ទស្សនកិច្ចរយៈពេល២ថ្ងៃ គឺថ្ងៃទី២១និង២២ខែមិនាឆ្នាំ២០១៥ដើម្បីស្វែងយល់អំពីសហគមន៍នេសាទនៅកម្ពុជា ប្រតិភូសាស្ត្រាចារ្យសកលវិទ្យាល័យតូត្យូប្រទេសជប៉ុនចំនួន៣រូប និងលោក យេហាស់ ស្ទីង ជនជាតិអាមេរិក ជាសប្បុរសជន លោក លាង សុផា ប្រធាននាយកដ្ឋានអភិវឌ្ឍន៏សហគមន៏នេ សាទ បានអញ្ជើញចុះស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ សហគមន៏នេសាទចំនួន៨ក្នុងស្រុកចំនួន៣ ដោយមានការជូនដំណើរពីលោក សោម ភិរុណ នាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំង និងមន្ត្រីរដ្ឋបាលជលផលជាច្រើនរូបទៀត។
លោក សោម ភិរុណ នាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងថាៈ ក្នុងដំណើរទស្សនៈកិច្ចរយៈពេល២ថ្ងៃនេះ គឺបានទៅដល់កន្លែងសហគមន៏ទាំង៨ក្នុងស្រុកចំនួន៣ ក្នុងនោះមាន ស្រុកជល គីរី ស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ ដោយប្រតិភូបានសម្ភាសន៏ដោយផ្ទាល់អំពីស្ថានភាពនៃការ គ្រប់គ្រងនិងសេដ្ឋកិច្ច ជីវភាពរបស់សមាជិកសហគមន៏នេសាទ ក្រោយពេលដែលលោកយេហាសស្ទីង
សប្បុរសជនអាមេរិកបានផ្តល់នូវថវិការសម្រាប់ទ្រទ្រង់សហគមន៏ទាំង៨ខាងលើ លើផ្នែកការពារ កន្លែងអភិរក្សត្រីមេពូជ បង្កើតឥណទានកម្ចីខ្នាតតូចសម្រាប់ពង្រីកមុខរបរសមាជិកសមាគមន៏ ដើម្បីលើកកំពស់ជីវភាព រស់នៅអោយបានល្អប្រសើរ និងធានាបាននូវនិរន្តភាព នៃការគ្រប់គ្រងថែរក្សារ ការពារធនធានជលផល ។

លោក សោម ភិរុណ បានអោយដឹងទៀតថា៖កន្លងទៅសហគមន៏នេសាទទាំង៨បានទទួលការផ្តល់ថវិការចំនួន ២៦ ៥០០ ០០០រៀលពីលោក យេហាសស្ទីង រហូតដល់បច្ចុប្បន្នសហគមន៏ទាំង៨បានចំណូលកើនឡើងដល់ ៣០ ៨៥១ ៩០០រៀល។ ក្នុងឱកាសទស្សនកិច្ចនេះដែរ សប្បុរសជនដដែលនេះបានផ្តល់ថវិការចំនួន៥០ម៉ឺនរៀលក្នុង១សហគមន៏បន្ថែមទៀតលើប្រាក់ដែលមានស្រាប់ ។ ប្រតិភូបានស្វែងយល់ពីបំណងរបស់សហគមន៏នៅស្រុកកំពង់ត្រឡាចលើផ្នែកអភិវឌ្ឍន៏ វារីវប្បកម្ម និងបានទៅទស្សនកិច្ចកន្លែងអភិរក្សមេពូជនៅ ក្នុងបឹងភក់ ដែលគ្រប់គ្រងដោយសហគមន៏កំពង់ត្រឡាច ផងដែរ។
លោក សោម ភិរុណ នាយខណ្ឌ័រដ្ឋជលផលកំពង់ឆ្នាំង បានថ្លែងអំណរគុណចំពោះប្រតិភូ សាស្ត្រាចារ្យជប៉ុន ដឹកនាំដោយលោក ណូបូយូគីយ៉ាហ្គី និងលោក យេហាសស្ទីង ដែលបានចុះមកទសនៈកិច្ចស្វែងយល់និងនាំថវិការមកផ្តល់ជូនសហគមន៏នេសាទបន្ថែមទៀត។ ក្នុងនោះដែរលោកក៏បានផ្តាំផ្ញើដល់សមជិកសហគន៏ ត្រូវបន្តការខិតខំប្រឹងប្រែងបន្តទៀត ក្នុងកិច្ចការអភិរក្សធនធានជលផល និងអភិវឌ្ឍន៏សហគមន៏ ដើម្បីរីកចំរើនបន្ថែមទៀត៕




































