ភ្នំពេញ ៖ ក្រុមប្លន់ប្រដាប់អាវុធ៣នាក់ ដែលតែងតែធ្វើសកម្មភាពឆក់ ប្លន់ និង កាច់កម៉ូតូ របស់ប្រជាពលរដ្ឋយ៉ាងសកម្មភាពក្នុងរាជធានីភ្នំពេញ បានត្រូវសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ មីនា ឆ្នាំ២០១៣ សម្រេចឃុំខ្លួនដាក់ពន្ឋនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស។
បុរសទាំង៣នាក់ឈ្មោះសុខ សុភ័ក្ត្រ ហៅម៉ៅ អាយុ៣៥ឆ្នាំ ,ឈ្មោះ ស៊ុន វណ្ណៈ ហៅណាក់ អាយុ៣១ឆ្នាំ មានទីលំនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌឬស្សីកែវ និងឈ្មោះ ចាន់ សង្ហា អាយុ២៨ឆ្នាំ មានទីលំនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ប្រភពពីសមត្ថកិច្ចប៉ូលិសបានឱ្យដឹងថា កាលពីអាធ្រាត្រម៉ោង២ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ នៅផ្លូវលេខ២០០២ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កម្លាំងល្បាតបានដើរត្រួតពិនិត្យតាមដងផ្លូវដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
បន្ទាប់មកក៏ប្រទះឃើញបុរសទាំង៣នាក់ដើរតាមដងផ្លូវ សមត្ថកិច្ចមានការសង្ស័យ បានហៅមកត្រួតពិនិត្យ រួចរកឃើញកាំភ្លើងខ្លីមួយដើមម៉ាកកា៥៩ និងគ្រាប់ចំនួន៧គ្រាប់ដែលលាក់ទុកក្នុងកាបូប ស្ពាយ ហើយសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចពួកគេបានសារភាពថា ពួកគេធ្លាប់ជាប់ពន្ឋនាគារ និងធ្លាប់ធ្វើ សកម្មភាពលួច ប្លន់បានចំនួន៥ដង បានសម្រេច២ដង និងមិនបានសម្រេច៣ដង ហើយ ចំពោះកាំភ្លើងម៉ាកកា៥៩នេះ គឺ ឈ្មោះ សុខ សុភ័ក្ត្រ បានទិញពីបក្ខពួកម្នាក់ដែលបានបាញ់ប្លន់សម្លាប់អាជីវករ លក់មាសនៅផ្សារចាស់ ខណ្ឌដូនពេញកាលពីឆ្នាំ២០១០៕