ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានចេញសេចក្តីប្រកាសមួយ ថាខ្លួននឹងដាក់ទណ្ឌកម្មមួយចំនួន ដែលអាចទៅរួច ដើម្បី ឆ្លើយតបចំពោះស្ថានភាពអាក្រក់ ដែលចាំបាច់ត្រូវតែមានដំណោះស្រាយជាបន្ទាន់នៅក្នុង ប្រទេសស៊ូដង់ខាងត្បូង។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២៥ ខែមីនា នេះទៀតថា ក្រុមប្រឹក្សា សន្តិសុខ បានសម្តែងក្តីសោកស្តាយ ដែលលោកប្រធានាធិបតី សាលវ៉ា គឺអ៊ឺ, អតីតអនុ ប្រធានាធិបតី រៀក ម៉ាឆា, និង ក្រុមបក្សនានា ដែលបាននិងកំពុងដឹកនាំស៊ូដង់ខាងត្បូង ទៅរកភាពវិនាស តាមរយៈការអនុវត្តមិនបានចំពោះកិច្ចព្រមព្រៀងដែលបាន ចុះហត្ថលេខា រួមគ្នាកន្លងទៅនេះ។
សេចក្តីថ្លែងការណ៍បញ្ជាក់ដូច្នេះថា “នៅក្នុងកាលៈទេសៈនេះ ក្រុមប្រឹក្សាសន្តិសុខសូមបង្ហាញ ពីឆន្ទៈ ក្នុងការដាក់ទណ្ឌកម្មប្រឆាំង នឹងក្រុមណាក៏ដោយ ដែលកំពុងគម្រាមកំហែងសន្តិភាព, សន្តិសុខ, ឬ ក៏ស្ថិរភាពនៃប្រទេសស៊ូដង់ខាងត្បូង។
គួរបញ្ជាក់ថា លោក គីអ៊ឺ និង លោកម៉ាឆា បានចុះកិច្ចព្រមព្រៀងចុងក្រោយជាមួយគ្នា កាលពីថ្ងៃទី០១ ខែកុម្ភៈ និង បើកកិច្ចចរចាគ្នាកាលពីថ្ងៃទី០៥ ខែមីនា ដើម្បីបង្កើតរដ្ឋាភិបាល អន្តរកាលមួយ ឲ្យបានមុនថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០១៥។ ប៉ុន្តែកិច្ចព្រមព្រៀងនោះមាន អាយុកាលខ្លីណាស់ ដោយកិច្ចព្រមព្រៀងបន្ទាប់នៅទីក្រុង អាឌីស អាបាបា របស់ប្រទេស អេត្យូពី ត្រូវបានរំលោភដោយអំពើហិង្សានៅតែបន្ត៕