ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋនិងសិស្សសាលាបឋមសិក្សាពង្រស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យសព្វថ្ងៃនេះកំពុងមានការព្រួយបារម្ភអំពីបញ្ហាសុខភាពយ៉ាងខ្លាំងដោយសារក្រុមហ៊ុនដឹកដីរបស់ឈ្មោះញ៉ែមសាវ៉ួនប្រពន្ធលោកទូធៀនតឺដឹកជញ្ជូនដីភ្នំកងវ៉ាកាត់តាមសាលារៀននិងមុខផ្ទះប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃរាប់រយ រថយន្ត។ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថាក្រុមហ៊ុ នញ៉ែមសាវ៉ួនជាក្រុមហ៊ុនមានអំណាចមួយនៅខេត្តបន្ទាយមានជ័យនេះក្រុមហ៊ុននេះគេនៅតែធ្វើសកម្មភាពជីកកកាយដីភ្នំនៅចំណុចភ្នំកងវ៉ាយ៉ាងគគ្រឹកគ្រេងតែដដែល។បើទោះបីបញ្ចប់អាជ្ញាប័ណ្ណអាជីវកម្មកាយដីភ្នំនៅក្រុងសិរីសោភ័ណពីក្រសួងរ៉ែនិងថាមពលបានបញ្ចប់អាជីវកម្មរួចហើយយ៉ាងណាក៏ដោយ។ក្រុមហ៊ុនញ៉ែមសាវ៉ួនកកាយដីភ្នំលក់បែបអាណាធិបតេយ្យនេះកំពុងតែធ្វើសកម្មភាពប្រព្រឹត្តខុសច្បាប់ធ្វើអាជីវកម្មដីភ្នំធម្មជាតិរបស់រដ្ឋហើយ។លោកគ្រូអ្នកគ្រូនិងប្រជាពលរដ្ឋនៅភូមិពង្របានប្រាប់ឲ្យដឹងថាសព្វថ្ងៃនេះពួកគាត់ខ្វល់ខ្វាយយ៉ាងខ្លាំងពីបញ្ហាដីហុយគ្រោះថ្នាក់ចរាចរណ៍របស់សិស្សផងពីព្រោះក្នុងមួយថ្ងៃទៅមួយថ្ងៃមានរថយន្តដឹកដីមិនក្រោម១០០រថយន្តនោះទេបានបើកឆ្លងកាត់មុខផ្ទះនិងក្បែរសាលារៀនបង្កជាដីហុយប៉ះពាល់ដល់សុខភាពនិងបើកលឿននៅពេលសិស្សតូចៗចេញពីសាលារៀនទៅផ្ទះនិងចេញពីផ្ទះមកសាលារៀន ។អស់លោកបានបញ្ជាក់ទៀតថាបញ្ហាប្រឈមទាំងនេះមានរយៈពេលជាច្រើនឆ្នាំមកហើយប៉ុន្តែគេមិនដែលឃើញមានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាជួយដោះស្រាយដល់ប្រជាពលរដ្ឋនោះឡើយការរងផលប៉ះពាល់ពីដីហុយនេះគឺមានមនុស្សចាស់និងកូនក្មេងមួយចំនួនក្នុងភូមិអ្នកខ្លះបានធ្លាក់ខ្លួនក្អករាំរ៉ៃជាបណ្តើរៗ។
ដូច្នេះពួកគាត់សំណូមពរដល់អាជ្ញាធរដែនដីនិងសមត្ថកិច្ចពាក់ព័ន្ធជួយដោះស្រាយផង។ជុំវិញការបន្តធ្វើអាជីវកម្មដីភ្នំកងវ៉ាលោកស៊ុតវឌ្ឍនាប្រធានមន្ទីររ៉ែនិងថាមពលខេត្តបានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី៣០ខែមីនាឆ្នាំ២០១៥ថាអាជីវកម្មកាយដីភ្នំកងវ៉ា របស់ក្រុមហ៊ុនញ៉ែមសាវ៉ួននេះត្រូវបានបញ្ចប់អាជ្ញាប័ណ្ណយូរហើយតែក្រុមហ៊ុនបានស្នើសុំបន្តអាជ្ញាប័ណ្ណទៅក្រសួងរ៉ែនិងថាមពល ដោយខាងក្រសួងគេពុំទាន់ឆ្លើយតបនោះទេ។ចំណែកខាងខេត្តក៏មិនអនុញ្ញាតឲ្យកាយដីភ្នំលក់បន្តទៀតដែរ។ប្រជាពលរដ្ឋបានលើកឡើងទៀតថាក្រុមហ៊ុនញ៉ែមសាវ៉ួនដែលធ្វើអាជីវកម្មដីភ្នំកងវ៉ាជីកកកាយយកអាចម៍ដីនៅជើងភ្នំនោះមានជម្រៅប្រមាណពី១៥ម៉ែត្រ ទៅ២០ម៉ែត្រឯណោះ។ ការបណ្តែតបណ្តោយឱ្យមានការធ្វើអាជីវកម្មកាយដីភ្នំលក់តាមតែអំពើចិត្តបែបនេះគ្មានអ្នកជំនាញមកត្រួតពិនិត្យធ្វើឲ្យបានត្រឹមត្រូវនោះប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងថាថ្ងៃណាមួយភ្នំកងវ៉ាអាចប្រឈមបាក់ដីធ្លាក់ចុះមកក្រោមបង្កគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋជាមិនខានឡើយ៕
គង្គា