ប៉ៃលិនៈព្រះគ្រូមេគណខេត្ត មន្ត្រីសង្ឃថ្នាក់ខេត្ត ក្រុង ស្រុក ចៅអធិការគ្រប់វត្ត និងព្រះគ្រូសូត្រឆ្វេង ព្រះគ្រូសូត្រស្តាំចំនួន៦៦អង្គនៅទូទាំងខេត្តប៉ៃលិនត្រូវបានប្រកាសទទួលស្គាល់ ជាផ្លូវការនិងស្រោចស្រពសុគន្ធវារី ដើម្បីគ្រប់គ្រង ដឹកនាំ វិស័យព្រះពុទ្ធសាសនាឲ្យមានការរីកចំរើនរុងរឿងនៅក្នុងខេត្ត។ពិធីប្រកាសទទួលស្គាល់នេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ខែមីនាឆ្នាំ២០១៥នៅវត្តរតនសោភ័ណ្ឌ(ហៅវត្តកោងកាង)ស្ថិតក្នុងភូមិវត្តសង្កាត់ប៉ៃលិនក្រុងប៉ៃលិនខេត្តប៉ៃលិន ក្រោមព្រះរាជអធិបតីភាព សម្តេចព្រះវនរ័ត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ព្រះរាជាណាចក្រកម្ពុជា លោក កើត សុធា អភិបាលខេត្ត លោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីព្រះសង្ឃ មន្ត្រីរាជការនិងពុទ្ធបរិស័ទ ជាច្រើនរយនាក់ផងដែរ។
លោក សំ សាវឿន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តប៉ៃលិនបានឲ្យដឹងថាវត្តអារ៉ាមក្នុងខេត្ត ប៉ៃលិនមានចំនួន២៩វត្ត(វត្តធម្មយុត្តិកនិកាយចំនួន៥កន្លែង) និងមណ្ឌលវិប្បនសនា ១កន្លែង។ព្រះសង្ឃសរុបចំនួន៣៤២អង្គ(ក្នុងនោះសាមណេរចំនួន២៤៤អង្គ) ។
លោកបានបន្តថានៅខេត្តប៉ៃលិនមានសាលាពុទ្ធិកបឋមសិក្សាចំនួន៩សាលាមានសមណសិស្សចំនួន១២៣អង្គនិងសាលាពុទ្ធិកមធ្យមសិក្សាអនុវិទ្យាល័យចំនួន១កន្លែងមានសមណសិស្សកំពុង សិក្សាចំនួន៩៧អង្គ។សាលាធម្មវិន័យចំនួន៦សាលាមានសមណសិស្សចំនួន១២៣អង្គ ។
លោក សំ សាវឿន បានបញ្ជាក់ថាព្រះរាជប្រកាសនីយបត្រ សម្រេចតែងតាំងព្រះគ្រូរតនមុនី ចាន់ គង់ ជាព្រះមេគណខេត្តប៉ៃលិន និងមន្ត្រីសង្ឃថ្នាក់ខេត្តចំនួន៥ អង្គ និង ព្រះគ្រូរក្ខិតធម្មោ ជៀប សារ៉ាន់ ជាព្រះអនុគណក្រុងប៉ៃលិន ។ប្រកាសនីយបត្រ សម្រេចតែងតាំងមន្ត្រីសង្ឃថ្នាក់ក្រុងស្រុង និងចៅអធិការគ្រប់វត្ត រួមនិងព្រះគ្រូសូត្រឆ្វេង និងព្រះគ្រូសូត្រស្តាំចំនួន៥៩អង្គផងដែរ។
លោក កើត សុធា អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថាការអភិវឌ្ឍប្រទេសឲ្យមានការ រីកចំរើន គឺវិស័យពុទ្ធចក្រ និងអាណាចក្រត្រូវដើរទន្ទឹមគ្នា និងអាចខ្វះវិស័យណាមួយបានឡើយ។
លោកបានបន្តថាទន្ទឹមនឹងនេះមន្ត្រីសង្ឃនិងព្រះសង្ឃជាចៅអធិការគ្រប់វត្តត្រូវសហការជាមួយមន្ទីរធម្មការនិងសាសនាខេត្តពង្រឹងគុណភាពសាលាពុទ្ធិកសិក្សាគ្រប់កំរិតដើម្បីអោយក្លាយជាជាថ្នាក់បណ្តុះបណ្តាលព្រះធម៌ ព្រះវិន័យ ភាសាបាលី សំស្ត្រឹត និងចំណេះទូទៅ ដល់ព្រះសង្ឃជាសាមណ សិស្ស ព្រោះថាបច្ចុប្បន្នលោកសង្កេតឃើញធនធានព្រះសង្ឃផ្នែកវិស័យព្រះពុទ្ធសាសនានៅក្នុង ខេត្តប៉ៃលិននៅមានកម្រិតនៅឡើយ ។
សម្តេចព្រះវនរ័ត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣នៃព្រះរាជាណាចក្រកម្ពុជាបានព្រះរាជ បន្ទូលកោតសសើរចំពោះថ្នាក់ដឹកនាំខេត្តនិងថ្នាក់នាំមន្ទីរធម្មការ និងសាសនា ខេត្តដែលបានខិតខំ បំពេញតួនាទីនិងភារកិច្ចលើកស្ទួយនិងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាឲ្យមានការរីកចំរើន ដោយមាន វត្តអារ៉ាមជាច្រើនកន្លែងត្រូវបានកសាងឡើងវិញ បន្ទាប់ពីត្រូវបានបំផ្លាញស្ទើរអស់ទាំងស្រុងក្នុងសម័យសង្គ្រាម។
សម្តេចបានមានព្រះរាជបន្ទូលផ្តាំផ្ញើរដល់មន្ត្រីសង្ឃ ព្រះគ្រូចៅអធិការគ្រប់វត្ត និងព្រះសង្ឃ គ្រប់អង្គត្រូវគោរពព្រះវិន័យរបស់ព្រះពុទ្ធសានាដែលជាសាសនារបស់រដ្ឋប្រកាន់យកព្រះពុទ្ធឪវាទដើម្បីជាទីគោរពបូជា របស់ពុទ្ធសាសនិកនិងអប់រំចរិយាធម៌ ស្មារតីជម្រុះចោលនូវការលោភលន់ ការច្រណែននិន្ទា គំនុំ និងអំពើហិង្សា ដើម្បីជាគុណប្រយោជដល់ការថែរក្សា ការពារសេចក្តីសុខសន្តិ ភាព ស្ថេរភាព សាមគ្គីភាព លើកស្ទួយការកសាងជាតិឆ្ពោះទៅរកសេចក្តីថ្កុំថ្កើនរុងរឿង សម្បូរ សប្បាយតរៀងទៅ៕


































