សៀមរាប កាលពីចុងសប្តាហ៍នារសៀលថ្ងៃទី ២៩ ខែ មីនា ឆ្នាំ២០១៥លោកឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្ត បានអនុញ្ញាតឲ្យលោក ជួ គឹមសាន ប្រធានសមាគមជនជាតិកូរ៉េ ប្រចាំខេត្តសៀមរាប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននៅសណ្ឋាគារបុរីអង្គរក្នុងការចូលរួមអភិវឌ្ឍន៍ខេត្តប្រវត្តិសាស្ត្រ ទៅជាតំបន់ទេសចរណ៍ក្រុងបៃតងក្នុងការលើកស្ទួយវិស័យទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ អូសទាញភ្ញៀវទេសចរណ៍ចូលមកទស្សនា កាន់តែច្រើនឡើង ។
តាមការបញ្ជាក់របស់លោក ជួ គឹមសាន បានឲ្យដឹងថា លោកបានមករស់នៅកម្ពុជាមានរយៈពេល១០ឆ្នាំ ហើយ ដោយលោកមានការស្រឡាញ់នូវទឹកចិត្តរបស់ប្រជាជនកម្ពុជា អំពីប្រពៃណីវប្បធម៌ និង ធម្មជាតិដែលមាននៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា សំខាន់គឺខេត្តសៀមរាប ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ មានប្រាង្គប្រាសាទល្បី ល្បាញ និង
រមណីយដ្ឋានធម្មជាតិភ្នំគូលែន និង បឹងទន្លេសាប ។ ម្យ៉ាងទៀតក្រុងសៀមរាបលម្អសោភណ្ឌភាព ប្រកប ទៅដើមឈើធំៗ នឹងដងស្ទឹងប្រវត្តិសាស្ត្រ ដែលស្ថិតនៅកណ្តាលបេះដូងនៃក្រុងសៀមរាបផងដែរ។ លោកបានបន្តទៀត ថា ដោយមើញឃើញពីការខិតខំអភិវឌ្ឍន៍ កែលម្អ
សោភណ្ឌភាពក្រុងរបស់អាជ្ញាធរខេត្ត សំខាន់លើការពង្រីកដងផ្លូវមួយ ចំនួន ដែលធ្វើឲ្យលោកមានចំណាប់អារម្មណ៍នឹងចូលរួមជាមួយអាជ្ញាធរខេត្ត ក្នុងការដាំកូនឈើ ដើមផ្កា នៅអមតាមដង ផ្លូវ និង ទ្រូងផ្លូវ ដើម្បីលើកសោភណ្ឌភាពក្រុង ក្លាយជាទីក្រុងបៃតង ។ លោក ជួ គឹមសានក៏បានធ្វើការសាទរផងដែរ ចំពោះក្រុងសៀមរាបដែលទទួលបានជាប់ចំណាត់លេខ១នៅតំបន់អាស៊ីនិងចំណាត់ថ្នាក់លេខ២ នៅលើពិភពលោកក្នុងការទាក់ទាញភ្ញៀវចូលមកទស្សនាកម្សាន្ត ។
មានប្រសាសន៍នោះដែរលោកឃឹមប៊ុនសុងក៏បានធ្វើការថ្លែងអំណរគុណចំពោះលោកជួ គឹមសានក៏ដូចបងប្អូនក្នុងសមាគមជនជាតិកូរ៉េទូទាំងខេត្ត ដែលមានទឹកចឹត្តក្នុងការចូលរួមកិច្ចអភិវឌ្ឍន៍ជាមួយអាជ្ញាធរខេត្តសៀមរាប។ ក្នុងនោះឯកឧត្តមក៏បានឲ្យដឹងផងដែរថាក្រោយពេលការស្ថាបនាពង្រីកផ្លូវទាំងបីខ្សែនេះខេត្តមានផែនការធ្វើការដាំកូនឈើនិងផ្កាចំនួន ៧៥០ដើម នៅតាមទ្រូងផ្លូវនិងអមសង្ខាងដងផ្លូវនូវប្រភេទឈើធ្នុងនិងទ្រូងផ្លូវដាំដើមផ្កាចំប៉ីឲ្យសមស្របទៅនឹងប្រវត្តិនៃបទចម្រៀងរបស់អធិរាជសម្លេងមាសស៊ិនស៊ីសាមុត (
ចំប៉ីសៀមរាប)។ ម្យ៉ាងទៀតក៏ ដើម្បីកែលម្អនូវសោភណ្ឌភាពក្រុងសៀមរាបឲ្យក្លាយជាតំបន់ទេសចរណ៍បៃតងក្នុងការឆ្លើយតបទៅនឹងការទទួលជ័យលាភីរំដួលបីទងនិងចំណាត់លេខ១ នៅតំបន់អាស៊ី និងចំណាត់ថ្នាក់លេខ២ នៅលើពិភពលោកដើម្បីបង្កើនការទាក់ ទាញអារម្មណ៍នៃភ្ញៀវទេសចរណ៍ជាតិអន្តរជាតិចូលមកទស្សនាកម្សាន្តនៅលើទឹកដីប្រវត្តិសាស្ត្រកាន់តែច្រើនសំខាន់នៅថ្ងៃខាងមុខនេះខេត្តសៀមរាបនឹងមានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ
២០១៥ ដែលតាមការព្យាករណ៍របស់សហភាពសហព័ន្ធយុវជនកម្ពុជានឹងមានភ្ញៀវចូលមកទស្សនាកម្សាន្ត ៥សែននាក់ ទាំងភ្ញៀវជាតិអន្តរជាតិ ។ ក្នុងនោះដែរលោកឃឹមប៊ុនសុងក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសូមអញ្ជើញលោកប្រធានសមាគមជនជាតិកូរ៉េខេត្តចូលរួមក្នុងខួបលើកទី១៥២ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ឆ្នាំ២០១៥នៅពេលខាងមុខនេះផងដែរ ៕ដោយគឿនវ៉េត



































