ដើម្បីអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថភាព លោក ចាន់ បណ្ឌិត នាយករងរដ្ឋបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាមទីតាំងល្បែងស៊ីសង ហ្គេមបាញ់ត្រីពីរកន្លែង ដែលបើកលួចដាក់ នៅក្នុងក្លឹបមេនញូ តាមបណ្តោយផ្លូវ៦៣ ក្រុម៦៦ ភូមិ១១
សង្កាត់ផ្សារថ្មី៣ និងផ្ទះលេខ១៥៧ ផ្លូវ៦៣ ក្រុម៤២ ភូមិ៧ សង្កាត់ចតុមុខ ជាលទ្ធផល ដកហូតបានទូរហ្គេមបាញ់ត្រី ចំនួន៤ទូរ យកមករក្សាទុក នៅសាលាខណ្ឌ ដូនពេញ បន្ទាប់ពីមានបទបញ្ជា ពីលោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានបញ្ជាឱ្យមន្ដ្រី សាលាខណ្ឌ ចុះអនុវត្ដបង្ក្រាបទីតាំងល្បែងហ្គេមស៊ីសងខាងលើនេះ ។
ក្នុងការចុះបង្ក្រាបហ្គេមបាញ់ត្រី ខាងលើនេះ បានប្រព្រឹត្ដឡើង កាលពីវេលាម៉ោង២រហូតដល់ម៉ោង៤រសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ នៅក្នុងក្លឹបមេនញូ ផ្លូវ៦៣ក្រុម៦៦ ភូមិ១១ សង្កាត់ផ្សារថ្មី៣ និងផ្ទះលេខ១៥៧ផ្លូវ៦៣ក្រុម៤២ភូមិ៧សង្កាត់ចតុមុខខណ្ឌដូនពេញ ។
លោក ចាន់ បណ្ឌិត នាយករងរដ្ឋបាល ខណ្ឌដូនពេញ បានឱ្យដឹងថា ដោយមានការបញ្ជា ពីលោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានបញ្ជាកម្លាំងខណ្ឌដូនពេញ ចុះត្រួតពិនិត្យទីតាំងលួចលាក់បើកហ្គេមបាញ់ត្រី និងហ្គេមបៀរប្រភេទល្បែងស៊ីសងខុសច្បាប់ នៅក្នុងខណ្ឌ ដែលភាគច្រើនសម្បូរទៅដោយសិស្សសាលា និងជនសង្គមងងឹតមួយចំនួន ដែលបានធ្វើសកម្មភាព ឆក់ លួច ប្លន់ ដោយសារតែកន្លែងលេងល្បែងស៊ីសងទាំងនេះ ។

លោកបានបន្ដទៀតថា ដើម្បីទប់ស្កាត់បទល្មើស ដែលកើតមានឡើង និងអនុវត្ដតាមគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព លោកនឹងបន្ដអនុវត្ដ ចុះបង្ក្រាបទីតាំងល្បែងស៊ីសង ដែលលួចលាក់បើកក្នុងមូលដ្ឋានខណ្ឌដូនពេញ ។
សូមបញ្ជាក់ថា ជាលទ្ធផល ទូហ្គេមបាញ់ត្រី ដែលដកហូតបានចំនួន៤គ្រឿង ត្រូវបានយកមករក្សាទុក នៅសាលាខណ្ឌដូនពេញ និងវាយកម្ទេចចោលនៅពេលក្រោយ ចំណែកឯម្ចាស់ទីតាំង ត្រូវបានអាជ្ញាធរ ធ្វើកិច្ចសន្យាឲ្យផ្អាកដំណើរការជាបណ្ដោះអាសន្ន ៕




































