ភ្នំពេញ ៖ ហេតុការណ៍គ្រោះអគ្គិភ័យមួយបានកើតឡើងនៅក្នុងការ៉ាសរថយន្តមួយកន្លែង កាលពីវេលាម៉ោង ៣ នឹង ២០ នាទីទៀបភ្លឺថ្ងៃទី ០៣ ខែមីនាឆ្នាំ ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្រុម១៣ ភូមិទួលគោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ ព្រឹត្តិការណ៍នេះបានបំផ្លាញ
អស់រថយន្តចំនួន ៣គ្រឿង នឹងសម្ភារប្រើប្រាស់មួយចំនួនធំទៀត។
យោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថាមុនពេលកើតហេតុ គឺប្រជាពលរដ្ឋបានប្រទះឃើញអណ្តាតភ្លើងឆាបឆេះចេញពីការ៉ាសធ្វើរថយន្តខាងលើ ដូច្នេះ ប្រជាពលរដ្ឋ ក៏បានទូរស័ព្ទប្រាប់សមត្ថកិច្ចដើម្បីសុំរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍បាញ់ពន្លត់ ។ ដោយសារមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបែបនេះកម្លាំងសមត្ថកិច្ចពន្លត់នឹងបង្ការអគ្គិភ័យនៃស្នងការ ដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តរបស់ខ្លួនចំនួន ៤គ្រឿង ចុះទៅអន្តរាគមន៍បាញ់ពន្លត់ភ្លើងដែល កំពុងឆាបឆេះការ៉ាសជួសជុលរថយន្តខាងលើនេះឲ្យរលត់ភ្លាមៗ ដោយមិនមានការរាលដាលធំដុំដល់លំនៅ ដ្ឋាន ប្រជាពលរដ្ឋផ្សេងឡើយ ។
បើតាមម្ចាស់ការ៉ាស់ឈ្មោះ ថៃ ឡេង ភេទស្រី បានលើកឡើងថា អគ្គីភ័យនេះអាចបណ្ដាលមកពីកូនជាងម្នាក់លួចដុត ដែលទើបបានបណ្ដេញចេញកាលពីពេលកន្លងមក ព្រោះយប់កើតហេតុនេះនៅការ៉ាសមិនមាននរណាម្នាក់សម្រាកក្នុងការ៉ាសនេះទេ។ ទោះជាយ៉ាងណានេះគ្រាន់តែជាការសង្ស័យជំហានដំបូងប៉ុណ្ណោះ ការសន្និដ្ឋានពិតប្រកាដគឺរង់ចាំសមត្ថកិច្ចស្រាវជ្រាវសិន។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍នេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៤គ្រឿង ប៉ុន្តែប្រើទឹកអស់ចំនួន ៦ឡាន ទើបអាចគ្របដណ្តប់អណ្តាតភ្លើងទាំងនេះឲ្យរលត់សូន្យសុងទៅវិញបាន ។ ហើគ្រោះអគិ្គភ័យនេះបានបំផ្លាញអស់រថយន្តចំនួន ៣គ្រឿងមានដូចជារថយន្តកូរ៉េចំណុះ២តោនកន្លះចំនួន២គ្រឿង ឡេវាទ័រ (រថយន្តលើកទំនិញ) មួយគ្រឿង និងរថយន្តប៉ាសេរ៉ូមួយគ្រឿងទៀតនៅក្នុងការ៉ាសធ្វើឡាន នឹង សម្ភារមួយចំនួនក៏ត្រូវ ខូចខាតផងដែរ ៕