ប្រទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែង ការណ៍មួយ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ ២០១៥ នេះ ដោយព្រមាន ចំពោះគម្រោង ការណ៍អាមេរិក ដែលចង់ដាក់ ពង្រាយ ប្រព័ន្ធការពារ មីស៊ីលកម្រិតខ្ពស់នៅលើទឹកដីកូរ៉េខាងត្បូង ដោយទីក្រុងព្យុងយ៉ាងអះអាង ទង្វើនេះ នឹងបង្កើតនូវ ស្ថានភាពដូចសម័យសង្គ្រាមត្រជាក់ជាមិនខាន។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា សេចក្តីថ្លែងការណ៍ខាងលើនេះ ចេញ ដោយក្រសួង ការបរទេសកូរ៉េខាងជើង ដោយរដ្ឋកុម្មុយនិស្តមួយនេះ បានចោទចំៗមកលើ អាមេរិក ថា កំពុងព្យាយាម បង្កើតគម្រោង វាយប្រហារ ឬ គ្របសង្កត់ផ្នែកសន្តិសុខមកលើខ្លួន ព្រម ទាំងមានគោលដៅទាញ យកផលប្រយោជន៍ពីរុស្ស៊ី និង ចិនថែមទៀតផង។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានយោងលើហេតុផលការពារសម្ព័ន្ធមិត្តរបស់ខ្លួន គឺកូរ៉េខាង ត្បូង តាមរយៈការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD ដើម្បីទប់ទល់នឹងគ្រាប់មីស៊ីល នុយក្លេអ៊ែរ របស់កូរ៉េខាងជើង នៅថ្ងៃអនាគត។ យ៉ាងណាក៏ដោយ កូរ៉េខាងជើងបានព្រមាន ធ្ងន់ៗចំពោះទង្វើនេះ ហើយថាអាមេរិកពិតជាចង់បង្កសង្គ្រាមត្រជាក់ឡើងវិញ ប្រសិនបើនៅ តែរឹងទទឹងដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD ទៀតនោះ៕