ខេត្តកំពង់ឆ្នាំង បានស្ម័គ្រចិត្តប្រគល់អាំងវ៉ាត់ទ័រឆក់ត្រី ចំនួន៥០១គ្រឿង ដល់អាជ្ញាធរ
រយះពេល២ខែកន្លងមកនេះ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង បានភ្ញាក់រលឹកប្រគល់ឧករណ៍ឆក់ត្រី មកអោយអាជ្ញាធរឃុំ ស្រុក និងរដ្ឋបាលជលផលបានចំនួន៥០១គ្រឿងហើយ ក្រោយពីខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំង បានបើកយុទ្ធនាការផ្សព្វផ្សាយសេចក្តីណែនាំ របស់ឯ,ឧអភិបាលខេត្ត ស្តីពីការប្រមូលឧបករណ៍ឆក់ត្រី នៅតាមមូលដ្ឋានរួចមក។
លោក សោម ភិរុណ នាយខណ្ឌ័រដ្ឋបាលជលផល កំពង់ឆ្នាំង បាននិយាយអោយដឹង នៅព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៥នេះថា បន្ទាប់ពីលោកអភិបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីណែនាំ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ស្តីពីការទប់ស្កាត់ បង្ក្រាប និងចលនា
ប្រជាពលរដ្ឋប្រមូលឧបករណ៍ឆក់ត្រី ខណ្ឌ័រដ្ឋបាលជលផល បានបែងចែកមន្ត្រីរបស់ខ្លួន គ្រប់សង្កាត់ និងគ្រប់ផ្នែកនេសាទ ថតចម្លងសេចក្តីណែនាំនោះរាប់ពាន់សន្លឹក ចុះចែក និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន ឃុំនិងស្រុក ដែលមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋក្នុងខេត្ត បានស្ម័គ្រប្រគល់អាំងវ៉ាត់ទ័រឆក់ត្រី បានចំនួន៥០១គ្រឿងហើយ ប៉ុន្ត្តែអ្នកដែលមិនទាន់ប្រគល់អោយ នៅមានប្រមាណ៥០%ទៀត ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៥មុននេះ លោកអភិបាលស្រុកកំពង់លែង និងអាជ្ញាធរឃុំ និងមន្ត្រីជលផលសង្កាត់កំពង់លែង បានទទួលអាំវ៉ាត់ទ័រឆក់ត្រី ពីប្រជាពលរដ្ឋស្ម័គ្រចិត្ត បានចំនួន២៦៣គ្រឿង ។
លោក សោម ភិរុណ បានអោយដឹងទៀតថា៖ ឧបករណ៍ឆក់ត្រីទាំងអស់ខាងលើនេះ គឺលោកកំពុងធ្វើរបាយការណ៍ ស្នើសុំថ្នាក់លើ ដុតកំទេចចោល នៅចុងខែមិនានេះ ។ ដោយឡែកនៅដើមឆ្នាំ២០១៥នេះ ជនល្មើសឆក់ត្រីចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តឃុំខ្លួន ដើម្បីជំនុំជំរះផ្តន្ទាទោស តាមបញ្ញត្តិច្បាប់ ដែលពួកគេប្រឈមនិងការកាត់ទោស អោយជាប់គុកពី១ឆ្នាំទៅ៣ឆ្នាំ នៃច្បាប់ស្តីពីជលផល ។
ទន្ទឹមនេះដែរ ជនសង្ស័យ៤នាក់ទៀត ដែល៣នាក់កំពុងធ្វើសកម្មភាឆក់ត្រី មិនព្រមភ្ញាក់រលឹក និងជនសង្ស័យម្នាក់ទៀត ជាអ្នកផលិតអាំងវ៉ាត់ទ័រឆក់ត្រី ក៏ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីកោះហៅមកសាកសួរ និងចាត់ការតាមផ្លូវច្បាប់។
លោក សោម ភិរុណ បានអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋ ដែលមានអាំងវ៉ាត់ទ័រឆក់ត្រី
ទាំងអស់ សូមរួសរាន់យកមកប្រគល់អោយសមត្ថកិច្ច ដោយស្មារតីភ្ញាក់រលឹកខ្ពស់ ព្រោះថាអ្នកមានឧបករណ៍ឆក់ត្រី ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ស្រាវជ្រាវកត់ឈ្មោះក្នុងបញ្ជីខ្មៅអស់ហើយ ដែលពួកគេនិងត្រូវប្រឈម នឹងការកោះហៅរបស់តុលាការដើម្បីចាត់ការឃុំខ្លួន ផ្តន្ទាទោសតាមផ្លូវច្បាប់ ស្តីពីជលផលជាក់ ជាមិនខានឡើយ ៕



































