បន្ទាយមានជ័យៈ អាជ្ញាធរខេតត្តបន្ទាយមានជ័យ នៃអាណតិ្តលោក គោស៊ុំ សារឿត ជាចៅហ្វាយខេត្ត មិនដល់២ឆ្នាំផងបានធ្វើការដកចេញរូបសំណាក់អភិបាលខេត្ត ដួង ខែម ជិះសេះ និងផ្លាស់ប្តូររូបសំណាក់ជ័យវរ័ន្មទី៧ និងរូបសំណាក់ស្រីគ្រប់លក្ខណ៏នៃរង្វង់មូលដែល
ស្គាលថា ជានិមិត្តសញ្ញាអោយខេត្តបន្ទាយមានជ័យ ។
រូបចម្លាក់ដែលត្រូវអាជ្ញាធរខេត្តផ្លាស់ប្តូរដំបូងមាន រូបចម្លាក់ជ័យវរ្ម័នទី៧ ដោយផ្លាស់រូបចាស់ដែលឈរចង្អុលទៅទិសខាងលិច ជំនួសវិញដោយរូបថ្មីជារូបជ័យវរ្ម័នទី៧ដូចគ្នាដែរ តែធ្វើអំពីថ្មភ្នំអង្គុយសម្មាធិ កាលពីថ្ងៃទី២៧ មីនា ២០១៥ ហើយកាលពីម្សិលមិញ និងថ្ងៃនេះអាជ្ញាធរខេត្តបានបន្តប្រារព្វពិធី តាមបែបសាសនា បន់ស្រន់ដករូបសំណាក់ស្រីគ្រប់លក្ខណ៍ នៃរង្វង់មូលស្រីគ្រប់លក្ខណ៍ កសាងឡើងក្នុងអំឡុងឆ្នាំ១៩៩៣ ដោយអភិបាលខេត្ត ដួង ខែម ។ ក្រៅពីនោះនៅរូបសំណាក់មួយទៀត ដែលស្ថិតនៅត្រង់រង្វង់មូលមុខសាលាខេត្ត គឺរូបសំណាក់អវតារលោកិស្វរៈព្រហស្ថ៣២ ដែលធ្វើឡើងថ្មីៗក្នុងអំឡុងឆ្នាំ២០០៨ នាសម័យលោក អន ស៊ុំ ជាអភិបាលខេត្ត ។ រង្វង់មូលនេះត្រូវបានប្រជាពលរដ្ឋរិះគន់ សាងសង់មិនចំទីតាំងជារង្វង់មូល ធ្វើអោយគ្រោះថ្នាក់ចរាចរកើតឡើងជារៀងរាល់ថ្ងៃ ។
ជាមួយនិងការផ្លាស់ប្តូរ និងដករូបសំណាក់នានាទាំងអស់នេះមានមតិមហាជនជាច្រើនយល់ខុសគ្នាថា អាជ្ញាធរខេត្តសម័យនេះ មិនគួរណាលុបបំបាត់ស្នាដៃអ្នកចាស់នោះទេ គួរតែបង្កើតថែមអោយបានច្រើនទុកជាស្នាដៃ អោយក្មេងជំនាស់ក្រោយបានស្គាល់ ព្រោះថា ខេត្តនេះខ្វះការបង្កើតថ្មីច្រើនណាស់ ។ ហើយអ្វីដែលប្រជាពលរដ្ឋមើលឃើញពីស្នាដៃ អភិវឌ្ឍរបស់ចៅហ្វាយខេត្តទាំង៨ នៃខេត្តបន្ទាយមានជ័យ គឺមានតែចៅហ្វាយខេត្ត ដួង ខែម និង អ៊ុង អឿន តែប៉ុណ្ណោះដែលបានបង្កើតនូវសមិទ្ធផលថ្មី ៗ ជាច្រើនដូចជាភ្លើងស្ទុប រូវសំណាក់ទាញព្រ័ត្រ ភ្លើងបំភ្លឺផ្លូវ ដាំដើមរាជ សងខាងផ្លូវ ការប្រារព្វបុណ្យប្រពៃណី បណ្តែតប្រទីត អកអំបុក សំពះព្រះខែ ។
លោក គោស៊ុំ សារឿត បានថ្លែងថា មូលហេតុដែលសម្រេចផ្លាសប្តូររូបសំណាក់ចាស់ ដាក់ថ្មី ព្រោះរូបចម្លាក់មុន ត្រូវបានកសាងអំពីស៊ីម៉ង់ដែលមានភាពចាស់ទើបបានប្តូរដាក់រូបចម្លាក់ធ្វើអំពីថ្មភក់ជំនួសឲ្យមានភាពរឹងម៉ាំង និងកែលំអខឿនថ្មីឲ្យមានសោភ័ណភាពល្អផងដែរ ៕
អ ពៅ



































