ស្នងការរង​នគរបាល ខេត្តកំពង់ឆ្នាំង ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដល់​យុវ​សិស្ស​ចំនួន​៧៧០​នាក់ នៃ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត

0

​ដោយមាន​អាត្រា​មនុស្ស​ស្លាប់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ មានការ​កើនឡើង​គួរអោយ​ព្រួយបារម្ភ និង​ដើម្បី​បញ្ជៀប​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ក៍​ដូចជា​រួមគ្នា​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍ នាយការិយាល័យ​កណ្តាល សណ្តាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង1 បាន​ចុះមក​ធ្វើការ​ផ្សព្វផ្សាយ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដល់​សិស្ស​វិទ្យាល័យ ព្រះបាទ​សុរា​ម្រឹត ចំនួន​៧៧០​នាក់ ដែល​បាន​ធ្វើឡើង ក្រោម​អធិបតីភាព លោក ឡុ​ច វណ្ណា​រ៉ា ស្នងការរង​នគរបាល​ខេត្ត នៅក្នុង​វិទ្យាល័យ ព្រះបាទ​សុរា​ម្រឹត ក្រុង​កំពង់ឆ្នាំង​។​
​ ​លោក ឡុ​ច វណ្ណា​រ៉ា ស្នងការរង និង​ជា​ប្រធានការិយាល័យ កណ្តាល​សណ្តាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ថ្លែង​ទៅកាន់​យុវ​សិស្ស​ទាំងអស់​ថា នៅក្នុង​ខេត្តកំពង់ឆ្នាំង ឆ្នាំ​២០១៤ ករណី​គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតឡើង​ចំនួន​២៣០​លើក កើនឡើង​ជាង​ឆ្នាំ​២០១៣ ៥២​លើក ស្មើនឹង​២៩% និង​គ្រោះថ្នាក់​ផ្លូវទឹក​៦​លើក បណ្តាលអោយ​ស្លាប់​មនុស្ស​ចំនួន​១១០​នាក់ របួស​៤៦២​នាក់ ខូច​រថយន្ត​១០១​គ្រឿង ម៉ូតូ​២៤៧​គ្រឿង កង់​៦​គ្រឿង យានយន្ត​ផ្សេងៗ​១០​គ្រឿង និង​កាណូត​១១​គ្រឿង ។ មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​បើកបរ​ហួស​ល្បឿន​កំណត់ បើក​ជែង​ក្នុងស្ថានភាព​ស្រវឹង និង​បើកបរ​ក្នុងស្ថានភាព​គ្រោះថ្នាក់ ។ ចំណែក​ក្នុង​ត្រីមាស​ទី​១ ដើមឆ្នាំ​២០១៥​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន​៤២​លើក ថយ​ជាង​ឆ្នាំ​២០១៤ ចំនួន​២០​លើក បណ្តាលអោយ​មនុស្ស​ស្លាប់ ចំនួន​២៤​នាក់ របួស​៦៣​នាក់ ខូច​រថយន្ត​១៧​គ្រឿង ម៉ូតូ​៤៣​គ្រឿង ។

5
​លោក​បាន​បន្តថា ពាក់ព័ន្ធ​នឹង​តួលេខ​ខាងលើនេះ សូមអោយ​ប្អូនៗ ជា​អ្នកប្រើប្រាស់​ផ្លូវ អនុវត្ត​អោយបាន​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា គោរព​ផ្លាកសញ្ញា​ចរាចរណ៍ កុំ​បើក​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ពាក់មួក​សុវត្ថិភាព ក្នុងពេល​បើកបរ មាន​សុជីវធម៌ ក្នុងពេល​បើកបរ ប្រកបដោយ​សុវត្ថិភាព និង គ្រប់​ម៉ូតូ​ទាំងអស់ សូម​អោយមាន​កញ្ចក់​មើល​ក្រោយ ។​
​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុង​ពេលនេះ ធ្វើឡើង​ក្នុង​គោលបំណង បញ្ជៀប និង​ជុំរុញ​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស និង​អ្នកពាក់ព័ន្ធ ដែលមាន​តួនាទី​យ៉ាងសំខាន់ មិនអាច​ខ្វះ​បាន ក្នុងការ​ផ្សព្វផ្សាយ​បន្ត ដល់​ក្រុមគ្រួសារ អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ប្រកបដោយ​គុណភាព និង​ស៊ី​ជំរៅ មានការ​អប់រំ អំពី​ការគោរព​ច្បាប់ ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​សង្គមជាតិ និង​គ្រួសារ​ដែលជា​បន្ទុក​ធ្ងន់ធ្ងរ ដល់​សេវា​សុខាភិបាល ចំពោះ​ជនរងគ្រោះ ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍ បានធ្វើអោយ​ខាតបង់​សេដ្ឋកិច្ចជាតិ ជាច្រើន​រយ​លាន​ដុល្លា​ក្នុង​១​ឆ្នាំៗ ដែលមាន​ទំហំធំធេង​ហួស​ពី​ការ​ស្មាន ក្នុងពេលដែល​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​យើង កំពុងតែ​តស៊ូ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ ។​
​ម្យ៉ាងវិញទៀត ការផ្សព្វផ្សាយ​នេះ ក្នុង​គោលបំណង​កែប្រែ​ឥរិយាបទ អាក្បកិរិយា អ្នកប្រើប្រាស់​ផ្លូវ អោយ​ប្រកាន់យក​នូវ​ការគោរព​ច្បាប់ និង ទទួលខុសត្រូវ ក្នុងពេល​មាន​គ្រោះថ្នាក់​កើតឡើង ។ ដោយ​ការបើកបរ ត្រូវ​មានការ​អធ្យាស្រ័យ​យោគយល់​គ្នា នោះ​ទើប​អាច​កាត់បន្ថយ​បាន គ្រោះថ្នាក់​ចរាចរណ៍ ជាពិសេស​ត្រូវតែ​ពាក់មួក​សុ​វត្តិភាព ទើប​កាត់បន្ថយ​គ្រោះថ្នាក់ ស្លាប់​និង​របួស​ទាំងអស់​ខាងលើនេះ​បាន ៕