ត្រូវបានដាក់ម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតី សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា
អាគារសិក្សាថ្មីមួយខ្នង ៦បន្ទប់ នៃសាលាបឋមសិក្សា ទឹកហូត ស្ថិតក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ដែលជាអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ត្រូវបានដាក់សម្ភធអោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ឯកឧត្តមអភិបាលខេត្ត លោក លោកស្រី ប្រជាពលរដ្ឋ និង សិស្សនុសិស្ស ចូលរួមសរុបចំនួន២០៤៦នាក់ ។
ឯឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានថ្លែងអោយដឹងថា វិស័យអប់រំនៅក្នុងខេត្តកំពង់ឆ្នាំងមានសាលាមតេយ្យ សរុបចំនួន២០៤កន្លែង ស្មើនឹង២៩៦បន្ទប់ សាលាបឋមសិក្សា មាន២៦៩កន្លែង ស្មើនឹង២១៦៨បន្ទប់ គ្រឹះស្ថានមធ្យមសិក្សា មាន៧៥កន្លែង ក្នុងនោះមានអនុវិទ្យាល័យ ៦០កន្លែង ស្មើនឹង២៧៥បន្ទប់ វិទ្យាល័យមានចំនួន១៥កន្លែង ស្មើនឹង២០៧បន្ទប់ សិស្សានុសិស្ស កំពុងសិក្សា មាន១១៤.៩៨១នាក់ ស្រីមាន៥១.៦៧០នាក់ ។
ដោយឡែកអាគារសិក្សា ដែលជាអំណោយផ្ទាល់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងខេត្តកំពង់ឆ្នាំង សរុបមានចំនួន១៤០ខ្នង ស្មើនឹង៧៤១បន្ទប់ ក្នុងស្រុករលាប្អៀរ មានចំនួន៣៤ខ្នង ស្មើនឹង១៨១បន្ទប់ ។ ដោយឡែកក្នុងពេលនេះ អាគារថ្មីមួយខ្នង មាន៦បន្ទប់ និងគ្រឿងបំពាក់ទាំងអស់ នៅក្នុងបន្ទប់សិក្សា ដែលជាអំណោយដ៍ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់រួចហើយ ត្រូវបានសម្ភោធដាក់ប្រើប្រាស់ក្នុងថ្ងៃនេះ ។
សម្តេចចៅហ្វាវាំង គង់ សំអុល បានមានប្រសាសន៍ នៅក្នុងពិធីសម្ភោធអាគារសិក្សានេះថា សមិទ្ធិផល និងការរីកចំរើន លើវិស័យអប់រំខាងលើនេះ ជាសក្ខីភាព បញ្ជាក់យ៉ាងច្បាស់ថា សម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាល បានគិតគូរចំពោះការអភិវឌ្ឍន៍ លើវិស័យអប់រំនៅគ្រប់មូលដ្ឋាន ដើម្បីអោយកូនចៅ ប្រជាពលរដ្ឋនៅតាមជនបទ បានចូលរៀនសូត្រគ្រប់ៗគ្នា បង្កើនចំណេះដឹង បង្កើនធនធានមនុស្ស និងមានឱកាសស្មើៗគ្នា ក្នុងការរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យ នឹងបានរីកចំរើនបន្ថែមទៀត ។
ក្នុងនោះដែរ សម្តេចចៅហ្វាវាំង បានពាំនាំការនឹករលឹក និងសួសុខទុក្ខ ពីសំណាក់សម្តេចទាំង២ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងស្រុករលាប្អៀរ ក៍ដូចជាក្នុងខេត្តកំពង់ឆ្នាំង ទាំងអស់ផងដែរ ដែលកន្លងមកសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងបានផ្តល់អំណោយមនុស្សធម៌ ជូនដល់ជនរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់នយោបាយ និងជំនឿសាសនាអ្វីឡើយ ។
ចុងបញ្ចប់នៃកម្មពិធី សម្តេចចៅហ្វាវាំង គង់ សំអុល ក៏បាននាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនសាលាបឋមសិក្សាទឹកហូត នូវថវិកាចំនួន២លានរៀល វិទ្យាល័យទឹកហូត ២លានរៀល លោកគ្រូ អ្នកគ្រូ៥២នាក់ ម្នាក់ៗទទួលបាន២ម៉ឺនរៀល យុវជនកាកបាទក្រហម និងយុវជនកាយរិទ្ធ១០០នាក់ ម្នាក់ៗទទួលបាន១ម៉ឺនរៀល សិស្សបឋមសិក្សាទឹកហូត និងសិស្ស
វិទ្យាល័យទឹកហូត ៧១០នាក់ ម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច១ដើម និងប្រាក់៥ពាន់រៀល ។ សម្តេចចៅហ្វាវាំង គង់ សំអុល ក៏បានឧបត្ថម្ភថវិការមួយចំនួនទៀត ដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម ដែលបានចូលរួមនៅក្នុងកម្មវិធីនេះផងដែ ៕



































