ស្ទឹងត្រែង: ផ្ទះប្រជាពលរដ្ឋចំនួន ៣ ម្ចាស់ ដែលសង់អំពីឈើដំបូលប្រក់ស័ង្កសី ស្ថិតនៅជាប់ៗគ្នា ក្នុងភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវភ្លើងឆេះអស់ទាំងស្រុងចំនួន៣ខ្នង និង៣ខ្នងទៀតរងការខូចខាតខ្លះៗ កាលពីម៉ោងជាង ១០ ព្រឹកថ្ងៃទី២២ ខែមីនា
ឆ្នាំ២០១៥។
លោក សៀក មេគង្គ មេឃុំស្រែគបានប្រាប់ឲ្យដឹងថា៖ ផ្ទះប្រជាពលរដ្ឋចំនួន ៣ ម្ចាស់ដែលសង់អំពីឈើត្រូវចេះអស់ទាំងស្រុង។ រីឯ៣ខ្នងទៀតរងការខូចខាតបន្តិចបន្តួចត្រូវបានគេជួយពន្លត់ទាន់ពេលវេលា ដោយក្រុមអ្នកភូមិ បានប្រើម៉ាស៊ីនបូមទឹក ចំនួន ១០ គ្រឿង បូមទឹកពីក្នុងទន្លេសេសាន ដែលមានចម្ងាយជាង ១០០ ម៉ែត្រទើបអាចពន្លត់បាន។ចំពោះសម្ភារៈ លុយកាក់ ទ្រព្យសម្បត្តិ ក្នុងផ្ទះក៏ត្រូវខូចខាតអស់មួយចំនួនធំ។
លោកមេឃុំស្រែគ បានអះអាងថា ដើមហេតុពីដំបូង ភ្លើងបានឆាបឆេះ ចេញពីផ្ទះប្រជាពលរដ្ឋមួយគ្រួសារ ដែលម្ចាស់មិននៅ។បន្ទាប់មក ក៏ឆាបឆេះជាបន្តបន្ទាប់ រហូតអស់ផ្ទះបីម្ចាស់។
រហូតមក ទល់នឹងរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥ គេនៅមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដ ដែលបណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋ និងទំហំនៃការខូចខាតទាំងនោះនៅឡើយទេ។ម៉ាក មេត្តា




































