ចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះក្រុមហ៊ុន Mondul k.Resort Co,.Ltd ដែលមានសណ្ឋាគារ និងរមណីយដ្ឋាន មយ៉ូរ៉ា និងរមណីយដ្ឋាន ឧទ្យានធម្មជាតិ ទឹកជ្រោះប៊ូស្រា ដែលកំពុងសាងសង់ បានសហការជាមួយសាលាខេត្តមណ្ឌលគិរី សាលាក្រុងសែនមនោរម្យ និងមន្ទីរទេសចរណ៍ខេត្ត បានប្រមូលផ្តុំប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងទាំងបី អង្គការក្រៅរដ្ឋាភិបាល លោកគ្រូ អ្នកគ្រូ ក្រុមកាកបាទក្រហម កាយរិទ្ធិ និងសិស្សានុសិស្ស ព្រមទាំងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ប្រមាណជាង៨០០នាក់ មកជួបជុំគ្នានៅរង្វង់មូលគោព្រៃ ដើម្បីប្រារព្ធពិធីសំអាត ទីប្រជុំជន និងរមណីយដ្ឋាន ក្នុងទីក្រុងសែនមនោរម្យ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ក្រោមវត្តមាន ឯ.ឧ យឹម លុច្ស អភិបាលរងខេត្តមណ្ឌលគិរី ហើយពិធីនេះ បានធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី ២៨-២៩ ខែមិនា ឆ្នាំ ២០១៥ ។
ការចូលរួមដោយស្ម័គ្រចិត្ត ពីសំណាក់អាជ្ញាធរខេត្ត មន្ត្រីរាជការគ្រប់ស្ថាប័ន និងសិស្សានុសិស្សទាំងអស់ ពិតជាបានឆ្លុះបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋយើង ពិតជាមានឆន្ទៈ ក្នុងការថែរក្សាសោភ័ណ្ឌភាព បរិស្ថាន សុខមាលភាព កិច្ចការសង្គម និងលើកស្ទួយវិស័យសេដ្ឋកិច្ចទេសចរណ៍ ដើម្បីផលប្រយោជន៍រួម ពិសេសគឺមានការចាប់អារម្មណ៍ ពីជនរួមជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅរមណីយដ្ឋាននានា ម្យ៉ាងទៀត ខេត្តមណ្ឌលគិរី គឺមានអាកាសធាតុល្អបរិសុទ្ធ និងទេសភាពដ៏ស្រស់បំព្រងទៀតផង ។ ទទឹមនឹងនោះដែរ សូមឲ្យប្រជាពលរដ្ឋ និងអជីវករទាំងអស់ ត្រូវចូលរួមសំអាតបរិស្ថាន នៅជុំវិញផ្ទះរបស់យើង ឲ្យបានស្អាតជាងមុនសិន ។
មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ ឯ.ឧ យឹម លុច្ស អភិបាលរងខេត្តមណ្ឌលគិរី បានលើកឡើងថា យើងមិនមែនសំអាតតែថ្ងៃនេះ ឫថ្ងៃស្អែកនោះទេ ហើយក៏មិនមែនសំអាតពីពេលនេះ រហូតដល់ពិធីបុណ្យចូលឆ្នាំ ឫក៏ក្រោយចូលឆ្នាំចប់ យើងឈប់ធ្វើនោះទេ គឺយើងនាំគ្នាសំអាតជារៀងរហូត មិនប្រកាន់ទីកន្លែងណាមួយឡើយ ។ ឯ.ឧបន្តថា ការប្រារព្ធពិធីសំអាតទីប្រជុំជន និងរម្មណីយដ្ឋាន គឺយើងធ្វើដើម្បីឲ្យទីក្រុងរបស់យើង មានសោភ័ណ្ឌភាពល្អ ហើយការសំអាតបរិស្ថាននាពេលនេះ គឺដើម្បីដាស់ស្មារតី របស់ប្រជាពលរដ្ឋទាំងអស់ ។
ពិសេសនូវពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ឯ.ឧ យឹម លុច្ស បានណែនាំដល់កម្លាំងប្រដាប់អាវុធ ត្រូវរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ មានកម្លាំងការពារនៅតាមវត្តអារាម និងតាមរមណីយដ្ឋាននានា ឲ្យបានល្អប្រសើរផងដែរ ។
នៅក្នុងការចូលរួមសំអាតទីប្រជុំជន និងរម្មណីយដ្ឋាន ក្នុងក្រុងសែនមនោរម្យនោះដែរ ក្រុមហ៊ុន Mondul k.Resort Co,.Ltd ក៏នាំយកនូវអាវយឺត និងភេសជ្ជៈ ដើម្បីជូនដល់អ្នកស្ម័គ្រចិត្ត ហើយចំពោះអ្នកដែល មានឆ្នោតនៅក្នុងអាវយឺត គឺបានជិះខ្សែរ៉ត់ នៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដោយឥតគិតប្រាក់ទៀតផង ៕


































