បើតាមការអះអាងពីសមាគមផលិតផលផ្លែដូងហ្វ៊ីលីពីនបញ្ជាក់ថា ការនាំចេញប្រេងដូងរបស់ខ្លួនបានរើបឡើងនៅក្នុងអំឡុងខែមករា ដើមឆ្នាំនេះ ដែលនាំមកនូវកម្រិតជាមធ្យមនៃទំហំនាំចេញប្រចាំខែ ស្របពេលបណ្តាអ្នកទិញតាមទម្លាប់បានបំពេញស្តុកឱ្យមានដូចដើមវិញ
ក្នុងខែមករា ដើមឆ្នាំថ្មី២០១៥ ការនាំចេញមុខទំនិញនេះ (ប្រេងចម្រាញ់ពីផ្លែដូង) សម្រេចបាន៧៩.២៥០តោនកើនឡើង៨៧,១% ពីអត្រា៤២.៣៦០តោន ក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំ២០១៤ ។ លោកស្រី Yuonne Agustin នាយកប្រតិបត្តិសមាគមខាងលើបានថ្លែងថា តម្លៃទីផ្សារពិភពលោកចំពោះប្រេងដូងបច្ចុប្បន្ន ។លោកស្រីបានបន្តទៀតថា ការធ្លាក់ភ្លៀងគ្រប់គ្រាន់កាលពីខែធ្នូ ឆ្នាំ២០១៤ នាំឱ្យដើមដូងមានភាពប្រសើរឡើងវិញ ដែលមានឥទ្ធិពលលើជីវសាស្ត្រ និងជាទូទៅវាកើតឡើងបន្ទាប់ពីអំឡុងពេល៣ឆ្នាំជាប់ៗគ្នានៃការប្រមូលផលបានល្អ
។ ចំណែកឧស្សាហកម្មប្រេងដូងក្នុងស្រុកបានខកខានទៅនឹងទិសដៅនាំចេញប្រមាណជា៨៥ម៉ឺនតោន ក្នុងឆ្នាំ២០១៤ ដែលនាំចេញបានត្រឹមតែ៧៩៥.២៩៧តោន ស្របពេលតំបន់ដាំដើមដូងជាច្រើនក្នុងភាគកណ្តាលហ្វ៊ីលីពីនបន្តរងផលលំបាកពីឥទ្ធិពលនៃខ្យល់ព្យុះទីហ្វុងកាលពីឆ្នាំ២០១៣ ។ សម្រាប់ឆ្នាំនេះ ឧស្សាហកម្មប្រេងដូងដាក់ទិសដៅនាំចេញតិចជាងមុន គឺត្រឹមតែ៨០៤.០០០តោនប៉ុណ្ណោះ ខណៈតំបន់ដាំដុះដូងជាច្រើនរងផលប៉ះពាល់ពីព្យុះទីហ្វុងដែលអាចអូសបន្លាយពេលពី៤ទៅ៥ឆ្នាំ ដែលកាន់តែគ្រប់ដណ្តប់ពេញតំបន់នោះតែម្តង ៕