បន្ទាយមានជ័យ:មន្ត្រីថ្នាក់ដឹកនាំពាក់ព័ន្ធបាននាំបច្ច័យលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានទៅប្រគេនព្រះសង្ឃសម្រាប់ចូលរួមកសាងវត្តស្រះឈូក។បន្ទាប់មកមន្ត្រីក៏បន្តចុះពិនិត្យការដ្ឋានស្ថាបនាសំណង់ស្ទាក់ទឹកនិងប្រឡាយមេនៅឃុំសំបួរស្រុកមង្គលបូរីនាតំបន់ទំនាបតំបន់៣ បឹងទន្លេសាប។
លោកអ៊ុង អឿន ទីប្រឹក្សារាជរដ្ឋាភិបាលនិងជាប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យរួមដំណើរដោយសមាជិកក្រុមប្រឹក្សាខេត្ត លោកឡុង ពុន អភិបាលស្រុកមង្គលបូរីនិងប្រធាន អនុប្រធានមន្ទីរ អង្គភាពាក់ព័ន្ធបាននាំបច្ច័យលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាននិងសប្បុរសជនដែលប្រមូលបានកន្លងមកទៅប្រគេនព្រះសង្ឃសម្រាប់ចូលរួមកសាងវត្តស្រះឈូកជាបន្តទៀត។
លោកអ៊ុង អឿន ថ្លែងពីការយកចិត្តទុកដាក់ រួមចំណែកស្តារនិងអភិវឌ្ឍន៍លើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល និងដោយឡែកលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ជាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុុមការងាររាជរដ្ឋាភិបាលចុះពង្រឹងខេត្តបន្ទាយមានជ័យ។
ព្រះសង្ឃនិងអាចារ្យ គណកម្មការព្រមទាំងពុទ្ធបរុស័ទចំណុះជើងវត្តស្រះឈូកអនុមោទនា សូត្រជ័យន្តោ ប័ង្សុកូលនិងប្រសិទ្ធិពរជ័យដល់ម្ចាស់សទ្ធាជ្រះថ្លា។
តមកលោកអ៊ុង អឿន និងមន្ត្រីបានចុះទៅពិនិត្យការដ្ឋានស្ថាបនាសំណង់ស្ទាក់ទឹកថ្មី១កន្លែងកាត់ស្ទឹងមង្គលបូរីកសាងដោយក្រសួងធនធានទឹកនិងឧតុនិយមនៅចំណុចគោកអម្ពិលភូមិដូនឡឹកឃុំសំបួរនិងការដ្ឋានស្ថាបនាថ្មីប្រឡាយមេប្រវែងជាង៣.០០០ម៉ែត្រកាត់វាលស្រែរបស់កសិករចំនូចគោកអម្ពិលដល់ជិតទំនាបចែកអង្ករថ្មដប់នៅភូមិសាស្ត្រភូមិដូនឡឹកដែរ។
លោក គង់ សុគន្ធ មេឃុំសំបួរនិងលោក ហា៊ន អាង មេភូមិដូនឡឹកអោយដឹងថា:ប្រព័ន្ធប្រឡាយនិងសំណង់ស្ទាក់ទឹកនេះនឹងជួយដល់ការស្រោចស្រពស្រែប្រាំងរបស់កសិករយោ៉ាងតិចក៏១.០០០ហិចតាដែរ។ព្រោះកន្លងមកពុំមានប្រព័ន្ធធារាសាស្ត្រដូច្នេះ កសិករមិនបានធ្វើស្រែប្រាំងអស់លទ្ធភាពទេ។
សូមបញ្ជាក់ថាឃុំសំបួរមានផ្ទៃដីកសិកម្មប្រមាណ៣.២០០ហិចតា មានពលរដ្ឋ១.៧៣៦ហិចតា មនុស្សរាយ ៧.៨៨៨នាក់។ពួកគេនឹងទទួលបានផលពីប្រព័ន្ធដូចខាងលើនេះ។
លោក ឡុង ពុន អភិបាលស្រុកមង្គលបូរីអោយដឹងដែរថា:ចំពោះមុខនេះក្រសួងអភិវឌ្ឍន៍ជនបទក៏កំពុងស្ថាបនាស្ពាននិងដាឡូ(លូប្រអប់) សម្រួលផ្លូវខេត្តលេខ១៥៦C ចំណុចប្រសព្វនឹងផ្លូវជាតិលេខ៥ពីផ្សារអូរស្ងួតឃុំបន្ទាយនាងទៅឃុំសំបួរ។ឯក្រសួងធនធានទឹកកំពុងស្ថាបនាសំណង់ស្ទាក់ទឹក ប្រឡាយ ទា្វរទឹកក្នុងឃុំសំបួរនេះដើម្បីឆ្លើយតបសំណូមពរនិងតម្រូវការរបស់ពលរដ្ឋមូលដ្ឋាន៕



































