(ឧត្តរមានជ័យ)
ស្ត្រីម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥នេះ ដោយស្ត្រីរូបនោះជាប់ពីបទឆបោកលុយជាច្រើនពាន់ដុល្លាថា ក្នុងការធានាឱ្យទៅធ្វើកានៅប្រទេសកូរ៉េ
លោកអនុសេនីយ៍ឯក គង់ សម្បត្តិ មេបញ្ជាការ រងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានឱ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ និងទទួលបទបញ្ជាពីថ្នាក់លើ ទើបកម្លាំងអាវុធហត្ថស្រុក បានសហការជាមួយសមត្ថកិច្ចជំនាញគ្រប់ទីកន្លែងធ្វើការស្រាវជ្រាវ លុះនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ កម្លាំងអាវុធហត្ថស្រុកឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ ហេង ភា អាយុ ៣៥ឆ្នាំដែលមានស្រុកកំណើតភូមិកំពង់សំប៊ួរ សង្កាត់សំរោងក្នុង ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបច្ចុប្បន្នមានទីលំនៅភូមិអូរតាពុកក្រោម ឃុំក្រាំងល្វា ស្រុកសង្កែ ខេត្តបាត់ដំបង។ ខណៈដែលស្ត្រីជនសង្ស័យកំពុងធ្វើសកម្មភាពដើរលួងលោមអ្នកភូមិ នៅក្នុងស្រុកត្រពាំងប្រាសាទ ឱ្យរៀបចំលុយកាក់ ដើម្បីឱ្យខ្លួនរត់ការឱ្យទៅធ្វើការនៅប្រទេសកូរ៉េ ហើយកម្លាំងអាវុធហត្ថស្រុកទទួលបានដំណឹងពីប្រជាពលរដ្ឋភ្លាមៗ ក៏ឃាត់នាំខ្លួនជនសង្ស័យមកស្នាក់ការកងរាជអាវុធហត្ថ នឹងបានហៅជនរងគ្រោះទៅមើល ពិតជាស្ត្រីដែលបានបោកយកលុយពួកគាត់ជាងមួយឆ្នាំមុន ដែលជាថ្នូររត់ការឱ្យទៅធ្វើការនៅប្រទេសកូរ៉េ ពិតប្រាកដមែន។

ជនរងគ្រោះឈ្មោះ គង់ នី ភេទស្រីអាយុ ៥៥ឆ្នាំ មានទីលំនៅភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានរៀបរាប់ថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ ឈ្មោះ ហេង ភាបានទៅនិយាយបញ្ចុះបញ្ចូលថា ខ្លួនអាចរត់ការឱ្យកូនប្រុសរបស់គាត់ (នី) ទៅធ្វើការនៅប្រទេសកូរ៉េ ព្រោះគេស្គាល់ប៉ាធម៌ម្នាក់ ដែលរស់នៅអាមេរិក ហើយរូបគាត់ក៏សុខចិត្តប្រគល់លុយចំនួន ៣០០០ដុល្លា ឱ្យទៅស្ត្រីឈ្មោះ ហេង ភា ដោយសារតែគាត់ធ្លាប់ស្គាល់គ្នា ហើយឈ្មោះ ហេង ភាបានសន្យាថា នឹងរត់ការធានានាំខ្លួនកូនស្រុកទៅធ្វើការនៅប្រទេសកូរ៉េ បន្ទាប់ថ្ងៃប្រគល់លុយឱ្យរត់ការ រូបគាត់បានទំនាក់ទំនងទៅឈ្មោះ ហេង ភា តែគេបាននិយាយថា ចាំខែនេះខែនោះរហូត បានអូរបន្លាយពេលជាងមួយឆ្នាំ ដោយមានសភាពមិនស្រួល រូបគាត់ក៏បានដាក់ពាក្យបណ្តឹងតែម្តងទៅ។
បន្ទាប់ពីធ្វើការសាកសួរកម្លាំងអាវុធហត្ថក៏បានកសាងសំណុំរឿងបញ្ជូនស្ត្រីសង្ស័យ ទៅតុលាការ ចាត់ការតាមនីតិវីធីច្បាប់៕



































