ប្រភពពត៌មានច្បាស់ការ ពីអ្នកជិតដិត និងម្ចាស់ឈើប្រណិត ដែលសមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកកំពង់ត្រឡាច ឃាត់ចាប់បាន ដឹកនាំកម្លាំងផ្ទាល់ដោយលោក និល ប៊ុនធឿន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់ត្រឡាច កាលពីវេលាម៉ោងប្រមាណ១ទៅ២យប់ ថ្ងៃទី២៨
ខែមិនា ឆ្នាំ២០១៤ ក្នុងដែនសមត្ថកិច្ច ដែលខ្លួនគ្រប់គ្រង ហើយបានទទួលលាភសក្ការៈ យ៉ាងក្រាស់ក្រែលជាថ្នូរ និងការដោះលែងរថយន្ត និងឈើ ។
ប្រភពបានបន្តអោយដឹងថា រថយន្តខាងលើ ដឹកឈើប្រណិត ជាប្រភេទរថយន្តកូរ៉េ ម៉ាក ហ៊ីយ៉ាន់ដាយ ចំណុះ២តោនកន្លះ កែដឹក១០តោន ដឹកឈើជាង៦០ដុំ ស្មើប្រមាណ៧ទៅ៨ម៉ែត្រគូប ម្ចាស់ឈើឈ្មោះ ទូច ដឹកឈើចេញពីខេត្តពោធិសាត់ ឆ្លងកាត់ទឹកដីខេត្តកំពង់ឆ្នាំង លុះមកដល់ក្រុងកំពង់ឆ្នាំង លោក និល ប៊ុនធឿន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់ត្រឡាច ប្រទះឃើញបានប្រដេញរថយន្តនោះ រហូតដល់ដែនសមត្ថកិច្ចខ្លួន ក៍បានចាប់ឃាត់តែម្តង ។
ក្រោយពីឃាត់រថយន្តខាងលើបាន លោក និល ប៊ុនធឿន ជំរិតទារប្រាក់ពីម្ចាស់ឈើ ចំនួន ១ម៉ឺនដុល្លាជាថ្នូរ និងការដោះលែង តែដោយម្ចាស់ឈើសុំសំរួល ក្នុងតំលៃមួយ ដែលលោកទទួលយកបានគឺ៦ពាន់ដុល្លា លោក និល ប៊ុនធឿន ក៍ធ្វើការដោះលែងស្ងាត់ៗ មិនអោយថ្នាក់លើដឹង ការដោះលែងរថយន្តដឹកឈើខាងលើ ជាថ្នូរនិងទឹកប្រាក់ចំនួន៦ពាន់ដុល្លាខាងលើនេះ រហូតមកដល់ថ្ងៃទី៣០ ខែមិនា ទើបមានការបែកធ្លាយពត៌មាន ។
ពាក់ពាន់និងករណីខាងលើនេះ ពេលអ្នកយកពត៌មានយើង ទូរស័ព្ទចូលសុំការពន្យល់បំភ្លឺ តាមរយៈលេខទូរស័ព្ទ ០៩៧ ៩៩ ៦០ ៣៩៣ នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៤ កន្លងទៅ ពេលនិយាយដល់ចំណុចពាក់ព័ន្ធ និងព៌តមានដោះលែងរថយន្តខាងលើជាថ្នូរ និងទឹកប្រាក់៦ពាន់ដុល្លា លោក និល ប៊ុនធឿន មិនឆ្លើយអ្វីទាំងអស់ រួចបិទទូរស័ព្ទចោល ធ្វើដូចគ្មានរឿងអ្វី ៕