កងទ័ពយោធាប្រេស៊ីលចំនួន ៣៨ពាន់នាក់ ត្រូវបានរដ្ឋាភិបាល ដាក់ពង្រាយនៅ ទូទាំងទីក្រុង រីយ៉ូ ដើម្បីធានាឲ្យបាននូវសន្តិសុខ ក្នុងអំឡុងពេលព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ឆ្នាំ២០១៦ ។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៥ នេះឲ្យដឹងថា ការដាក់ពង្រាយ កងកម្លាំងនេះ ក្នុងគោលបំណង ដើម្បីចាត់វិធានការបង្ការស្ថានភាព អសន្ដិសុខណាមួយកើតឡើងដូច ពេលកន្លងមក។ លើសពីនេះទៀត ក្រៅពីកងទ័ពថ្មើជើង នៅមានកងទ័ពជើងទឹក និងអាកាស រង់ចាំចេញ ប្រតិបត្តិការក្នុងកំឡុង ពេលព្រឹត្តិការណ៍ កីឡាដ៏ធំបំផុតរបស់ ពិភពលោកនេះផងដែរ។
គួរបញ្ជាក់ផងដែរថា ភាគច្រើននៃកងកម្លាំងទាំង ៣៨ពាន់នាក់នោះ នឹងត្រូវប្រចាំការនៅ ក្នុងទីក្រុងរីយ៉ូ ដែលជាកន្លែងការប្រកួតនេះត្រូវបានធ្វើឡើង បើទោះជាយ៉ាងណាពួកទាហាន មួយចំនួន ក៏នឹងត្រូវបាន បញ្ជូនទៅកាន់ទីក្រុង ដើម្បីការពារក្នុងនាមជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ ប្រកួតបាល់ទាត់អូឡាំពិក រួម បញ្ចូលទាំងទីក្រុង សៅ ប៊ូឡូ ប៊េឡូ ហ័រ៉ីហ្ស៊ូន សាវ៉ាឌ៍រ និងទីក្រុងម៉ាណូស ។
ក្រសួងការពារជាតិប្រេស៊ីល បានរំពឹងទុកថានឹងចំណាយប្រាក់ចំនួន ៥៨០ លាន ស្មើនឹងចំនួនប្រហែល ជា ១៩០លានដុល្លារអាមេរិក នៅឆ្នាំ២០១៤ ឆ្នាំ២០១៥ និងឆ្នាំ២០១៦ សម្រាប់ចំណាយទៅលើបញ្ហា សន្តិសុខក្នុងការ ប្រកួតកីឡាអូឡាំពិកនេះ៕




































