មន្ត្រីជាន់ខ្ពស់នៃ រដ្ឋាភិបាលចិន និងជប៉ុន បានជួបប្រជុំគ្នា នៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន ដើម្បីជជែកគ្នា អំពីបញ្ហាសន្តិសុខ រវាងប្រទេសទាំងពីរ។ នេះគឺជាកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការ សន្តិសុខលើកទី១ ក្រោយពីត្រូវផ្អាកអស់រយៈពេល ៤ឆ្នាំ
ដោយសារតែមានភាពតានតឹង រវាងប្រទេសទាំងពីរ ជាពិសេស ជុំវិញជម្លោះដែនសមុទ្រ និងជុំវិញបញ្ហាប្រវត្តិសាស្ត្រសម័យសង្គ្រាម។
កិច្ចប្រជុំនៅទីក្រុងតូក្យូ នៅថ្ងៃព្រហស្បតិ៍នេះ មានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ថ្នាក់អនុរដ្ឋមន្ត្រីក្រសួង ការបរទេស និងក្រសួងការពារជាតិរបស់ប្រទេសទាំងពីរ។ យោងតាមសេចក្តីរាយការណ៍របស់កាសែតក្នុងស្រុក និងប្រភពពីមន្ត្រីរដ្ឋាភិបាលដែលសុំមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរនឹងជជែកពិភាក្សាគ្នាទៅលើសំណុំរឿង សំខាន់ៗមួយចំនួន ទាក់ទងនឹងបញ្ហាសន្តិសុខ ក្នុងនោះក៏មានផងដែរបញ្ហាក្តៅទាក់ទងនឹងជម្លោះដែនសមុទ្រ។
គួររំឭកឡើងវិញថា កិច្ចពិភាក្សាលើបញ្ហាសន្តិសុខទ្វេភាគីចិន-ជប៉ុន លើកចុងក្រោយ ត្រូវបានធ្វើឡើង កាលពីខែមករា ឆ្នាំ២០១១ មុននឹងត្រូវជាប់គាំង ក្រោយពីទំនាក់ទំនងប្រទេសទាំងពីរត្រូវធ្លាក់ក្នុងសភាពតានតឹងខ្លាំង ជាពិសេស នៅក្រោយពេលដែលរដ្ឋាភិបាលជប៉ុនប្រមូលទិញដីនៅលើប្រជុំកោះ ជាប់ជម្លោះជាមួយចិន មកដាក់ជាសម្បត្តិរដ្ឋ កាលពីចុងឆ្នាំ២០១២។ ចាប់ពីពេលនោះមក នាវាល្បាតចិន និងជប៉ុន តែងតែប្រឈមមុខដាក់គ្នាជារឿយៗ នៅក្នុងតំបន់ជាប់ជម្លោះ ដែលជាហេតុធ្វើឲ្យគេនាំគ្នាបារម្ភខ្លាច ការប្រឈមមុខដាក់គ្នាត្រូវរាលដាលទៅជាការប៉ះទង្គិចគ្នាដោយអាវុធ។ក៏ប៉ុន្តែ គេសង្កេតឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់ចាប់ផ្តើមធូរស្រាលមកវិញ នៅក្រោយពីមានជំនួបដ៏ខ្លី រវាងលោកស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន និងលោកស៊ី ជីនពីង ប្រធានាធិបតីចិន នៅក្នុងឱកាសជំនួបកំពូលអង្គការ APEC កាលពីខែវិច្ឆិកា។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនបានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃនេះថា នៅក្នុងកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសទាំងពីរមានបំណងចង់ជជែកស្វែងយល់ពីគ្នាទៅវិញទៅមក ជាពិសេស អំពីចេតនាពិតប្រាកដ ដែលមាននៅពីក្រោយនយោបាយការពារជាតិរៀងៗខ្លួន។ចំណែកអនុរដ្ឋមន្ត្រីការបរទេសចិនវិញ បានប្រាប់ទៅសមភាគីរបស់លោកថា រដ្ឋាភិបាលក្រុងប៉េកាំងសង្ឃឹមថានឹងអាចស្តារទំនាក់ទំនងជាមួយជប៉ុន ឡើងវិញ “នៅក្នុងស្មារតីយកប្រវត្តិសាស្ត្រជាកញ្ចក់ឆ្លុះ ដើម្បីសំឡឹងឆ្ពោះទៅថ្ងៃអនាគត”។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួ។ ការថ្លែងបែបនេះ គឺជាការបង្ហាញឲ្យឃើញថា ចិននៅតែបន្តទទូចចង់ឲ្យជប៉ុនទទួលស្គាល់ការពិតជុំវិញសកម្មភាព របស់ខ្លួន កាលពីក្នុងសម័យសង្គ្រាមលោកលើកទី២ ដែលបច្ចុប្បន្ននេះ គឺជាចំណុចចម្រូងចម្រាសដ៏ធំមួយ នៅក្នុងទំនាក់ទំនងចិន-ជប៉ុន៕