ភ្នំពេញ ៖ រនាំងដែកចែកទ្រូងផ្លូវដែលស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្ស៊ីបានបាក់រងការខូចខាតចំនួន២០ផ្ទាំងដោយសារតែរថយន្តតូយូតា ព្រូស មួយគ្រឿង ម្ចាស់ស្រវឹងស្រាធ្លាក់ភ្នែកបានបើកបុករះយ៉ាងពេញទំហឹងបណ្តាលឲ្យរនាំងដែកចែកទ្រូងផ្លូវខ្ទាតទៅប៉ះនិងម៉ូតូមួយគ្រឿងទៀតធ្វើឲ្យមនុស្សពីរនាក់រងធ្ងន់និងស្រាលកាលពីវេលាម៉ោង៥ និង២០ នាទីទៀបភ្លឺថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ ត្រង់ចំណុចមុខក្រសួងកាពារជាតិ តាមបណ្ដោយមហាវិថីសហពន្ធ័រុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលចុះអន្តរាគមន៍នៅកន្លែងកើតហេតុបានអោយដឹងថា មានរថយន្តព្រូសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X- 4584 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រា ហើយបានរួមដំណើរជាមួយបុរសម្នាក់ទៀតនោះបានធ្វើដំណើរតាមបណ្ដោយមហាវិថីសហពន្ធ័រុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿន
លឿនដូចផ្លេកបន្ទោលស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុករះនិងរនាំងដែកចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់រប៉ាត់រប៉ាយពេញផ្លូវរងការខូចខាតអស់ចំនួន២០ផ្ទាំងហើយរនាំងដែកចែកទ្រូងផ្លូវបានខ្ទាតទៅប៉ះនិងម៉ូតូមួយម៉ាក ហុងដាឌ្រឹម ធុនC125 ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1P- 1174 ដែលជិះធ្វើដំណើរដោយប្តីប្រពន្ធកូន៣នាក់បណ្ដាលឲ្យ
ដួលម៉ូតូរងរបួសធ្ងន់និងស្រាលត្រូវគេដឹងយកទៅមន្ទីរពេទ្យភ្លាមៗហើយចំណែករថយន្តបង្កហេតុនេះបានបែកកង់ខាងមុខផ្នែកឆ្វេងទៅមុខលែងរួច ហើយម្ចាស់រថយន្តបើកទ្វារចេញក្រៅនិងគេចខ្លួនបាត់ស្រមោល។
ប្រភពព័ត៌មានបានអោយដឹងទៀតថាក្រោយពេលកើតហេតុប្រហែល១០នាទីសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុនិងធ្វើការវាស់វែងនិងអូសរថយន្ត បង្កហេតុនេះយកទៅការិយាល័យចរាចរជើងគោកដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់៕