ក្រោយពីសារព័ត៌មានក្នុងស្រុកក៍ ដូចជាទូរទស្សន៍អប្សរា បានចេញផ្សាយលិខិតស្នើ របស់ប្រជាពលរដ្ឋនៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង សុំអន្តរាគមន៍ពីឯ,ឧអភិបាលខេត្ត ជួយអោយមន្ទីរពាក់ព័ន្ធ ទប់ស្កាត់ជនខិលខូច លួចបើកទ្វារទឹកដាក់ស្បៃមុងចាប់ត្រី នៅទំនប់បារាំង ធ្វើ
អោយអាងស្តុបទឹកបឹងធំរីងស្ងួត នឹងធ្វើអោយស្រែប្រាំងខ្លះ ងាប់និងខ្លះខ្វះទឹកស្កកខូចបាត់ បង់ទិន្នផលជាង២០ហិតា នៅចំណុចកន្លងអិនមក នៅល្ងាចថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៥ លោកអភិបាលខេត្តបានចាត់តាំងអោយលោកប្រធានមន្ទីរព័ត៌មានខេត្តដឹកនាំក្រុមការងារចំរុះមួយក្រុម និងអ្នកកាសែតចុះទៅពិនិត្យទ្វារទឹកទំនប់បារាំងនិងស្រែប្រាំង ដើម្បីរួមគ្នាដោះស្រាយសំណូមពរប្រជាពលរដ្ឋ។
ក្រុមចំរុះខាងលើនេះរួមមាន លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានមន្ទីរកសិកម្មខេត្ត លោកប្រធានករិយាល័យរដ្ឋបាលសាលាក្រុងកំពង់ឆ្នាំង លោកស្រីចៅសង្កាត់កំពង់ឆ្នាំង លោកមេភូមិកណ្តាល និងតំណាងប្រជាពលរដ្ឋភូមិកណ្តាលមួយចំនួនបានចូលរួមផងដែរ។
ក្រោយពេលក្រុមការងារចំរុះចុះត្រួតពិនិត្យទ្វារទឹកទំនប់បារាំង និងដីស្រូវស្រែប្រាំងដោយផ្ទាល់នៅចំណុចកន្លងអិន របស់អ្នកស្រុកភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុមការងារបានឯកភាពគ្នាវាយតម្លៃថា៖ដីស្រូវស្រែប្រាំងចំណុចនេះរបស់អ្នកភូមិកណ្តាល សង្កាត់កំពង់ឆ្នាំសរុបមានចំនួន២២ហិកតា គឺ២ហិកតាបានស្វិតងាប់ខូចទាំងស្រុង ៣ហិតាបាត់បង់ទន្និផល៥០% និង១៨ហិកតាទៀតអាចបាត់បង់ទិន្នផល៣០% ព្រោះថាប្រភពទឹកនៅបឹងធំត្រូវរីងស្ងួត ដោយសារជនខិលខូចលួចបើកទ្វារទឹកទំនប់បារាំងដាក់ស្បៃមុងចាប់ត្រីកន្លងមក។
ដោយឡែកស្រូវស្រែប្រាំងរាប់រយហិកតាទៀត របស់អ្នកស្រុកសង្កាត់កំពង់ឆ្នាំង និងសង្កាត់ផ្សាឆ្នាំង ក្រុមការងារមិនទាន់ចុះទៅពិនិត្យនៅឡើយទេ និងក៏មិនអាចដឹងពីផលប៉ះពាល់ខ្វះទឹក និងខូចខាតប៉ុន្មានហិកតាដែរ។ប៉ុន្តែលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មនិយាយថា ដីស្រូវស្រែប្រាំងដែលមិនទាន់ប្រមូលផលនៅចំណុចបឹងធំសរុបពេលនេះមានមិនលើសពី១០០ហិកតាឡើយ។ប៉ុន្តែលោកស្រីចៅសង្កាត់កំពង់ឆ្នាំង និងលោកមេភូមិកណ្តាល និយាយថាស្រូវស្រែប្រាំងនៅតំបន់បឹងធំអាចមានច្រើនជាងនេះដែលមិនទាន់ប្រមូលផល។
ទាក់ទងនិងទ្វារទឹកទំនប់បារាំង លោក ឈាង វណ្ណៈ ប្រធានករិយាល័យរដ្ឋបាលមន្ទីរព័ត៌មានខេត្ត នៅក្នុងក្រុមការងារចំរុះបាននិយាយអោយដឹងថា៖ លោក ដោក ប៊ុនថុន បានទូរសព្ទ័អោយលោកដឹងថា ឆ្នាំក្រោយលោកនិង ជួសជុលទ្វារទឹក និងទំនប់បារាំងអោយខ្ពស់ជាងនេះបន្ថែមទៀតដើម្បីទប់ទឹកក្នុងអាងស្តុបទឹកបឹងធំអោយបានច្រើន និងធានាទឹកធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋ នៅចំណុចនេះអោយបានទឹកគ្រប់គ្រាន់។
គួរបញ្ជាក់ថា៖ទាក់ទងនិងស្ថិតិដីស្រែប្រាំងនៅជុំវិញតំនប់បឹងធំ ដែលជាដីស្ថិតនៅក្នុងសង្កាត់កំពង់ឆ្នាំងនិងសង្កាត់ផ្សារឆ្នាំង គឺស្ថិតិដីរបស់មន្ទីរកសិកម្មខេត្ត មន្ទីរធនធានទឹកខេត្ត គឺអាចខុសគ្នាជាមួយស្តិតិដីរបស់អាជ្ញាធរសង្កាត់និងក្រុងកំពង់ឆ្នាំងដែលបានលើកឡើង ក្នុងរឿងនេះគេមិនដឹងថាស្ថិតិខាងណាមួយខុស ខាងណាមួយត្រូវនោះទេ រឿងនេះទុកអោយលោកអភិបាលខេត្តកំពង់ឆ្នាំងគ្រប់គ្រងសួរនាំនិងចាត់ចែងក្តាប់ស្ថិតិអោយបានច្បាស់តាមតួនាទីទៅចុះ តែសំខាន់អាណិតមេត្តាកុំអោយប្រជាពលរដ្ឋខ្វះទឹកធ្វើស្រែប្រាំងទៀត៕



































