ភ្នំពេញ៖ហាងលក់សាច់ក្រកមួយកន្លែង យីហោ (ជំនោរជាយក្រុង) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រងនូវការខូចខាតបាក់បង្គោលសសរផ្ទះ និងទូរតុតាំងដាក់សាច់ក្រកលក់ ព្រមទាំងស្ត្រីម្នាក់ជាអ្នកលក់សាច់ក្រកក៏រងរបួសធ្ងន់ធ្ងរដែរ កាលពីវេលាម៉ោង១២ និង៤៥នាទី ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៤ ដែលបានបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2U-3404 បុកចូលក្នុងហាង។ សាក្សីហេតុប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តបង្កហេតុនោះបើកឆ្លងថ្នល់ពីលិចទៅជើងតាមផ្លូវជាតិលេខ៣ លុះ
បើកឡើងថ្នល់បានបន្តិចមិនដឹងជាយ៉ាងម៉េចក៏ឃើញបើកជ្រុលចង្កូតបុកចូលហាងលក់សាច់ក្រក់នោះតែម្តង បណ្តាលឲ្យស្ត្រីម្នាក់កំពុងឈរអាំងសាច់ក្រករងរបួសធ្ងន់ និងម៉ូតូភ្ញៀវចំនួន៤គ្រឿងទៀតក៏រងការខូចខាតផងដែរ។ ភា្លមៗនោះសមត្ថកិច្ចនគរបាលចរាចរណ៏ដែលឈរនៅគោលដៅវត្តស្លែងក៏បានចុះកន្លែងកើតហេតុធ្វើការវាស់វែង និងត្រួតពិនិត្យ
ការខូចខាត។ សមត្ថកិច្ចចរាចរណ៏ម្នាក់ប្រាប់ឲ្យដឹងថា រថយន្តបង្កហេតុម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2U-3404 បើកបរដោយឈ្មោះ ស្រី មុំ ភេទស្រី អាយុ៣៦ឆ្នាំ រួមដំណើរជាមួយប្តីឈ្មោះ ស សាវុធ អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ និងកូនប្រុសម្នាក់នៅក្នុងរថយន្ត មានទីលំនៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៏សែនជ័យរាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះឈ្មោះ ម៉េង ហួតចេង អាយុ៣០ឆ្នាំ ជាអ្នកលក់សាច់ក្រក់ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូន
ទៅកាន់មន្ទីរពេទ្យ ហើយក្នុងនោះម៉ូតូចំនួន៤គ្រឿង ជារបស់ភ្ញៀវដែលចូលហូបសាច់ក្រក់នៅហាងកើតហេតុខាងលើនេះក៏រងនូវការខូចខាតផងដែរ ។ ស្ត្រីជាអ្នកបើកបររថយន្តបង្កហេតុនោះក៏បានប្រាប់ឲ្យដឹងដែរថា ប្តីរបស់គាត់បង្រៀនឲ្យគាត់បើករថយន្តដោយបើកចេញពីផ្ទះគាត់មកហូបសាច់ក្រក់នៅវត្តស្លែងនេះ ហើយក្រោយពីហូបសាច់ក្រករួច ប្តីរបស់គាត់ក៏ឲ្យគាត់បើករថយន្តចេញទៅផ្ទះវិញ លុះពេលដល់គាត់ឆ្លងផ្លូវបានបន្តិចគាត់ស្លន់ក៏ជាន់ហ្គែរស្មានថា ហ្វ្រាំងក៏ជ្រុលបុកចូលផ្ទះ
គេតែម្តង។ ស្ត្រីដដែលក៏បានប្រាប់បន្តឲ្យដឹងទាំងទឹកភ្នែករលីងរលោងក្នុងក្តីភិតភ័យដែលពុំធ្លាប់ជួបប្រទះថា នេះជាលើកទី១ហើយដែលរូបគាត់ជួបប្រទះបែបនេះ ពេលដែលរថយន្តរេចង្កូតនោះ ប្តីរបស់គាត់ក៏ប្រាប់ឲ្យគាត់ជាន់ហ្វ្រាំងដែរ តែគាត់ស្លន់ពេក ក៏ច្រឡំជាន់ហ្គែរបន្ថែមល្បឿន ទើបបណ្តាលឲ្យបុកចូលហាងលក់សាច់ក្រកខាងលើ ធ្វើឲ្យមានមនុស្សរងរបួស និងខូចខាតម៉ូតូមួយចំនួនផងដែរ។
ដោយឡែកបុរសជាប្តីឈ្មោះ ស សាវុធ ក៏បានបញ្ជាក់ឲ្យដឹងថា គាត់បានបង្រៀនឲ្យប្រពន្ធរបស់គាត់ចេះបើកបរឡាន ហើយគាត់បានបណ្តោយឲ្យប្រពន្ធគាត់បើកឡានចេញពីផ្ទះមកតាមធម្មតា លុះមកដល់ម្តុំនេះគាត់ក៏ចង់ហូបសាច់ក្រក់ក៏ឲ្យប្រពន្ធគាត់បត់ឡានចូលហូបសាច់ក្រក់សិន ។
នៅពេលហូបហើយ គាត់ក៏ឲ្យប្រពន្ធបើករថយន្តត្រឡប់ទៅផ្ទះវិញ លុះពេលបើកឆ្លងថ្នល់បានបន្តិចមិនដឹងជាយ៉ាងម៉េច ក៏រេចង្កូតទៅបុកចូលផ្ទះគេតែម្តង ហើយគាត់ក៏បានប្រាប់ប្រពន្ធឲ្យជាន់ហ្វ្រាំងបែរជាមិនជាន់ហ្វ្រាំងទៅជាជាន់ហ្គែរបន្ថែមល្បឿនវិញ ទើបបង្កការខូចខាតបែបនេះ។ ជាមួយគ្នានេះលោក នាក់ ណារ៉ូ អធិការរងនគរបាលខណ្ឌដង្កោទទួលបន្ទុកចរាចរណ៏
និងសណ្តាប់ធ្នាប់ខណ្ឌក៏បានប្រាប់ឲ្យដឹងដែរថា រថយន្តបង្កហេតុត្រូវនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌរង់ចាំការដោះស្រាយ សងថ្លៃការខូចខាតលំនៅដ្ឋានពលរដ្ឋ និងអ្នករបួស។ ចំណែកម៉ូតូ៤គ្រឿងមើលទៅខូចខាតបន្តិចបន្តួចទេ ទុកឪកាសឲ្យម្ចាស់ម៉ូតូ និងភាគីម្ចាស់រថយន្តចរចារគ្នាទៅ។
លោកអធិការរងដដែលប្រាប់បញ្ជាក់បន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺអចេតនាទេ ដោយសារអ្នកបើកបរស្លន់ ពីព្រោះគាត់ទើបតែរៀនបើកបររថយន្ត៕