ព្រះសីហនុ´៖យ៉ាងហោចណាស់បុរស ៣នាក់ បានរងរបួសធ្ងន់ ក្នុងឧប្បតិ្តហេតុគ្រោះថ្នាក់ចរាចរណ៏ ដែលបង្ករឡើងដោយខ្លួនឯង ដោយសារតែរថយន្តហ្វ្រាំងមិនស៊ី នៅលើកំណាត់ផ្លូវ ចុះចំណោតក៏ជ្រុលចង្កូតទៅបុកជាមួយ ជញ្ជាំងអគារ បណ្តាលអោយអ្នកបើកបរ រួមជាមួយព្រូ 
រងរបួសជាទម្ងន់ ។ លោកវរៈសេនីយ៏ត្រី ឆេង វុទ្ឋី មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋាន ស្រុកស្ទឹងហាវ បាន អោយដឹងថា ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើ បានកើតឡើងនៅវេលាម៉ោង ១១ និង ០០នាទី ព្រឹកថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៥ នៅចំណុចផ្លូវចំណោតចុះ ទៅអ៊ូទូក ដែលមានទីតាំងស្ថិតនៅ ក្រុម ០១ ភូមិ ០១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅក្នុងហេតុការណ៏នេះ បង្ករឡើងដោយ រថយន្តស្ទូចម៉ាក ហ៊ីយ៉ុនដាយ ពណ៌ សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 3C – 3958 ជារថយន្តរបស់ក្រុមហ៊ុន L.H.R ASIEAN ១. បើកបរដោយឈ្មោះ នន ដារ៉ាវុធ មានស្រុកកំណើត ភូមិព្រៃ សណ្តែក ខេត្តតាកែវ រងរបួសធ្ងន់ – ២. ឈ្មោះ ស៊ីន ភេទ ប្រុស អាយុ ២១ឆ្នាំ ជាព្រូ រងរបួសធ្ងន់ – ៣. ដួង ផាវ ភេទ ប្រុស អាយុ ៤០ឆ្នាំ ជាអ្នកបើកបររថយន្ត នៅក្នុងក្រុមហ៊ុនខាងលើ រងរបួសធ្ងន់ ។ ទាំង៣នាក់ខាងលើ មានស្រុកកំណើតជាមួយគ្នាខាងលើនោះ ។

លោកវរៈសេនីយ៏ត្រី ឆេង វុទ្ឋី បានអោយដឹងថា យោងតាមកំណត់ហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស្ទចខាងលើនេះ បើកបរចុះចំណោតសំដៅទៅ ការដ្ឋានរបស់ ក្រុមហ៊ុន L.H.R ASIEAN ដែលមានទីតាំងស្ថិតនៅ ភូមិ ១ ឃុំកំពេញ ស្រុកស្ទឹងហាវ លុះមកដល់ចំណុចកើតហេតុ ដោយសារតែរថយន្តហ្វ្រាំងមិនស៊ី ក៏ជ្រុលចង្កូតទៅបុក ជញ្ជាំងអគារអ៊ូទូក ពេញទំហឹងធ្លាយចូលទៅក្នុង បណ្តាលអោយអ្នកបើកបរ រួមជាមួយអ្នករួមដំណើរ ដែលមានឈ្មោះខាងលើបានរងរបួសធ្ងន់ និង រងការខូចខាតរថយន្ត ផ្នែកខាងមុខ រួមទាំងជញ្ជាំងអគារអ៊ូទូក យ៉ាងដំណំ ។ ប៉ុន្តែជាសំណាងល្អ មិនបណ្តាលអោយគ្រោះថ្នាក់ រឺ រងរបួសដល់អ្នកដែលរស់នៅ ក្នុងអ៊ូទូកខាងលើនោះឡើយ ។ ក្រោយពេលកើតហេតុជនរងគ្រោះ ទាំង៣នាក់ ត្រូវបានរថយន្តគ្លីនីកឯកជន ខេត្តព្រះសីហនុ ដឹកយកមកធ្វើការសង្គ្រោះ ដោយឡែករថយន្តបង្ករត្រូវបានសមត្ថកិច្ចនគរបាលជំនាញ ធ្វើកំណត់ហេតុយកទៅផើ្ញរទុក ក្នុងទីតាំងក្រុមហ៊ុនខាងលើ រង់ចាំការដោះស្រាយ ទៅតាមផ្លូវច្បាប់ ៕ 



































