ភ្នំពេញ ៖ រថយន្តដឹកកំទេចថ្ម មួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ បានក្រឡាប់ផ្ងារជើង ច្រងាង នៅក្នុង ការដ្ឋានមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៥៩៨ ជិតក្រុមហ៊ុន លីហួរ ភូមិទួលសង្កែ សង្កាត់ទួល សង្កែ ខណ្ឌឬស្សីកែវ កាលពីវេលាម៉ោង ៤ នឹង ៤៤ នាទីល្ងាច ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៤ ប៉ុន្តែករណីនេះមិន បណ្តាលឲ្យមនុស្សណាម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរនោះទេ ។
យោងតាមប្រភពព័ត៌មានពីក្រុមកម្មករ ដែលឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថា មុនពេល កើតហេតុ បុរសម្នាក់បានបើកបររថយន្តមួយគ្រឿង ម៉ាក ហ៊ីណូ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ02- 3-7969 ដឹកកំទេចថ្មពេញ ក្នុងរថយន្ត ហើយបានមកចតនៅក្នុងការដ្ឋានស្ថាបនាផ្លូវមួយកន្លែងត្រង់ចំណុចកើតហេតុបន្ទាប់មក រថយន្តក៏បានចាប់ផ្តើម
បែនទម្លាក់កម្ទេចថ្មចេញពីរថយន្ត តែដោយសារការបែនកម្ចេចចេញរបស់បុរស ខាងលើខ្វះបច្ចេកទេស ក៏បណ្តាលឲ្យរថយន្តផ្អៀងម្តងៗបន្តិច រហូតក្រឡាប់ភីងផ្ងារជើងច្រងាង ប៉ុន្តែមិនបណ្តាលឲ្យមនុស្សណាម្នាក់ត្រូវរងរបួសនោះទេ ។
គ្រោះថ្នាក់នេះវាជាសំណាងដ៏ធំមួយដែលពេលក្រឡាប់រថយន្តគ្មាន អ្នកដំណើរឆ្លងកាត់ទីនោះ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យជាក់ស្តែង សង្កេតឃើញថាមិនមានប៉ះពាល់អ្វី ដល់ទ្រព្យសម្បត្តិសារណៈ នឹង ទ្រព្យសម្បត្តិឯកជននោះ សមត្ថកិច្ចក៏សម្រេចឲ្យម្ចាស់ការហៅរថយន្តស្ទូច មកស្ទូច ក្រឡាប់មួយគ្រឿងយកទៅជួសជុលដោយខ្លួនឯងវិញ នឹងគ្រាន់តែណែនាំថ្ងៃក្រោយឲ្យអ្នកបើកឡាន បែនទាំងអស់នេះត្រូវប្រុងប្រយ័ត្នដើម្បីជៀសវាងមានបញ្ហាដូចពេលនេះ៕