ចំពោះមុខនេះ ប្រទេសកេនយ៉ា ស្ថិតនៅក្នុងស្ថានភាពមួយដ៏ពិបាកបំផុត ដោយសារតែភាពស្រេកឃ្លាន និងខ្វះអាហារូបត្ថម្ភ។ ទោះជាយ៉ាងណាក្ដី ក៏ប្រទេសកេនយ៉ា បែរជាសំបូរទៅដោយមនុស្សធាត់ ប៉ុន្ដែមានជំងឺតម្កាត់ នោះក៏ដោយសារតែភាពក្រីក្រទៅវិញទេ វាខុសគ្នា
ពីភាពធាត់ ដែលកើតមាននៅប្រទេសលោកខាងលិច ដែលសំបូរទៅដោយអាហារបរិភោគនិងជាតិបំប៉ននោះ។នៅប្រទេសកេនយ៉ា អត្រានៃមនុស្សធាត់ កំពុងតែកើនឡើង។ មានស្ដ្រីកេនយ៉ា ប្រមាណ២៥ភាគរយនាពេលបច្ចុប្បន្នេះកើតអាការៈធាត់ រីឯនៅទីក្រុងវិញ អត្រាបានកើនឡើងដល់ទៅ៤០ភាគរយទៅហើយ។ ថ្វីបើវណ្ណៈកណ្ដាលរបស់ប្រជាជនកេនយ៉ា កំពុងតែកើនឡើងក្ដី ជំងឺធាត់នេះ វាបានក្លាយទៅជាជំងឺឆ្លងទៅហើយ មិនខុសគ្នាអ្វីពីប្រទេសលោកខាងលិចនោះទេ ដោយហេតុថា ស្ដ្រីដែលធ្វើការងារមិនសូវមានពេលគ្រប់គ្រាន់ដើម្បីចម្អិន ឬដាំស្ល អាហារប្រកបដោយសុខភាពនោះឡើយ ខណៈពេលដែលមនុស្សជាច្រើនមិនសូវធ្វើលំហាត់ប្រាណ ហើយងាកទៅបរិភោគអាហារផ្ដេសផ្ដាសទៅវិញ។ ប៉ុន្ដែនៅតំបន់ក្រីក្រតោកយ៉ាក ដែលមានមនុស្សរស់នៅយ៉ាងច្រើនកុះករ អាការៈធាត់អាចជាសញ្ញាមួយមិនមែនដោយសារតែបរិភោគហួសប្រមាណនោះទេ ប៉ុន្ដែអាស្រ័យដោយសារតែខ្វះអាហា រូបត្ថម្ភទៅវិញ។ នេះជាការលើកឡើងដោយលោកស្រី Elizabeth Kimani ដែលធ្វើការងារជាមួយនឹងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវផ្នែកសុខភាព និងផ្នែកពលរដ្ឋអាហ្វ្រិកនៅទីក្រុងណៃរ៉ូប៊ី។
លោកស្រីបានលើកយកមកនិយាយថា ភាពក្រីក្របំផុត វាប៉ះពាល់ជាមួយនឹងករណីដែលមនុស្សតែងតែបរិភោគអាហារដ៏ថោកៗដែលសំបូរទៅដោយជាតិខ្លាញ់ ប៉ុន្ដែបែរជាមានសារជាតិបំប៉នតិចតួចទៅវិញ នោះហើយដែលអាចបណ្ដាលឲ្យមនុស្សកើតជំងឺធាត់ និងរេញក្រិន។មជ្ឈមណ្ឌលនេះបានរកឃើញថា ស្ដ្រីកេនយ៉ា ដល់ទៅ៤៣ភាគរយ កំពុងតែលើសទម្ងន់កាយពេលដែលពួកគេមានកូនទៅហើយ ហើយកូននោះទៀតសោត ក៏មិនសូវជារីកលូតលាស់ប៉ុន្មានទេ។ភាពក្រីក្រ គឺជាមូលហេតុដែលនាំឲ្យកើតជំងឺ។ ជាការពិតលោកស្រីបានមានប្រសាសន៍ថាភាពក្រីក្រនោះហើយ ដែលនាំឲ្យពលរដ្ឋកេនយ៉ា ប្រឈមជាមួយវាសនាមិនល្អ ដោយក្លាយខ្លួនទៅជាមនុស្សធាត់ ដោយមិនបានទទួលអាហារូបត្ថម្ភអ្វីទាំងអស់។ បើតាមមជ្ឈមណ្ឌលដដែលឲ្យដឹងនោះថា នាបច្ចុប្បន្ននេះចំនួនអ្នកកើតជំងឺធាត់ នៅឯមន្ទីរពេទ្យក្នុងស្រុកបានកើនឡើងដល់ទៅទ្វេដង បើប្រៀបធៀបកាលពីឆ្នាំទៅមិញ៕