អារ៉ាប៊ីសាអ៊ូឌីត​បើក​អន្តរាគមន៍​យោធា​នៅ​យេ​មែន​

0

​ភាព​ច​ល​ច​ល​វិក​វរ​នយោបាយ​នៅ​ប្រទេស​យេ​មែន បាន​បង្ក​ឲ្យ​ប្រទេស​នេះ ក្លាយជា​ទីលានប្រយុទ្ធ​គ្នា រវាង​ក្រុម​អ៊ីស្លាម​ជាច្រើន​ក្រុម​។ ក្រុម​ឧទ្ទាម​ហ៊ូ​ទី ដែលជា​ក្រុម​យោធា បះបោរ​នៅ​ភាគ​ខាងលិច​ប្រទេស​នេះ បានធ្វើការ​វាយប្រហារ​ដោយ​កម្លាំង វាយ​យកបាន​ក្រុង​សា​ណា s5ដែលជា​រដ្ឋធានី​របស់​ប្រទេស​យេ​មែន​។ លោក​ប្រធានាធិបតី​យេ​មែន ដែល​បាន​និរទេស​ខ្លួន បាន​អំពាវនាវ ឲ្យ​សហគមន៍​អន្តរជាតិ និង​ប្រទេស​អារ៉ាប់​ផ្សេងទៀត ចូលមក​ជួយ ប្រជាជន​យេ​មែន ដែល​កំពុងតែ​ជួប​គ្រោះថ្នាក់​។ នៅ​យប់​ថ្ងៃ​ពុធ ទី ២៥ មីនា​នេះ អារ៉ាប៊ីសាអ៊ូឌីត បានសម្រេច​ចិត្ត ធ្វើ​អន្តរាគមន៍​យោធា ដើម្បី​បង្ក្រាប​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​។ មាន​ប្រទេស​អារ៉ាប់​មួយចំនួនទៀត ក៏បាន​សន្យា​ចូលរួម​ក្នុង​អន្តរា​គន៍​នេះដែរ​។​

s4
​វិបត្តិ​នយោបាយ នៅ​យេ​មែន មិនមែន​ទើបតែ​មាន​ទេ គឺ​តាមពិត វិបត្តិ​នេះ បាន​រ៉ាំរ៉ៃ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ភាគ​ខាងលិច​យេ​មែន ធ្លាប់ជា​អតីត​ដែនដី​របស់ កូន​រាជាណាចក្រ​អ៊ីស្លាម​មួយ ឈ្មោះថា ហ្សៃ​ឌី​ស្ត៍​(Zaidiste) ដែល​តំបន់​នេះឯង ជាទី​តាំង របស់​ក្រុម​ឧទ្ទាម​ហ៊ូ​ទី (Houthis)​។ តំបន់​នេះ​មាន​ប្រជាជន​រស់នៅ​សុទ្ធសឹង​ជា​អ្នក​កាន់សាសនា​អ៊ីស្លាម និកាយ​ឈី​អ៊ី​ត​។ បន្ទាប់ពី​មាន​រដ្ឋប្រហារ នៅ​ឆ្នាំ​១៩៦២ និង​ការបង្រួបបង្រួម​គ្នា​នៅ​ឆ្នាំ​១៩៩០ យេ​មែន​ទាំងមូល ក្លាយជា​ប្រទេស​សាធារណរដ្ឋ​។ ក្រុម​ហ៊ូ​ទី ដែលជា​ក្រុម​និកាយ​ឈី​អ៊ី​ត បាន​ក្លាយជា​ជនជាតិភាគតិច នៅក្នុង​ប្រទេស​យេ​មែន​ទាំងមូល ដែល​សំបូរ​ភាគច្រើន​ជា​ជនជាតិ​អ៊ីស្លាម​និកាយ​ស៊ុ​នី​ត​។

s2
​ក្រុម ហ៊ូ​ទី នេះ​ធ្លាប់ធ្វើ​ការបះបោរ ជាច្រើនលើក រួចមកហើយ តួយ៉ាង កាលពី​ឆ្នាំ​១៩៩៤ ហើយនឹង​ឆ្នាំ ២០០៤​។ ជម្លោះសាសនា ជា​មូលហេតុ​ចំបង ដែល​ធ្វើ​ឲ្យ​ក្រុម​ហ៊ូ​ទី មិន​ចុះសម្រុង​គ្នា ជាមួយ​រដ្ឋាភិបាល យេ​មែន ព្រោះថា​ជា​រដ្ឋាភិបាល​របស់​ក្រុម​ស៊ុ​នី​ត​។ ក្រុម​ហ៊ូ​ទីនេះ បាន​ចោទប្រកាន់ រដ្ឋាភិបាល​យេ​មែន​ថា ថា​មានការ​លម្អៀង ទុក​ប្រជាជន​អ៊ីស្លាម​ឈី​អ៊ី​ត ឲ្យ​វេទនា មិន​យកចិត្តទុកដាក់ ហើយ​ថា នយោបាយ​គ្រប់គ្រង​ប្រទេស មិនត្រូវ​បានធ្វើ​ឡើង ដោយ​ស្មើរ​ភាព​នោះទេ​។​

s1
ក្រុម​ហ៊ូ​ទី មាន​កម្លាំង ប្រហែល​ជាជាង ១​ម៉ឺន​នាក់ ដែល​បាន​តស៊ូ​ប្រយុទ្ធ ជាមួយ​រដ្ឋាភិបាល​យេ​មែន​។ ដែនដី​ដែល​ក្រុម​នេះ​បាន​វាយ​យកបាន បាន​រីក​ធំ​បន្តិច​ម្តងៗ នៅ​ភាគ​ខាងលិច​ទឹកដី​យេ​មែន ហើយ​ចុង​ក្រោយនេះ គឺ​នៅ ថ្ងៃទី ២២ មករា ថ្មីៗ​នេះ តែម្តង ដែល ក្រុម​ហ៊ូ​ទី បាន​វាយ​យកបាន ទីក្រុង​សា​ណា រដ្ឋធានី យេ​មែន​។ លោក ប្រធានាធិបតី ហា​ឌី បាន​រត់គេចខ្លួន ទៅសម្ងំ​ពួន នៅ​ក្រុង​មួយទៀត​ឈ្មោះ​អា​ឌែ​ន​។
​ប៉ុន្តែ បញ្ហា​នៅ យេ​មែន វា​ស្មុ​គ្រ​ស្មាញ ដោយសារតែ​ក្រុម​ប្រយុទ្ធ មិនមែន​មានតែ​ក្រុម​ឧទ្ទាម​ហ៊ូ​ទីនេះ តែឯង​ទេ​។ គឺ​នៅមាន​ក្រុម​អាល់​កា​អ៊ី​ដា ដែលមាន​សាខា​នៅ​យេ​មែន ឈ្មោះ អាក់​ប៉ា (AQPA) ក៏បាន​ធ្វើការ​ប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល​យេ​មែនដែរ​។ ហើយ​ក្រុម​អាល់​កា​អ៊ី​ដា និង​ក្រុម​ហ៊ូ​ទីនេះ អត់​ត្រូវ​គ្នា​ទេ​។ នៅមាន​សត្រូវ​មួយទៀត ដែល​សាហាវ​ជាងនេះទៅទៀត គឺ​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម ពួក​នេះឯង​ដែល​បាន ឆក់​ឱកាស​ចលាចល​នៅ​ក្រុង​សា​ណា បានដាក់​គ្រាប់បែក​បំផ្ទុះ​ក្នុង​វិហារ​អ៊ីស្លាម កាលពី​សប្តាហ៍​មុន ដែល​បានសម្លាប់​ជីវិត​មនុស្ស ជិត​១៥០​នាក់​។ ដូច្នេះ​យើង​ឃើញថា ភាពចលាចល​នយោបាយ ការ​វាយ​ប្រយុទ្ធ​គ្នា នៅ​យេ​មែន មិនមែន​មានតែ​ក្រុម​ហ៊ូ​ទី​ទេ ដែលជា​អ្នក​បង្កឡើង​។
​អារ៉ាប៊ីសាអ៊ូឌីត ដឹកនាំ​ការវាយប្រហារ​លើ​យេ​មែន ជាមួយ​ប្រទេស​អារ៉ាប់​ផ្សេងទៀត​៖
​លោក អគ្គរដ្ឋទូត អារ៉ាប៊ីសាអ៊ូឌីត ប្រចាំ​សហរដ្ឋអាមេរិក បានធ្វើ​សន្និសីតកាសែត នៅ​ក្រុង​វ៉ាស៊ីនតោន ដើម្បី​ប្រាប់​ពី​ការសម្រេចចិត្ត ធ្វើ​អន្តរាគមន៍​យោធា​របស់ ទាហាន​អារ៉ាប៊ីសាអ៊ូឌីត​។ មកទល់ពេលនេះ អារ៉ាប៊ីសាអ៊ូឌីត ធ្វើ​តែ​ប្រតិបត្តិការ​យោធា​ផ្លូវអាកាស​តែប៉ុណ្ណោះ​។ ពោលគឺ​ប្រើប្រាស់​យន្តហោះ​ចម្បាំង ទៅ​ទំលាក់​គ្រាប់បែក តាម​ទីតាំង​របស់​ពួក ហ៊ូ​ទី​។ កងកម្លាំង​របស់ អារ៉ាប៊ីសាអ៊ូឌីត បានចាប់ផ្តើម​ចេញ​ប្រតិបត្តិការ តាំងពី​យប់​ថ្ងៃ​ពុធ ឈានចូល​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយបាន​ទំលាក់​គ្រាប់បែក ទៅលើ​ក្រុង​សា​ណា​។ តាម​ការរាយការណ៍ មាន​ប្រជាជន​សាមញ្ញ​១៥​នាក់ បាន​ស្លាប់ ក្នុង​ប្រតិបត្តិការ​នេះ​។ ហើយ​វិមាន​ប្រធានាធិបតី យេ​មែន ក៏បាន​ឆេះ​ខ្ទេចខ្ទីរ មួយ​ភាគ​ធំ​ដែរ​។ ទូរទស្សន៍ អាល់ អា​រ៉ា​ប៊ី​យា បាន​ផ្សាយ​ថា អារ៉ាប៊ីសាអ៊ូឌីត បាន​ត្រៀមកម្លាំង ប្រមាណ​ជា ១៥​ម៉ឺន​នាក់ និង យន្តហោះ​ចម្បាំង​ចំនួន​១០០​គ្រឿង ដើម្បី​ធ្វើ​ប្រតិបត្តិការ​នេះ​។ ចំណែក ក្រុម​ហ៊ូ​ទី វិញ កំពុងតែ​បន្តដំណើរ ខិត​ទៅកាន់​តែ​ជិត ដល់​ក្រុង អា​ឌែ​ន​ហើយ​។

s3
​ក្រៅពី អារ៉ាប៊ីសាអ៊ូឌីត នៅមាន​ប្រទេស​ក្នុង​តំបន់​អារ៉ាប់​ផ្សេងទៀត ដែល​បាន​សន្យាថា នឹងចូលរួម​ក្នុង​ប្រតិបត្តិការ​យោធា​នេះ​។ ក្នុងនោះ​មាន អេ​មៀ​រ៉ា​ត​អារ៉ាប់​រួម ដែល​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ចំនួន ៣០ គ្រឿង ទៅ​សហការ​ជាមួយ អារ៉ាប៊ីសាអ៊ូឌីត​។ ប្រទេស​កាតា ដែល​កន្លងមក បាន​ខិតខំ​ស្វែងរក​ដំណោះស្រាយ​ផ្នែក​នយោបាយ ជួយ​យេ​មែន ដោយ​បញ្ជៀ​ស​ការប្រើ​កំលាំងយោធា ប៉ុន្តែ​នៅ​យប់មិញ​នេះ ក៏បាន​ចុះហត្ថលេខា ជួយ​សហការ​ក្នុង​ប្រតិ​ប​តិ្ត​ការ​យោធា​ដឹកនាំ​ដោយ អារ៉ាប៊ីសាអ៊ូឌីត នេះដែរ​។ គ្រាន់តែ​ថា ពេលនេះ គេ​មិនទាន់​ដឹងថា កាតា អាចជួយ​តាម​វិធី​ណា​នោះទេ​។ ក្រៅពីនេះ នៅមាន​ប្រទេស​មួយចំនួនទៀត ដែល​បាន​បញ្ជូន​យន្តហោះ​ចម្បាំង ទៅ​ចូលរួម​ដែរ​គឺ មានដូចជា​ម៉ា​រ៉ុ​ក ហ្សកដានី អេ​ហ្ស៊ី​ប ស៊ូដង់ កូ​វ៉េ​ត និង​បា​រ៉ែ​ន​។ គ្រប់គ្នា នាំគ្នា និយាយថា នេះ​ជាការ​សហការគ្នា ដើម្បី​ជួយសង្គ្រោះ​ប្រជាជន​យេ​មែន នឹង​នាំ​លោក​ប្រធានាធិបតី ហា​ឌី ដែលជា​ប្រធានាធិបតី​ស្របច្បាប់​មក​ដឹកនាំ​ប្រទេស​វិញ​។​