ភ្នំពេញ៖ អ្នកសារពត៌មានបាយ័នម្នាក់ ត្រូវបានមន្ត្រីយោធាស្រវឹងស្រាធ្លាក់ភ្នែក វាយយ៉ាងដំណំ តែត្រូវបានសមត្ថកិច្ច និងអ្នកដំណើរនាំគ្នាឃាត់ គ្រាន់តែសួរនាំរឿងគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូប៉ះជាមួយម៉ូតូបន្តិចបន្តួច បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើននាក់ ចោមរោមមើល
។ ហេតុកាណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧នឹង៥០នាទីយប់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៥ នៅចំណុចស្តុបទួលគោកថ្មី ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមនុស្សប្រុសស្រី២នាក់ ជិះម៉ូតូវ៉េវ ពណ៍ក្រហមលាយខ្មៅមួយគ្រឿង ជិះតាមបណ្តោយផ្លូវ៥កា ទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ ដែលជាមន្ត្រីយោធា បានជិះម៉ូតូស្មាសពណ៍ខ្មៅ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ទាំងស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ក៏បានប៉ះគ្នាជាមួយនឹងម៉ូតូវ៉េវ បណ្តាលឱ្យខ្លួនដួលទៅនឹងថ្នល់ មិនរងរបួសនោះទេ តែភាគីម្ខាងទៀត មិនបានដួលឡើយ ។
ប្រភពបន្តថា ភ្លាមៗនោះភាគីខាងម៉ូតូវ៉េវ បានជួយលើកម៉ូតូ និងសុំទោសមន្ត្រីយោធាម្នាក់នោះ ប៉ុន្តែគេមិនព្រមនិងបានស្រែកឡូឡារជេរប្រមាថថែមទៀតផង ពេលនោះបុរសម្នាក់ជាអ្នកសារពត៌មាន បានជិះមកឃើញដូច្នេះ ក៏បានសួរនាំថា តើមានរឿងអីបង ? ពេលនោះមន្ត្រីយោធាស្រវឹងម្នាក់នោះ បានចង្អុលមុខ និងបានស្រែកសួរថា តើអាហ្អែងចេះស្អី មកពីណា ? គាត់ក៏បានឆ្លើយថា ខ្ញុំជាអ្នកសារពត៌មានបាយ័ន ថែមទាំងបានបង្ហាញកាត់ ដែលកំពុងតែពាក់ឱ្យមើលថែមទៀត ប៉ុន្តែមន្ត្រីយោធាម្នាក់នោះ បានទាញកាតប្រដាច និងវាយមកលើអ្នកសារពត៌មានម្នាក់នោះ យ៉ាងដំណំ និងយកដំថ្ម បំរុងវាយក្បាលទៀតផង តែត្រូវបានសមត្ថកិច្ចមូលដ្ឋាន ដែលនៅជិតនោះ និងអ្នកដំណើរនាំគ្នាឃាត់ភ្លាមៗផងដែរ ។ មិនតែប៉ុណ្ណោះ គឺនៅពេលអ្នកសារពត៌មានដទៃទៀត ដែលបានចុះទៅផ្តិតយករូបភាព នៅកន្លែងកើតហេតុ មន្ត្រីយោធា បានធ្វើអាកប្បកិរិយាច្រងេងច្រងាង ចង្អុលមុខនិងជេរប្រមាថថា អ្នកកាសែតភ្លើ ថែមទៀតផង ។
ក្រោយមកកម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ បានមកអន្តរាគមន៍ និងនាំខ្លួនយោធាម្នាក់នេះ ទៅមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌឬស្សីកែវ ដើម្បីធ្វើការសួរនាំ ។ សូមបញ្ជាក់ថា រាល់យប់អ្នកកាសែត ពេលយប់ កំពុងតែប្រឈមនឹងហានិភ័យ ដោយសារតែនៅពេលចុះទៅយកពត៌មានម្តងៗ បើសិនជាប៉ះចំអ្នកមានអំណាចនោះ បានប្រើពាក្យសម្តីមិនសមរម្យមួយចំនួន ពេលខ្លះអាចប្រើអំពើហិង្សា មកលើពួកគាត់ក៏មានដែរ ដូច្នេះសូមស្ថានប័នពាក់ព័ន្ឋ មេត្តាពិនិត្យមើលត្រង់ចំណុចនេះផង ៕




































