ខេត្តសៀមរាប៖ កម្លាំងរដ្ឋបាលព្រៃឈើបានចុះធ្វើការឆែកឆេរលំនៅដ្ឋានមួយកន្លែង ក្រោមការដឹកនាំផ្ទាល់ដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានរកឃើញស្តុបឈើគ្រញូងខុសច្បាប់ប្រមាណជាង១តោន ហើយនៅទីបញ្ចប់សមត្ថកិច្ចក៏សម្រេចនាំខ្លួនឈ្មួញឈ្មោះ រ៉ា មុខ ខ្មោចទៅសួរនាំនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី។
ប្រតិបត្តិការចុះបង្ក្រាបឈើគ្រញូងនេះធ្វើឡើងនៅម៉ោង១រសៀល ថ្ងៃទី២៦ខែមិនាឆ្នាំ២០១៥ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់ គោកចក ក្រុងសៀមរាប ខណៈមានការរាយការរបស់អ្នកកាសែត ទើបកម្លាំងជំនាញអាចឈានដល់ចូលឆែកឆេរឈើគ្រញូងខុសច្បាប់នេះតែម្តង។
មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ការចុះឆែកឆេរនោះរកឃើញឈើគ្រញូង និង ឈើនាងនួនប្រមាណជាង១តោន ដែលមានម្ចាស់ផ្សេងៗគ្នាបានដឹកយកស្តុបទុកនៅក្នុងដីឡូតិ៍ខាងលើ ហើយបច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងប្រមូលឈើទាំងនោះយកទៅរក្សាទុកនៅផ្នែករដ្ឋបាលបន្ទាយស្រី ដើម្បីរង់ចាំម្ចាស់ឈើទាំងនោះចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ប៉ុន្តែជំហ៊ានដំបូងសមត្ថកិច្ចបាននាំខ្លួនឈ្មួញឈើឈ្មោះ រ៉ា មុខខ្មោចទៅសួរនាំនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី។
ទាក់ទិនទៅនឹងករណីខាងលើនេះដែរ គេនៅទន្ទឹងរកចាំមើលថា តើសមត្ថកិច្ចជំនាញនិងស្ថាប័នតុលាការមានចំណាត់ការទៅលើក្រុមឈ្មួញទាំងនេះបែបណា។
សូមរំលឹកថា ឈើគ្រញូងកំពុងមានហាងឆេងឡើងវិញហើយ ដូច្នេះក្រុមឈ្មួញក៏កំពុងតែដឹងជញ្ជូនយ៉ាងសម្ងាត់នឹងសកម្មបំផុត ដែលមានក្រុមសមត្ថកិច្ចមួយចំនួនជាអ្នករត់ការនិងជួយមើលផ្លូវ ហើយក្រុមឈ្មួញទាំងនោះដឹកចេញពីភូមិសាស្ត្រខេត្តឧត្តរមានជ័យតាមផ្លូវជាតិលេខ៦៧និង៦៨ឆ្ពោះមកតាមខេត្តសៀមរាបនិងឆ្លងកាត់ទៅរកទីផ្សារដែលមានតម្លៃខ្ពស់៕



































