លូវច្បាប់។មន្ត្រីបន្តថា ជនរងគ្រោះឈ្មោះ វិន វុទ្ធី ភេទប្រុសអាយុ៤៥ឆ្នាំរស់នៅភូមិកើតហេតុខាងលើដែលជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប១B.៩២១៥ បើកបរមកពីលិចមកកើតបំរ៉ុងឆ្លងជិតផុតហើយ ចំណែកជនជាតិកូរ៉េមិនស្គាល់ឈ្មោះបើកបររថយន្តម៉ាកESCALADE ពណ៌ទឹកប៊ិចចាស់ ប៉ៃលិន២A.០០៩៩ បើកបរមកពីកើតមកលិច ដោយមានភាពស្រវឹង សមត្ថកិច្ចជំនាញបានពិនិត្យជាតិអាល់គុលមាន០,៩៧ដឺក្រេ កុំបែកកង់មុខផ្នែកខាងស្តាំកុំអីជនជាតិកូរ៉េនោះបើកបន្តទៅមុខទៀត។មន្ត្រីជំនាញបានបន្ថែមថា ក្រោយពីក្រុមគ្រួសារជនរងគ្រោះដាក់បានពាក្យបណ្តឹងរួចក៏ទាមទាសំណងពីជនជាតិកូរ៉េចំនួន៣០០០ដុល្លាក្នុងការព្យាបាល។
រីឯជនជាតិកូរ៉េត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកឃុំបណ្តោះអាសន្ននៅក្នុងស្នងការខេត្តដើម្បីរងចាំឲ្យក្រុមគ្រួសារចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ដោយ កុសល


































