បន្ទាយមានជ័យ៖ បុរសចំណាស់ម្នាក់នាក់បានស្លាប់នៅនិងកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់បន្ទាប់ពីបានជិះម៉ូតូម៉ាកសង់សេរីចាស់ ហើយត្រូវរថយន្ត បើកពីក្រោយបុក កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ តាមបណ្តាលផ្លូវជាតិលេខ៥ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមការអោយដឹងពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានបើកបរម៉ូតូសង់សេរីចាស់ ពណ៌ស គ្មានស្លាកលេខ ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុង កើតហេតុក៏បានឡើងជែង រថយន្តហើយមិនព្រមអែបស្តាំ ក៏ត្រូវរថយន្តតូរីសមួយគ្រឿងទៀតបុកពីក្រោយនៃចំហៀងម៉ូតូខាងស្តាំបណ្តាលអោយម៉ូតូ និង
មនុស្សប៉ើងទៅម្ខាងផ្លូវខាងឆ្វេងនាំអោយអ្នកជិះម៉ូតូម្នាក់បាក់ជើងខាងស្តាំបែកក្បាលស្លាប់និងកន្លែង ចំណែកអ្នករួមដំណើរម្នាក់ទៀតក៏បាក់ជើងរងរបួសធ្ងន់ ។ រីឯរថយន្តតួរីស បង្ករហេតុដែលគេដឹងថា ពណ៌ខ្មៅ លាយពណ៌ប្រផេះ អត់ចាំស្លាកលេខ ក៏បន្ថែមល្បឿនបើករត់គេចទៅទិសខាងកើតបាត់ស្រមោលតែម្តង ។
ក្រោយកើតហេតុ គេឃើញសមត្ថកិច្ច នគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត ចុះអន្តរាគមន៍វាស់វែង និងកំណត់មុខសញ្ញារថយន្តបង្ក និងបានបញ្ជូនជនរងគ្រោះម្នាក់ យកទៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុនស្រុកមង្គលបុរី រីឯសពជនរងគ្រោះខាងលើ សមត្ថកិច្ចកំពុងទាក់ទងក្រុមគ្រួសារ ដើម្បីយកទៅ ធ្វើបុណ្យតាម ប្រពៃណីខ្មែរ។
បច្ចុប្បន្នសមត្ថកិច្ច នគរបាលក្រុងប៉ោយប៉ែត បានប្រមូលវត្ថុតាងរថយន្តបង្ក និងម៉ូតូរងគ្រោះ យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រង់ចាំការ ស្រាវជ្រាវរករថយន្តបង្ក ដើម្បីយកមកផ្តន្ទាទោស តាមនីតិវិធីច្បាប់ ឲ្យខាងតែបាននាពេលឆាប់ៗនេះ៕



































