កំពង់ឆ្នាំង៖ កិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៤និងលើកទិសដៅសំរាប់អនុវត្តការងារឆ្នាំ២០១៥បានធ្វើឡើងនៅព្រឹកថៃ្ងទី១៧ ខែមិនា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពឯកឧត្តម ប៉ុន ណារិទ្ធិ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងលោកជំទាវ ប៉ាល់ យឿន អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរង ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រធានអង្គភាពជុំវិញខេត្ត និងអាជ្ញាធរដែនដីសរុបចំនួន២០០នាក់។
លោកជំទាវ ប៉ាល់ យឿន អភិបាលរងខេត្តបានថែ្លងថា៖ចាប់ពីខែសីហា ឆ្នាំ២០១៤ កំពស់ទឹកទន្លេមានការហក់ឡើងខ្ពស់រហូតដល់៨,៨៤ម៉ែត្រ ខ្ពស់ជាងឆ្នាំ២០១១ចំនួន០,២១ម៉ែត្រ។
ការហក់ឡើងរបស់ទឹកទន្លេគួបផ្សំនិងទឹកភ្លៀងបានបំផ្លាញស្រូវអោយខូចខាតចំនួន៣៥៣ហិកតា។មកដល់ចុងខែសីហាទើបទឹកស្រកចុះមានលំនឹង អាជ្ញាធរអាចជួយដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋបានជាធម្មតាវិញ។ខ្យល់កន្ត្រក់ខ្យល់ព្យុះមាន៣២លើក បណ្តាលអោយរលំផ្ទះ៧៨ខ្នងរបើកដំបូលនិងទ្រេត៣៨២ខ្នង និងបណ្តាល អោយរងរបួសដល់ប្រជាពលរដ្ឋចំនួន១១នាក់ និងធ្វើអោយខូចខាតដល់ទ្រព្យសាធារណៈ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយចំនួនទៀត។
គ្រោះអគ្គីភ័យបានកើតមានចំនួន២៦លើក បណ្តាលអោយស្លាប់មនុស្សចំនួន១នាក់ឆេះផ្ទះអស់៣៧ខ្នង និងខូចខាតទ្រព្យសម្បត្តិសំភារៈមួយចំនួនទៀត។ក្រៅពីនេះនៅមានរន្ទះបាញ់៥លើក ស្លាប់មនុស្ស១នាក់ ងាប់គោ១ក្បាល ធ្លាក់ពីលើទូកស្លាប់១នាក់ ខ្សែភ្លើងឆក់ស្លាប់២នាក់ និងលង់ទឹកស្លាប់១៨នាក់។លោកជំទាវបានអោយដឹងទៀតថា រាល់បញ្ហាប្រឈមអាជ្ញាធរខេត្ត បានសហការជាមួយសាខាកាកបាទក្រហម អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូរអភិវឌ្ឍន៍បានជួយកាត់បន្ថយហា
និភ័យនិងជួយដោះស្រាយសំរាលការលំបាកជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ស្របតាមគោលការណែនាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីជាប្រធាន។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តមឯកឧត្ដម ប៉ុន ណារិទ្ធិ
អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាន ថែ្លងកោតសរសើរចំពោះអាជ្ញាធរខេត្តនិងគណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលានិងទទួលបានលទ្ធផលល្អ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ធ្វើអោយប្រជាពលរដ្ឋមានទំនុកចិត្តលើចំណាត់ការរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរនៅមុនពេលក្នុងពេលនិងក្រោយពេលកើតមានគ្រោះមហន្តរាយជាយថាហេតុម្តងៗកន្លងមក។
ឯកឧត្តមបានមានប្រសាសន៍ផ្តាំផ្ញើថា៖សូមអោយអាជ្ញាធរខេត្ត គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈដើម្បីឆ្លើយតបបានទាន់ពេលវេលាជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗជាយថាយថាហេតុ។ ត្រូវបន្តពង្រឹងកិច្ចសហការជាមួយកាកបាទក្រហម គ្រប់ស្ថាប័ន អាជ្ញាធរ
គ្រប់លំដាប់ថ្នាក់ និងអង្គការជាដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ ស្វែងរកជំនួយត្រៀមបំរុង ដើម្បីឆ្លើយតបបានទាន់ពេលវេលានៅពេលមានគ្រោះមហន្តរាយនៅពេលខាងមុខនេះជាបន្តទៀត៕



































