បន្ទាយមានជ័យៈ ក្នុងវេទិកាសាធារណៈមួយស្តីពី ការប្រយុទ្ធប្រឆាំងអំពើរពុករលួយ និងវប្បធម៌និទណ្ឌភាព ប្រជាពលរដ្ឋប្រមាណជិត២០០នាក់ ដែលជួបញ្ហាដីធ្លីក្នុងខេត្តចំនួន៣ មានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ធំ បានសម្តែងពីកង្វល់ និងស្រែករកជំនួយពីអាជ្ញាធរ ។
វេទិកានេះធ្វើឡើងកាលពីថ្ងៃទី២៣ មីនា ២០១៥ នៅបរវេនវេទិកាខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយគណៈកម្មាធិការកម្ពុជា ឯករាជប្រឆាំងអំពើរពុករលួយ ក្រោមការឧបត្ថម ពីអង្គការ T.I ។
ក្នុងចំណោមបញ្ហាដីធ្លីដែលបានលើកឡើងពីសំណាក់តំណាងពលរដ្ឋនៃខេត្តទាំង៣ ក្នុងនោះលោក ម៉ាត់ លី អាយុ៥៦ឆ្នាំ តំណាងអោយប្រជាពលរដ្ឋក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដីទំនាស់នេះមានចំនួន៥០គ្រួសាររស់នៅតាំងពីឆ្នាំ១៩៩៧ បានរងគ្រោះដោយសារឈ្មោះ អ៊ូ សុខា និងបក្សពួកបានយកគ្រឿងចក្រមកឈូសឆាយបំផ្លាញដំណាំ និងផ្ទះសំបែង ដោយអះអាងថាខ្លួនជាម្ចាស់ដីនិងមានប័ណ្ណកម្មសិទ្ធតាំងពីឆ្នាំ១៩៩៣ ។
លោកស្រី ម៉ម ស៊ីថា គណៈកម្មាធិការកម្ពុជា ឯករាជប្រឆាំងអំពើរពុករលួយតបនិងការលើកឡើងរបស់ពលរដ្ឋ បានណែនាំដល់ពួកគាត់ដែលបញ្ហាដីធ្លីទាំងអស់ត្រូវរៀបចំដាក់ពាក្យបណ្តឹងយ៉ាងណាអោយត្រឹមត្រូវ និងស្របតាមជំនាញអាជ្ញាធរ ។
ឯកឧត្តមបណ្ឌិត ឡៅ ម៉ុងហៃ ជាវាគ្មិននៃវេទិកាសាធារណៈនេះផងដែរ ក៏បានពន្យល់ប្រជាពលរដ្ឋអំពីសិទ្ធ និងដែនកំណត់នៃការដាក់ពាក្យបណ្តឹង ព្រមទាំងការសម្រេចរបស់តុលាការ ។ លោកក៏បានសំនូមពរដល់ពលរដ្ឋនៅរាល់ពេលធ្វើការតវ៉ាសូមកុំប្រើអំពើហឹង្សា ។
ជាលទ្ធផលនៃវេទិកាសាធារណៈខាងលើ រាល់បញ្ហាទាំងឡាយរបស់ប្រជាពលរដ្ឋខាងលើ ក្រុមការងារនឹងដាក់ជូនតំណាងរាស្ត្រ ហើយនិងជួបពិភាក្សា ជាមួយអាជ្ញាធរខេត្តទាំង៣ ដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋ ៕



































