កំពង់ឆ្នាំង៖ គ្រោះថ្នាក់ចរាចរណ៍នៅតែកើតឡើងជារៀងរាល់ថ្ងៃ ដែលនេះកត្តានៅតែជាក្តីព្រួយបារម្មណ៏របស់ប្រជាពលរដ្ឋ និងអ្នកដំណើរក្នុងខេត្ត ជាក់ស្តែងយោងតាមរបាយការណ៏របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាៈ ក្នុងរយៈពេលជាងមួយខែ ដោយគិតពី ថ្ងៃទី៨ ខែកុម្ភះ មកដល់ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៥ គ្រោះថ្នាក់ច រាចរណ៍បានកើតឡើងចំនួន ១៣លើក បើប្រៀបធាបដូចគ្នានេះដែរក្នុងអំឡុងខែមុនគឺបានកើនឡើងចំនួន៥ករណី និងបានសម្លាប់មនុស្សចំនួន១៣នាក់ ខណៈដែលនៅក្នុងខែមុនមានត្រឹមតែ ៤នាក់ប៉ុណ្ណោះ ។
យោងតាមរបាយការណ៍នេះបានបញ្ជាក់អោយដឹងទៀតថាៈ គ្រោះថ្នាក់ចរាចរណ៌ទាំង១៣ករណីខាងលើ បានកើតឡើងនៅស្រុកសាមគ្គីមានជ័យ ចំនួន២លើក ស្រុកកំពង់ត្រឡាចចំនួន២លើក ស្រុករលាប្អៀរចំនួន៤លើក ស្រុកបរិបូរណ៌ចំនួន៣លើក និងក្រុងកំពង់ឆ្នាំងចំនួន២លើក។ ក្នុងនោះបានកើតឡើងនៅលើផ្លូវជាតិលេខ៥ ចំនួន១២លើក និងផ្លូវក្នុងខេត្តចំនួន១លើក។នៅក្នុងគ្រោះថា្នក់ខាងលើបានបង្កអោយមនុស្សស្លាប់ចំនួន១៣នាក់ (ស្រី៤នាក់) របួសរួម២៩នាក់(ស្រី១៦នាក់) របួសធ្ងន់៩នាក់ (ស្រី ៤នាក់) ។ ខូចខាតរថយន្ត៩គ្រឿង (ខូចធ្ងន់៦គ្រឿង) ម៉ូតូ៨គ្រឿង (ខូចធ្ងន់៣គ្រឿង) និងខូចខាតគោយន្ត ១ គ្រឿងស្រាល ។ កត្តាគ្រោះថ្នាក់ខាងលើគឺបង្កឡើងដោយមនុស្សចំនួន១២ករណី ក្នុងនោះគឺបានបើកបរលឿនហួសល្បឿនកំណត់៤ករណី បើកបរក្នុងស្ថានភាពស្រវឹង២ករណី បត់ឆ្វេងស្តាំមិនប្រយ័ត្ន២ករណី
បើកបរមិនប្រកាន់ស្នាំ១ករណី និងបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់២ករណី ចំណែកកត្តាយានមាន១ករណី គឺគ្មានភ្លើងបំភ្លឺ ។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៏ដែលនៅតែបន្តកើឡើងខាងលើនេះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ធ្លាប់មានប្រសាសន៏ផ្តាំផ្ញើរក្នុងពេលប្រជុំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍អោយបានទាំងអស់គ្នា ដោយត្រូវតែយកចិត្តទុក ដាក់ប្រុងប្រយ័ត្នអោយបានខ្ពស់ក្នុងពេលបើកបរ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសូមអោយសមត្ថកិច្ចជំនាញរិតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោកអោយបានជាប្រចាំ និងម៉ឺងម៉ាត់។
ចំណែកមន្ទីរសាធារណៈការខេត្តវិញក៏បាននិងកំពុងធ្វើស្លាកសញ្ញាកំណត់ល្បឿននៅតាមដងផ្លូវជាតិលេខ៥ ពិសេសនៅតាមទីប្រជុំជនបានជាបណ្តើរៗ បន្ទាប់ពីមានការណែនាំពីលោកអភិបាលខេត្ត ដើម្បីទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តកំពង់ឆ្នាំង៕




































