(ឧត្តរមានជ័យ)
ប្រជុំគណៈកម្មការចុះដោះស្រាយបញ្ហាទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ជាយូរឆ្នាំមកហើយ នៅចំណុចអូរអំបិល ក្នុងស្រុកអន្លង់វែង ដែលប្រជាពលរដ្ឋចំណាក់ស្រុកបានមករស់នៅក្នុងតំបន់បរិស្ថាន ដោយកន្លងមកអាជ្ញាធរបានចុះហាមឃាត់មិនសង់លំនៅដ្ឋាន និងការកាប់រុករានដីព្រៃ ដោយពួកគាត់មិនព្រមទៅណានោះឡើយ។
គណៈកម្មការដោះស្រាយចុះដោះស្រាយចំណុចអូរអំបិល ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ ឯកឧត្តម វ៉ាត់ ប៉ារ៉ានីន អភិបាលរងខេត្តឧត្តរមានជ័យ នៅសាលាស្រុកអន្លង់វែង បានដាក់ផែនការដល់ក្រុមការងារចុះធ្វើបច្ចុប្បន្នភាពប្រជាជន ទាំងថ្មីទាំងចាស់ឱ្យបានច្បាស់លាស់ និងចំនួនផ្ទៃដីប៉ះពាល់ ដើម្បីស្នើរសុំអនុប្រយោគពីរាជរដ្ឋាភិបាល ធ្វើការកាត់ដីចេញពីតំបន់បរិស្ថាន ឬក៏ដីដែលស្ថិតក្រោមរក្សាទុកគំរបរដ្ឋបាកព្រៃឈើ រួចធ្វើការចែងចែកឃ្វាលដីប្រគល់ជូនដល់ប្រជាពលរដ្ឋ នៅចំណុចអូរអំបិលនោះ និងធ្វើអត្តសញ្ញាណកម្មដី ជូនប្រជាពលរដ្ឋមានសិទ្ធប្រើប្រាស់។

ចំពោះបញ្ហានេះ ប្រជាពលរដ្ឋបានអះអាងថា ពួកគាត់មួយចំនួន បានទិញពីឈ្មោះ រី ហេង ជាមន្ត្រីបរិស្ថានកូនចៅរបស់ លោក ខេង សុជាតិ នាយកដែនចម្រកសត្វព្រៃគូលេន-ព្រហ្មទេព ហើយមួយចំនួនទៀតបានមករស់នៅដោយខ្លួនឯង និងតាមរយៈស្គាល់គ្នា ហើយបានមកសង់លំនៅដ្ឋាន និងកាប់ដីព្រៃ វៀតយកដី ដើម្បីធ្វើស្រែចំការអាស្រ័យផល ហើយពួកគាត់ទទួលស្គាល់ថា វាខុសទៅនឹងហាមឃាត់ដីព្រៃបរិស្ថាន និងច្បាប់ដីរដ្ឋដែរ។ ក៏ប៉ុន្តែពួកគាត់បានលើកឡើងថា នៅស្រុកពុំមានដីសំរាប់អាស្រ័យផលនោះឡើយ ដូច្នេះទើបនាំគ្នាទ្រាំរស់នៅអាស្រ័យផលលើដីដែលខំកាប់ឆ្ការ ដែលប្រឈមមុខនឹងមន្ត្រីជំនាញចុះរារាំងដេញចាប់ចង់ជារៀងរាល់ថ្ងៃ ពីសំណាក់មន្ត្រីបរិស្ថាន ។ ចំពោះអ្វីដែលពួកគាត់កំពុងតែធ្វើសព្វថ្ងៃ គឺពួកគាត់បានស្នើរសុំទៅដល់អាជ្ញាធរ ឃុំ-ស្រុក និងថ្នាក់ខេត្ត ដើម្បីឱ្យពួកគាត់បានរស់នៅមានសិទ្ធដូចប្រជាពលរដ្ឋឯទៀត និងមានសិទ្ធជ្រកកោណក្នុងរដ្ឋបាលរបស់អាជ្ញាធរ ព្រោះប្រជាជននៅក្នុងចំណុចអូរអំបិល នេះបានកើនឡើងដល់ចំនួន៣៦០គ្រួសារ។

ឯកឧត្តម វ៉ាត់ ប៉ារ៉ានីន បានមានប្រសាសន៍ថា កន្លងមកអាជ្ញាធរបានធ្វើការដោះដូរថ្មីនៅតំបន់ផ្សេងៗជូនពួកគាត់រួចម្តងមកហើយ តែប្រជាពលរដ្ឋមិនព្រមទៅរស់នៅនោះឡើយ ដោយពួកគាត់និយាយថា ពួកគាត់មិនចង់ទៅរស់នៅតំបន់ឆ្ងាយពីផ្លូវជាតិឡើយ គឺសុំត្រឹមដីសង់លំនៅដ្ឋាននៅជាប់ផ្លូវជាតិប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋនៅចំណុចអូរអំបិល នេះ បានជឿតាមការបំផុសបំផុលមេក្លោងមួយចំនួន ហើយបានធ្វើការប្តឹងអន្តរាគមន៍ទៅដល់ថ្នាក់ជាតិ ព្រមទាំងទៅគ្រប់ស្ថាប័នក្រសួង និងដល់ខុទ្ទិការល័យរដ្ឋសភាផងដែរ តែរហូតដល់ពេលនេះ ឯកសារដោះស្រាយត្រូវបានថ្នាក់ដឹកនាំចំណារ បញ្ជូនត្រឡប់ទៅឱ្យអាជ្ញាធរ ស្រុក និងខេត្ត ធ្វើការដោះស្រាយវិញ។

លោក ហោ ជិនវីរៈយុទ្ធ អភិបាលស្រុកអន្លង់វែង បានលើកឡើងថា ចំណុចត្រូវចោទក្រៅពីផែនការដោះស្រាយចែងចែកប្រគល់ដី ដល់ប្រជាពលរដ្ឋទាំង៣៦០គ្រួសារ នៅចំណុចអូរអំបិល ហើយពួកគាត់បានស្នើរសុំជ្រកកោណក្រោមរដ្ឋបាលជាមួយអាជ្ញាធរផងដែរ។ ដោយបញ្ហាយើងបានរកឃើញដំណោះស្រាយជូនពួកគាត់ជាបណ្តើរៗហើយ ក៏ប៉ុន្តែបញ្ហាទៅថ្ងៃមុខពួកគាត់អាចប្រឈមមុខនឹងបញ្ហាប្លង់កាន់កាប់ដីធ្លីត្រួតជាន់លើគ្នា ព្រោះនៅចំណុចអូរអំបិល កន្លងមកអាជ្ញាធរស្រុកយល់ច្រឡំថា តំបន់ខាងលើ គឺស្ថិតនៅក្រោមរដ្ឋបាលឃុំអន្លង់វែង តែនៅក្នុងផែនទីចំណុចខាងលើ គឺស្ថិតនៅក្រោមរដ្ឋបាលឃុំថ្លាត ទៅវិញ ដែលនេះបញ្ហារារាំងដល់ការដោះស្រាយបញ្ចប់ទំនាស់ដីធ្លីរបស់គណៈកម្មការដោះស្រាយដី៕



































